UEFA Nations League៖ អេស្ប៉ាញ ឡើងជួបបារាំង ឯព័រទុយហ្កាល់ ប៉ះអាល្លឺម៉ង់ វគ្គ ១/២ផ្តាច់ព្រ័ត្រ
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
UEFA Nations League៖ អេស្ប៉ាញ ឡើងជួបបារាំង ឯព័រទុយហ្កាល់ ប៉ះអាល្លឺម៉ង់ វគ្គ ១/២ផ្តាច់ព្រ័ត្រ

ក្រុមបាល់ទាត់ជម្រើសជាតិជើងខ្លាំងប្រចាំទ្វីបអឺរ៉ុបចំនួន៤ រួមមាន បារាំង ព័រទុយហ្កាល់ អេស្ប៉ាញ និងអាល្លឺម៉ង់ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League កម្រិតលីគកំពូល (League A)។ ម្ចាស់ការពារតំណែងជើងឯកអេស្ប៉ាញ ជួបបារាំង ខណៈព័រទុយហ្កាល់ ប៉ះអាល្លឺម៉ង់។

TTN-Free-Banner-In-Article-PC

នៅជំនួបជើងទី២ ថ្ងៃទី២៣ ខែមីនា បារាំងដណ្តើមបានជ័យជម្នះត្រឡប់មកវិញនៅក្នុងទឹកដីកីឡដ្ឋាន Stade de France ដោយការស៊ុតបាល់បញ្ចូលទី លទ្ធផល ២-០ នៅក្នុងរយៈពេល ៩០នាទីនៃការប្រកួត ដែលរឿងនេះបានជួយឱ្យបារាំងដឹកដៃក្រូអាស៊ី ទៅទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ រហូតបញ្ចប់ទៅជាមួយលទ្ធផល ៥-៤។ កាលពីជើងទីមួយ ក្រូអាស៊ី ឈ្នះបារាំង លទ្ធផល ២-០ កាលពីថ្ងៃទី២០ មីនា។

ជ័យជម្នះរបស់បារាំងដែលអាចធ្វើឱ្យក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាការបង្ហាញសមត្ថភាពយ៉ាងល្អ នៃការស៊ុតបាល់បញ្ចូលទីពីសំណាក់កីឡាករ Michael Olise នាទី៥២ និង Ousmane Dembele នាទី៨០ ដែលបានស៊ុតបាល់បញ្ចូលទី ពោលគឺនៅមុនរយៈពេល ១០នាទី ពេលការប្រកួតបញ្ចប់ ហើយត្រូវឈានចូលវគ្គថែម ១៥នាទី ២ដង។

ក្រឡែកទៅជម្រើសជាតិព័រទុយហ្កាល់ ក៏ជាក្រុមដែលវាយបកឈ្នះការប្រកួតទល់នឹងក្រុមដាណឺម៉ាក ដើម្បីអាចឡើងទីប្រជែងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅជើងទី២ ព័រទុយហ្កាល់ បង្ហាញកម្រិតសមត្ថភាពខ្លាំងក្នុងទឹកដីព័រទុយហ្កាល់របស់ខ្លួន ដោយអាចស៊ុតបាល់បញ្ចូលទី ៥គ្រាប់ វាយបកមកវិញ យកឈ្នះ បើទោះដាណឺម៉ាក់អាចរកបានគ្រាប់បាល់ ២គ្រាប់ត្រឡប់មកក៏ដោយ។ កាលពីការប្រកួតជើងទីមួយ ព័រទុយហ្កាល់ បរាជ័យលទ្ធផល ១-០ ក្រោមថ្វីជើងដាណឺម៉ាក។

ដោយឡែកក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះកៅអីដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឆ្លងកាត់ការប្រកួតដ៏តានតឹងទល់នឹងជម្រើសជាតិហូឡង់ ដោយការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៥-៤ ក្រោយការប្រកួតទាំង ២ ជើង របស់ក្រុមសងខាងបញ្ចប់ទៅក្នុងលទ្ធផលស្មើ ៥-៥។ 

ចំណែកក្រុមជម្រើសជាតិអាល្លឺម៉ង់ ជាក្រុមទី៤ ឈ្នះកៅអីវគ្គ ១/២ បន្ទាប់ពីឆ្លងកាត់ការប្រកួតតានតឹងដូចទៅនឹងក្រុមដទៃ ក្រោយពីតទល់នឹងក្រុមអ៊ីតាលីរួច។ កាលពីជំនួបជើងទីមួយ អាល្លឺម៉ង់បានយកឈ្នះការប្រកួតលទ្ធផល ២-១ រហូតដល់មកការប្រកួតជើងទី២ ក្រុមទាំងសងខាង បានបញ្ចប់ការប្រកួតទៅនៅត្រឹមលទ្ធផលស្មើគ្នា ៣​-៣។

សម្រាប់ការប្រកួតវគ្គ ៤ក្រុមចុងក្រោយ ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា អាល្លឺម៉ង់ នឹងត្រូវបន្តទៅប៉ះព័រទុយហ្កាល់ ខណៈដែលអេស្ប៉ាញ និងត្រូវតទល់ជាមួយនឹងបារាំង៕


អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង