- ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៥៩ នាទី យប់

ភ្នំពេញ៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតាំងជាប្រធាន ក្រុមប្រឹក្សាជាតិផ្ដល់ឋានៈសាស្ត្រាចារ្យ រីឯ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធានអចិន្ត្រៃយ៍។
យោងតាម អនុក្រឹត្យតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្ត្រាចារ្យនៅកម្ពុជា ចេញដោយសម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣មករា បង្ហាញពី សមាសភាពក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្ត្រាចារ្យនៅកម្ពុជា មានទាំងអស់ ១០រូប។
សមាសភាពក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្ត្រាចារ្យនៅកម្ពុជា មានប្រធានមួយរូប និងអនុប្រធានចំនួន៤រូប។ ក្នុងចំណោម អនុប្រធានទាំង៤ មានរដ្ឋមន្ត្រីក្រសួងអប់រំ ជាអនុប្រធានអចិន្ត្រៃយ៍ ហើយបីរូបទៀត គឺលោក ហ៊ីន ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី, លោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ និងលោក ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
សមាជិក៥រូបទៀត មាន លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ, លោក យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល,លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, លោក សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងលោក ហេង គ្រេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃក្រសួងអប់រំ។
សមាសភាពក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្ត្រាចារ្យនៅកម្ពុជា ភាគច្រើនជា បណ្ឌិតសភាចារ្យ និងសាស្រ្តាចារ្យ៕