តៃវ៉ាន់ សន្យាទិញឧស្ម័នហ្គាស​ពី​រដ្ឋ​អាឡាស្កា ដើម្បីថ្មមចិត្តអាមេរិកកុំឲ្យដំឡើងពន្ធគយចំពោះវិស័យ​សឺមីកុងឌុកទ័រ
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
តៃវ៉ាន់ សន្យាទិញឧស្ម័នហ្គាស​ពី​រដ្ឋ​អាឡាស្កា ដើម្បីថ្មមចិត្តអាមេរិកកុំឲ្យដំឡើងពន្ធគយចំពោះវិស័យ​សឺមីកុងឌុកទ័រ
តៃវ៉ាន់ សន្យាទិញឧស្ម័នហ្គាសពីរដ្ឋអាឡាស្កាដើម្បីថ្មមចិត្តអាមេរិកកុំឲ្យដំឡើងពន្ធគយចំពោះវិស័យសឺមីកុងឌុកទ័រ AP - ChiangYing-ying

ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ (RFI ខេមរភាសា)

ក្នុងសប្តាហ៍នេះ តៃវ៉ាន់ បានចុះហត្ថលេខាទិញឧស្ម័នហ្គាសពីរដ្ឋអាឡាស្កា របស់សហរដ្ឋ អាមេរិក។ កិច្ចព្រមព្រៀងទិញឧស្ម័ននេះ ដើម្បីលួងចិត្តរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កុំឲ្យ ដំឡើងពន្ធគយចំពោះវិស័យសឺមីកុងឌុកទ័ររបស់តៃវ៉ាន់។ ពិធីចុះហត្ថលេខារបស់ក្រុមហ៊ុន ប្រេងឥន្ធនៈនិងឧស្ម័នរបស់ប្រទេសទាំងពីរ បានធ្វើឡើងអំឡុងពេលប្រជុំ សភាពាណិជ្ជកម្ម អាមេរិក នៅទីក្រុងតៃប៉ិ ដោយមានការចូលរួមពីសំណាក់ប្រធានាធិបតីតៃវ៉ាន់ និង លោក អភិបាលរដ្ឋអាឡាស្កា។

កិច្ចព្រមព្រៀងទិញឧស្ម័នហ្គាសពីរដ្ឋអាឡាស្កា ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធគយ ១០០ភាគរយ លើវិស័យសឺមីកុងឌុកទ័ររបស់តៃវ៉ាន់ កាលពីដើមខែមីនា កន្លងទៅ។ នាពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុងតៃប៉ិ ក៏បានប្រកាសបណ្តាក់ទុន ក្នុងទំហំទឹកប្រាក់ប្រមាណ ១០០ពាន់លានដុល្លារ បង្កើតរោងចក្រផលិតបន្ទះឈីប នៅលើទឹកដីអាមេរិក ដើម្បីបន្តទំនាក់ទំនងល្អ និងថ្មមចិត្តរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កុំឲ្យដំឡើងពន្ធគយលើទំនិញរបស់ខ្លួននាំចូលទឹកដីអាមេរិក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតៃប៉ិ រដ្ឋមន្រ្តីសេដ្ឋកិច្ចតៃវ៉ាន់បានលើកឡើងថា ក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនប្រេងឥន្ធនៈនិងឧស្ម័នរបស់រដ្ឋាភិបាលតៃវ៉ាន់ Chinese Petroleum Corporation សន្យាទិញឧស្ម័នហ្គាសពីរដ្ឋអាឡាស្កា ដើម្បីផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាពនាពេលអនាគត នៅតៃវ៉ាន់។ 

រីឯលោកប្រធានាធិបតីតៃវ៉ាន់ ឡៃ ឈីងទឿ បានប្រកាសក្នុងអំឡុងពេលប្រជុំនៅសភាពាណិជ្ជកម្មអាមេរិក នៅតៃវ៉ាន់ថា ឧស្ម័នហ្គាសធម្មជាតិអាចឆ្លើយតបនឹងតម្រូវការនិងអាចធានាដល់សន្តិសុខថាមពលរបស់តៃវ៉ាន់។ ចំពោះការផ្គត់ផ្គង់ និង ការវិនិយោគ រវាងប្រទសទាំងពីរ ត្រូវពិភាក្សាលម្អិតនាពេលក្រោយ។ ក្រៅពីតៃវ៉ាន់ ប្រទេសនៅតំបន់អាស៊ីដទៃទៀត ដូចជា កូរ៉េខាងត្បូង ជប៉ុន និង ហ្វីលីពីន ក៏ចង់ទិញឧស្ម័នហ្គាសពីរដ្ឋឡាស្កាដែរ។

អំឡុងដំណើរទស្សនកិច្ចនៅអាស៊ី លោក អភិបាលរដ្ឋអាឡាស្កា លោក Mike Dunleavy បានដឹកនាំក្រុមហ៊ុនប្រេងឥន្ធនៈនិងឧស្ម័នអាមេរិក ទៅតៃវ៉ាន់ រយៈពេលបីថ្ងៃ។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលទីក្រុងតៃប៉ិ ឲ្យវិនិយោគលើវិស័យថាមពលនៅរដ្ឋអាឡាស្កា ក្នុងក្របខណ្ឌគម្រោងឧស្ម័នហ្គាសរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ សូមបញ្ជាក់ថា នេះជាគម្រោងបណ្តាញបំពង់ឧស្ម័នហ្គាសចាស់ ដែលមានចម្ងាយប្រមាណ ១៣០០ គីឡូម៉ែត តភ្ជាប់ពីភាគខាងជើងរដ្ឋអាឡាស្កាដល់កំពង់ផែនៅភាគខាងត្បូងរដ្ឋអាឡាស្កា។ 

ជាធម្មតា ការដឹកឧស្ម័នហ្គាសតាមនាវាទៅតំបន់អាស៊ី ត្រូវចំណាយពេល ពី៧ថ្ងៃ ទៅ ៩ថ្ងៃ។ ក្រោយពីមានការគាំទ្រពីលោក ដូណាល់ ត្រាំ គម្រោងនេះក៏បានចាប់ផ្តើមដំណើរការឡើងវិញ​ ដោយមានការវិនិយោគពីក្រុមហ៊ុនរដ្ឋអាឡាស្កា Gasline Development Corporation ដែលមានទំហំទឹកប្រាក់ ប្រមាណជាង៤០ពាន់លានដុល្លារ។

សូមបញ្ជាក់ថា តៃវ៉ាន់នាំចូលឧស្ម័នហ្គាស ចំនួន ៣៨ភាគរយ ពីអូស្ត្រាលី ២៥ភាគរយ ពីកាតា និងប្រមាណជិត ១០ភាគរយ ពីអាមេរិក៕


© រក្សាសិទ្ធិដោយ thmeythmey.com

Other