កម្ពុជាជាប្រទេសគំរូមួយសម្រាប់ការងារកម្ចាត់ជំងឺរបេង ប៉ុន្តែអត្រាឈឺ និងស្លាប់នៅខ្ពស់
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៦ នាទី ព្រឹក
កម្ពុជាជាប្រទេសគំរូមួយសម្រាប់ការងារកម្ចាត់ជំងឺរបេង ប៉ុន្តែអត្រាឈឺ និងស្លាប់នៅខ្ពស់
រូបតំណាង ពី Freepix

«ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក»។ នេះជាការគូសបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត»។
TTN-Free-Banner-In-Article-PC


កាលពីប្រមាណ២០មុន កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយចំពោះការងារកម្ចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។

លទ្ធផលដ៏គាប់ប្រសើរនេះ ត្រូវបានប្រមុខរដ្ឋាភិបាល កត់សម្គាល់លើការកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិ ខណៈរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេង នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព រួមទាំង ថ្នាក់សហគមន៍នៅទូទាំងប្រទេស។

បើតាមសម្តេច ហ៊ុន ម៉ាណែត ការប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេង នាថ្ងៃទី២៤ ខែមីនា ក្រោមប្រធានបទ “មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត” (Yes! We Can End TB: Commit, Invest, Deliver) គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ។

អត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះខ្លាំងធៀបនឹងប្រទេសដទៃ ដោយអត្រាស្លាប់ថយចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២៣ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០ភាគរយ។ 

អត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) ធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ៣៣៥ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២៣ គឺបានថយចុះ ៤២% ផងដែរ។ 

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាប្រេវ៉ាឡង់ជំងឺរបេង និងស្លាប់ដោយសារជំងឺរបេងនៅមុនកាលកំណត់៤ឆ្នាំ ហើយជាស្នាដៃមួយដែលមានប្រទេសតិចតួចប៉ុណ្ណោះនៅលើសកលលោកអាចសម្រេចបាន។

ទោះបីជាទទួលបានជោគជ័យបែបនេះក្តី  ក៏សម្តេច ហ៊ុន ម៉ាណែត កត់សម្គាល់ថា កម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ 

តាមរយៈសារលិខិតដដែល សម្តេច ហ៊ុន ម៉ាណែត ស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចជា ការបង្កើនល្បឿនអនុវត្តការងារប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក, ការពង្រឹងសកម្មភាពស្រាវជ្រាវ និងការរក្សាឱ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង លើសពី៩០ភាគរយ រួមទាំងការកៀរគរធនធានបន្ថែមទៀតសម្រាប់ការងារប្រយុទ្ធជំងឺរបេង៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រួបរួម