កញ្ញា ឈៀង ម៉េងហ័រ  ចូលរួមជាយុវជនស្ម័គ្រចិត្ត ដើម្បីការអប់រំកុមារ ក្នុងសហគមន៍
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
កញ្ញា ឈៀង ម៉េងហ័រ  ចូលរួមជាយុវជនស្ម័គ្រចិត្ត ដើម្បីការអប់រំកុមារ ក្នុងសហគមន៍

ភ្នំពេញ៖ កញ្ញា ឈៀង ម៉េងហ័រ ជាអ្នកស្ម័គ្រចិត្តយុវតារា ក្នុងគោលដៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងបំពេញបេសកកម្មក្នុងគម្រោងផ្សព្វផ្សាយ ផែនទីសហគមន៍ និងកុមារក្រៅសាលា។ បេសកកម្មរបស់យុវតីរូបនេះ  គឺជំរុញលើការអប់រំកុមារក្នុងសហគមន៍ យុទ្ធនាការចំណីអាហារ និងបង្កើតថ្នាក់អំណានជាដើម។

TTN-Free-Banner-In-Article-PC

កញ្ញា ឈៀង ម៉េងហ័រ ជាយុវជន ដែលបានបញ្ចប់ការសិក្សាជំនាញរចនា និងគូរប្លង់សួនច្បារ ពីប្រទេសវៀតណាម។ ម៉េងហ័រ ជាអ្នកខេត្តកំពង់ធំ។ បច្ចុប្ប ន្ន យុវតីវ័យ២៤ឆ្នាំរូបនេះ កំពុងចូលរួមជាយុវជនស្ម័គ្រចិត្ត ក្នុងគោលដៅនៃខេត្តកំពង់ធំផ្ទាល់។ កញ្ញា ឈៀង ម៉េងហ័រ បានចូលរួមការងារជាយុវជនស្ម័គ្រចិត្តបានរយៈពេល៩ខែមកហើយ។ ការងារដំបូង ដែល យុវតីរូបនេះ បានចូលរួមចំណែកក្នុងសហគមន៍គឺ បង្កើតទំនាក់ទំនងជាមួយដៃគូសហគមន៍ តាមមូលដ្ឋានដូចជា ភូមិឃុំ សាលារៀនជាដើម។ ក្នុងគម្រោង កញ្ញា បានគូរផែនទីសហគមន៍ដើម្បីស្វែងយល់ពីសិស្សគោលដៅ ដូចជា សិស្សរៀនយឺត ហួសអាយុ និងកុមារបោះបង់ការសិក្សាជាដើម។ 

ក្រៅពីគម្រោងផែនទីសហគមន៍ គឺមានយុទ្ធនាការប្រមូលសិស្សចូលរៀន យុទ្ធនាការចំណីអាហារជាដើម។ ក្នុងនាមជាយុវជនស្ម័គ្រចិត្ត ម៉េងហ័រ បានចុះជួបផ្ទាល់ជាមួយកុមារ ក្នុងគ្រួសារដែលមានបញ្ហា ពិបាកទទួលបានការអប់រំផងដែរ។ ជាមួយនឹងការលើកទឹកចិត្ត ម៉េងហ័រ បានបើកកម្មវិធីសិក្សាថ្នាក់បំប៉នដូចជាមុខវិជ្ជា ភាសាខ្មែរ  គណិតវិទ្យា និងភាសាអង់គ្លេស។ ចំពោះថ្នាក់អំណាន គឺជាប្រភេទថ្នាក់អំណានចល័ត ក្នុងភូមិជារៀងរាល់ចុងសប្តាហ៍។ 

បន្ថែមពីនេះ យុវតារា បានបង្កើត និងពង្រឹងក្លឹបយុវជន ដែលជាកុមារ និងក្មេងវ័យជំទង់ អាចជួយសម្រួលការងារក្រុមយុវជនស្ម័គ្រចិត្តផង និងធ្វើជាកុមារគំរូផងដែរ។ ជាក់ស្តែងក្លឹបយុវជន ដែលកញ្ញា ដឹកនាំសិទ្ធិជាក្មេងស្រី។ យុវជនស្ម័គ្រ បានជួយបណ្តុះបណ្តាលពួកគេបន្ថែម ឱ្យក្លាយជាអ្នកដឹកនាំ ក្នុងសហគមន៍។ 

កញ្ញា លើកឡើងបែបនេះ៖ «ការងារស្ម័គ្រចិត្ត គឺជាដែលពោរពេញដោយក្តីស្រឡាញ់ និងចែករំលែក។ ក្នុងនោះដែរវាជាទីកន្លែងមួយដែលពង្រឹងសមត្ថភាព និងអភិវឌ្ឍសមត្ថភាពរបស់យើង ហើយសំឡេងរបស់យើងនឹងបន្លឺឡើង តាមរយៈចូលរួមក្នុងកម្មវិធីសង្គម ជួយដល់សហគមន៍ អភិវឌ្ឍសហគមន៍ដូចម្តេច។»

តាមរយៈការងារនេះ កញ្ញា ឈៀង ម៉េងហ័រ ទទួលបានបទពិសោធជាច្រើន មានភាពក្លាហាន ទទួលបានទំនាក់ទំនងល្អជាមួយដៃគូសហគមន៍។ កុមារមានស្នាមញញឹម ម៉េងហ័រ ចង់ឲ្យកុមារដែលត្រូវការជំនួយ តាមរយៈការអប់រំទាំងនោះ កាន់តែប្រសើរជាងមុន និងចង់ឲ្យពួកគេមានសមត្ថភាព ចំណេះដឹងគ្រប់ៗគ្នា៕ 


អ្នកសរសេរអត្ថបទ

កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន