ចំណាត់ថ្នាក់ ឬកម្រិត Grade A B ឬ C តើនរណាជាអ្នកដាក់ឲ្យកីឡាករគុនខ្មែរ?
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
ចំណាត់ថ្នាក់ ឬកម្រិត Grade A B ឬ C តើនរណាជាអ្នកដាក់ឲ្យកីឡាករគុនខ្មែរ?

អ្នកគាំទ្រ តែងហៅកីឡាករគុនខ្មែរដែលខ្លាំង និងមានប្រជាប្រិយភាពថា នៅចំណាត់ថ្នាក់ ឬនៅកម្រិត A (Grade A) ឬ Grade B ទៅតាមការយល់ឃើញរបស់ពួកគេ។ តើចំណាត់ ថ្នាក់ ឬកម្រិតទាំងនោះ នរណាជាអ្នកដាក់ឲ្យកីឡាករ? តើមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ដែល ចាត់ទុកកីឡាករណាមួយ ជា Grade A, B ឬក៏ Grade C? លោក ស្រ៊ី ស្រេង អ្នកផ្គូរផ្គង កីឡាករ (Promoter) ដែលត្រូវបានអ្នកគាំទ្រគុនខ្មែរស្គាល់ថា លោក សំណព្វ បាននិយាយ ថា ចំណាត់ថ្នាក់កីឡាករគុនខ្មែរ គឺដាក់តាមការយល់ឃើញពីអ្នកគាំទ្រ ទៅលើកម្រិត បច្ចេកទេស និងគុណផលផ្ទាល់របស់កីឡាករ ប៉ុន្ដែមិនមានការទទួលស្គាល់ជាផ្លូវការ ឡើយ។

TTN-Free-Banner-In-Article-PC

អ្នកគាំទ្រជាច្រើន ស្គាល់ច្បាស់កីឡាករល្បីៗ និងខ្លាំងៗ របស់កម្ពុជា ដែលកីឡាករទាំង នោះមាន ធឿន ធារ៉ា, ព្រំ សំណាង, ឈឿង ល្វៃ, ធន់ រិទ្ធី, ម៉ឺន មេឃា, អេអាំម៉ារីន ភូថង, យ៉េន ឌីណា, រឿង សុភ័ណ្ឌ ។ល។ ក្រៅពីនេះ នៅមានកីឡាករផ្សេងទៀត អ្នកគាំទ្រ យល់ថាពួកគេ ក៏ជាលំដាប់ជួរមុខរបស់កីឡាគុនខ្មែរ ដែលមានបច្ចេកទេសល្អ តាម ប្រភេទទម្ងន់របស់ពួកគេ។ កីឡាករគុនខ្មែរ ត្រូវបានគេចាត់ចំណាត់ថ្នាក់ ទៅជាកម្រិត A B C (Grade A, B, C)។ ឧទាហរណ៍ ធឿន ធារ៉ា ជាកីឡាករ Grade A របស់កម្ពុជា ជាដើម។

តើពាក្យ «Grade» នេះ សម្ដៅលើអ្វី? 

ផលិតផលល្អ ដូចជាស្បែកជើង សម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងៗ​ដែលមាន​គុណ​ភាព​ល្អខ្លាំង ត្រូវបានគេចាត់ទុកថា Grade A។ ដូចគ្នាដែរ កីឡាករគុនខ្មែរ ដែលមាន​គុណ​ភាព បច្ចេកទេស​ល្អ ព្រមទាំងសមត្ថភាពខ្ពស់ គឺត្រូវបានអ្នកគាំទ្រ ចាត់ទុកថាជាកីឡាករ Grade A។

តើនរណាជាអ្នកឲ្យចំណាត់ថ្នាក់ទៅកីឡាករគុនខ្មែរ? តើចំណាត់ថ្នាក់នោះ ត្រូវបានឲ្យជាលក្ខណៈផ្លូវការដែរឬទេ?

អ្នកគាំទ្រ និងអ្នកតាមដានគុនខ្មែរ គឺជាអ្នកដាក់ចំណាត់ថ្នាក់ ​កីឡាករ​ទាំងនោះ ហើយ​ការ​ចំណាត់​ថ្នាក់នេះ មិនមានការទទួលស្គាល់ជាផ្លូវការទេ ពីសហព័ន្ធកីឡាប្រដាល់​គុនខ្មែរ ឬ​ស្ថាប័នពាក់ព័ន្ធដូចជាក្រសួងអប់រំ យុវជន និងកីឡា ឬក៏គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា​។ នេះបើតាមការពន្យល់របស់ លោក ស្រ៊ឺ ស្រេង។ Promoter រូបនេះ ប្រាប់បន្ថែមថា ការឲ្យចំណាត់ថ្នាក់កីឡាករ គឺមិនមានអ្វីវាស់វែង ឬក៏មានលក្ខណៈវិនិច្ឆ័យ តាមក្បួនច្បាប់​ណាឡើយ។ 

លោក ស្រ៊ឺ ស្រេង ព​ន្យល់ដូច្នេះ៖ «ការឲ្យកម្រិតកីឡា គឺស្ថិតទៅលើការយល់ឃើញរបស់​យើងទេ។ ឧទាហរណ៍ កីឡាករគីឡូ៦០ ម្នាក់ ក្នុងចំណោម ១ ទៅ ៣ ឬ១ ទៅ៥ អ្នកណា​ដែល​ល្អ គឺគេចាត់ទុកថា A អ៊ីចឹងទៅ។ ប៉ុន្ដែយើងគ្មានម៉ែត្រណា មកវាស់ទេ។ នេះ គឺជា​រឿង​ចាំបាច់ ដែលយើងត្រូវការស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ឬក៏ស្ថាប័ន្ធសហព័ន្ធ។ ប្រសិនជា​សហព័ន្ធ គាត់ថា៥នាក់នេះ គីឡូ ៦០ កម្រិត A ហើយ ៥នាក់ទៀត កម្រិត B ទើបយើង​ហៅតែម្ដង។ ប៉ុន្ដែសព្វថ្ងៃនេះ គឺគ្រាន់តែជាការយល់ឃើញរបស់ពួកយើងទេ។»។

ជាឧទាហរណ៍ នៅអឺរ៉ុប ពានរង្វាន់ ballon d'or ត្រូវបានឲ្យទៅលើកីឡាករបាល់ទាត់ ដែលល្អជាងគេ។ ចំណាត់ថ្នាក់ពិភពលោក លើវិញ្ញាសាកីឡាមួយចំនួនផ្សេងទៀត បាន​ពីការស្ទង់មតិតាមប្រព័ន្ធ Online (Survey) ដែលមានការបោះឆ្នោត ចូលរួមពីអ្នក​សារព័ត៌មានកីឡា និងប្រព័ន្ធផ្សព្វផ្សាយ ដោយផ្អែកលើកំណត់ត្រា និងគុណផលកីឡា ដែលអត្ដពលិកអន្ដរជាតិទាំងនោះ បានចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិ។

តាមរយៈរូបភាពទាំងនេះ លោក ស្រ៊ឺ ស្រេង យល់ថា ស្ថាប័នកីឡានៅកម្ពុជា ឬ​​សហព័ន្ធ​កី​ឡាប្រដាល់គុនខ្មែរ គួររៀបចំឲ្យការស្ទង់មតិជាផ្លូវការ ​សម្រាប់ចំណាត់ថ្នាក់​របស់​កីឡាករ​គុន​ខ្មែរទាំងនោះ ថាតើកីឡាករណា ស្ថិតក្នុងកម្រិតណា។

«សព្វថ្ងៃស្រុកយើង គួរតែមាន​ស្ថាប័ន ធ្វើការងារផ្នែកគុនខ្មែរបោះឆ្នោតដែរ ថាកីឡាករណា​ដែរល្អបំផុត កីឡាករណាដែលកម្រិត A កម្រិត B ឬកម្រិត C។»។ លោក សំណព្វ បាន​និយាយដូច្នេះ៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា