ព្រះអង្គ ហាក់ សៀងហៃ ស្នើអ្នកប្រើ​បណ្ដាញសង្គម ​​សរសេរនិងផ្ទៀងផ្ទាត់ភាសាខ្មែរ​ឱ្យត្រឹមត្រូវ
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ព្រះអង្គ ហាក់ សៀងហៃ ស្នើអ្នកប្រើ​បណ្ដាញសង្គម ​​សរសេរនិងផ្ទៀងផ្ទាត់ភាសាខ្មែរ​ឱ្យត្រឹមត្រូវ

ភ្នំពេញ៖ ព្រះតេជគុណ ហាក់ សៀងហៃ ព្រះសង្ឃនៃសមាគមពុទ្ធសាសនា​ដើម្បី​ការ​អប់រំ​កម្ពុជា ដែលមនុស្សភាគច្រើនស្គាល់ព្រះអង្គ​តាមរយៈវីដេអូ​បង្រៀន​លើបណ្ដាញ​សង្គម។​ ក្នុង​នាមជាអ្នកអប់រំមួយអង្គ ព្រះតេជគុណ ហាក់ សៀងហៃ តែងប្រយ័ត្នប្រយែង និងផ្ទៀង​ផ្ទាត់ជានិច្ចចំពោះការបង្ហោះសំណេររបស់ព្រះអង្គ លើបណ្ដាញសង្គម។

TTN-Free-Banner-In-Article-PC

«ទាក់ទងនឹងសំណេរអាត្មាបង្ហោះ ទាំងឃ្លាឃ្លោងក្ដី សំណេរអប់រំក្ដី សារនានាតាមបណ្ដាញ​សង្គម ពេលសរសេរអាត្មាប្រយ័ត្នប្រយែងបំផុត ប្រិតប្រៀង ពិនិត្យមើលអក្ខរាវិរុទ្ធ​ផ្ទៀងចុះ​ផ្ទៀងឡើង មើលពាក្យពេចន៍ផង ឃ្លាឃ្លោងល្បះ ខ្លាចខុសអក្ខរាវិរុទ្ធ។ ម្យ៉ាងអាត្មា​ជាអ្នក​អប់រំគេផង អ៊ីចឹងចាំបាច់ត្រូវមានភាពជាគំរូ»។ នេះជាសង្ឃដីការបស់ព្រះតេជគុណ ហាក់ សៀងហៃ ដែលបញ្ជាក់ថា ព្រះអង្គមានទម្លាប់ប្រិតប្រៀង និងផ្ទៀងផ្ទាត់ជានិច្ច មិនថាជា​សំណេរអត្ថបទវែង ឬសរសេរខ្លីនោះឡើយ។

ព្រះតេជគុណ ហាក់ សៀងហៃ មានថេរដីកាថា បណ្ដាញសង្គម មានឥទ្ធិពលក្នុងសង្គម។ ដូច្នេះគ្រប់យ៉ាងដែលបង្ហោះលើបណ្ដាញសង្គម ចាំបាច់ត្រូវពិនិត្យ ផ្ទៀងផ្ទាត់ជានិច្ច ពិសេសអក្សរសាស្រ្តខ្មែរ ត្រូវសរសេរឱ្យបានត្រឹមត្រូវ ជៀសវាងកំហុសអក្ខរាវិរុទ្ធ។ សូម្បី​ព្រះតេជគុណផ្ទាល់ ក៏តែងតែពិនិត្យវចនានុក្រម ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ពិសេសមុន​ពេលបង្ហោះលើបណ្ដាញសង្គម។

យ៉ាងណា ព្រះតេជគុណ ហាក់ សៀងហៃ លើកទឹកចិត្តដល់យុវជន អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ត្រូវមានស្មារតីជាតិ និងស្រឡាញ់អក្សរសាស្រ្តជាតិ នាំគ្នាសរសេរអក្សរខ្មែរឱ្យបាន​ត្រឹមត្រូវ កាត់បន្ថយកំហុសអក្ខរាវិរុទ្ធ ដើម្បីបង្ហាញពីចំណេះដឹង និងចូលរួមអភិរក្ស​អក្សរ​សាស្រ្ត​ខ្មែរផងដែរ។

ព្រះតេជគុណ ហាក់ សៀងហៃ មានថេរដីកាយ៉ាងដូច្នេះថា៖ «ពីមុនឃើញមានបញ្ហាច្រើន​ដូចជាសរសេរ​ឡាតាំងសំនៀងខ្មែរ សរសេរច្រើនពីមុនៗ ឥឡូវ គាត់ដូចជាយល់ច្បាស់​ច្រើនជាងមុន ពីហានិភ័យនៃការសរសេរឡាតាំង សំនៀងខ្មែរនោះ មិនសូវឃើញមានទេ។ ប៉ុន្តែឥឡូវនាំគ្នាផ្តោតលើខ្មែរហើយ។ តែសូមឱ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។ យើងដឹងទាំង​អស់​គ្នាហើយថា ភាសាខ្មែរ អក្សរសាស្រ្តជាតិខ្មែរ ជាអត្តសញ្ញាណ ជាដួងព្រលឹងជាតិយើង»។

មានទឹកព្រះទ័យស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចង់អភិរក្សអក្សរជាតិ ព្រះតេជគុណ ហាក់ សៀងហៃ បានចូលរួមលើកកម្ពស់ និងពង្រឹកអក្សរសាស្រ្តខ្មែរ តាមរយៈការផលិតវីដេអូ​បង្រៀន​តាមបណ្ដាញសង្គមហ្វេសប៊ុក និងចូលរួមក្នុងកម្មវិធីអប់រំផ្សេងៗផងដែរ។ កន្លងមក​កម្មវិធីសរសេរតាមអានជាសាធារណៈ សំណេរអង្គរ ក៏ព្រះអង្គចូលរួមផ្តល់បច្ច័យដើម្បី​លើកទឹកចិត្តបេក្ខជនជ័យលាភីផងដែរ៕


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ