ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាថា ភាសាបារាំងល្អប្រសើរ សម្រាប់យុវជន បន្តការសិក្សា
  • ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាថា ភាសាបារាំងល្អប្រសើរ សម្រាប់យុវជន បន្តការសិក្សា
front លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ រូបពី ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ នៅទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៥ កាលពីថ្ងៃទី២១ ខែមីនា លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចាត់ទុកការសិក្សាភាសាបារាំង ជាជម្រើសល្អប្រសើរ សម្រាប់យុវជន ក្នុងការបន្តការសិក្សា ខណៈឯកសារនានា មានជាភាសាបារាំង ហើយក៏ជាឱកាសសម្រាប់បន្តការសិក្សា នៅតាមបណ្ដាប្រទេសហ្វ្រង់កូហ្វូនី ដែលនិយាយភាសាបារាំង។ យោងតាមការចេញផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

TTN-Free-Banner-In-Article-PC

ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៥ រៀបចំឡើងក្រោមប្រធានបទ «ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ! ការអប់រំកសាងពលរដ្ឋប្រកបដោយមនសិការ និងមានបំណិន ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពលោក» នៅភ្នំពេញ ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងអង្គទូតផ្សេងទៀត មន្ត្រីរាជការ គ្រូបង្រៀន និស្សិត បានចូលរួមប្រមាណ ១ ៦០០នាក់។ 

លោក Jacques PELLET មើលឃើញពីការ សម្ដែងរបាំប្រជាប្រិយ ចម្រៀងសម័យ និងការ​សម្ដែងរឿងខ្លី ជាភាសាបារាំង ក្នុងពិធីប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី បង្ហាញពី​ភាពច្នៃ​ប្រ​ឌិត ព្រមទាំងវប្បធម៌ដ៏សម្បូរបែប ដែលផ្សារភ្ជាប់នឹងភាសាបារាំង តាមរយៈអក្សរសិល្ប៍ តន្ត្រី និងសិល្បៈយ៉ាងល្អឥតខ្ចោះ។ លោកវាយតម្លៃ ពីការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី នាឱកាសនេះ ជាការបង្ហាញនូវឧត្តមភាពកម្ពុជា ដែលនឹងក្លាយជាម្ចាស់ផ្ទះ ក្នុងការរៀប​ចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខ។ 

ជាមួយគ្នាដែរ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើការសិក្សាភាសា​បារាំង​យ៉ាងដូច្នេះ។ «ការសិក្សាភាសាបារាំង គឺជាជម្រើសដ៏ប្រសើរមួយ ជាភាសាអនាគត​សម្រាប់យុវជន ក្នុងការសិក្សាស្វែងយល់ឯកសារនានាជាភាសាបារាំង និងជាឱកាស​សម្រាប់ពួកគេ ក្នុងការបន្តការសិក្សានៅតាមបណ្ដាប្រទេសហ្វ្រង់កូហ្វូនី ក្នុងនោះនិស្សិត​រាប់ពាន់នាក់បានបន្ត ការសិក្សាជំនាញឯកទេសផ្សេងៗ នៅប្រទេសបារាំងរួមមាន ផ្នែក​វេជ្ជសាស្ត្រ ស្ថាបត្យកម្ម ច្បាប់ វិស្វកម្ម ភាសាជាដើម»។ 

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ រូបពី ក្រសួងអប់រំ 

ថ្លែងក្នុងទិវាអន្តរជាតិហ្វ្រង់កូហ្វូនី លោក ហង់ជួន ណារ៉ុន ក៏បានកត់សម្គាល់ដែរថា ការ​ប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនីឡើង បង្ហាញនូវការប្តេជ្ញាចិត្តកម្ពុជា និងសាមគ្គីភាពយ៉ាង​ស៊ីជម្រៅ ជាមួយពិភពនៃភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះជាតិសាសន៍ ជា​ពិសេស​យុវជនជំនាន់ក្រោយ។ លោកចាត់ទុក យុវជន ជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍ និងអនាគតនៃភាសាបារាំង។ 

រដ្ឋមន្ត្រី វាយតម្លៃ ពីភាសាបារាំង ជាឧបករណ៍សម្រាប់ទទួលនិងផ្សព្វផ្សាយចំណេះដឹង, ការ​ទំនាក់ទំនងរបស់មនុស្សជាតិ, ការបើកឱកាសសម្រាប់សកលលោក រួមទាំងការផ្តល់​ឱកាសដើម្បីផ្លាស់ប្តូរការគិត, ការផ្សព្វផ្សាយ និងការកសាងអនាគតរួមគ្នា ប្រកប​ដោយ​សាមគ្គីភាព សេរីភាព និងការគោរពគ្នាទៅវិញទៅមក។ 

លោក ហង់ជួន ណារ៉ុន អះអាងថា កម្ពុជាមានមោទនភាពលើឆាកអន្តរជាតិ តាមរយៈការ​គាំទ្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ជា​ប្រវត្តិ​សាស្ត្រ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ នេះជា ព្រឹត្តិការណ៍​អន្តរជាតិធំលើកទីពីរ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោយរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ពីត្រូវ​បានរៀបចំឡើងជាលើកទី១ក្នុងឆ្នាំ ១៩៩៧ នៅទីក្រុងហាណូយ ប្រទេសវៀត​ណាម។

​លោក Jacques PELLET ក៏បានចាត់ទុក ព្រឹត្តិការណ៍ ហ្វ្រង់កូហ្វូនី ជាការផ្សារភ្ជាប់ទំនាក់​ទំនងប្រវត្តិសាស្រ្តរួមគ្នានៃប្រទេសទាំងពីរ និងមានពង្រឹងកិច្ចសហប្រតិបត្តិការនេះ ឱ្យបាន​រឹងមាំបន្តទៅទៀត។ 

សូមជម្រាបថា ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជា​ព្រឹតិ្តការណ៍ដ៏សំខាន់ ក្នុងការបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា។ ចំណែក កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី (Sommet de la Francophonie) ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី មានតាំងពីឆ្នាំ១៩៨៦។ នៅឆ្នាំ២០២៦ខាងមុខនេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី៕ 

អត្ថបទទាក់ទង
 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី