ពន្ធនាគារ៖ ពិរុទ្ធជនម្នាក់នៅបន្ទាយមានជ័យ ស្លាប់នៅមន្ទីរពេទ្យដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
ពន្ធនាគារ៖ ពិរុទ្ធជនម្នាក់នៅបន្ទាយមានជ័យ ស្លាប់នៅមន្ទីរពេទ្យដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន
ពន្ធនាគារខេត្តបន្ទាយមានជ័យ។ រូបពី DGP

អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។

TTN-Free-Banner-In-Article-PC

ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។

យ៉ាងណាក្ដី នៅថ្ងៃទី២០ មីនា ពិរុទ្ធជនរូបនេះ មានអាការៈមិនស្រួលខ្លួន ហើយភ្លាមៗនោះ មន្ត្រីគ្រប់គ្រងអគារពន្ធនាគារ ក៏បញ្ជូនអ្នកទោសរូបនេះ ទៅប៉ុស្តិ៍សុខភាព។ មន្ត្រីពេទ្យប៉ុស្តិ៍សុខភាព ពិនិត្យឃើញ ពិរុទ្ធជន មានសភាពហត់ខ្លាំង ពិបាកដកដង្ហើម ចុកឆ្អល់ដង្ហើម ក្អួត និងស្វាយចុងដៃចុងជើង។

បន្ទាប់ពីឃើញអ្នកទោសមានសភាពបែបនេះ មន្ត្រីពន្ធនាគារ ក៏បញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន នាម៉ោង១១និង៣០នាទីព្រឹក។ ១០នាទីក្រោយ អ្នកជំងឺ ក៏បានទៅដល់ពេទ្យ ហើយមន្ត្រីពន្ធនាគារ ក៏ទាក់ទងទៅសាច់ញាតិអ្នកទោស។

សម្រាកនៅពេទ្យ បានមួយថ្ងៃ អ្នកទោសក៏ស្លាប់ ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន។ ពន្ធនាគារខេត្តបន្ទាយមានជ័យ បញ្ជាក់បន្ថែមពីមូលហេតុដែលអ្នកទោសស្លាប់បែបនេះ៖ «អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យពិរុទ្ធជនរូបនេះ ពុំបានធូរស្រាល ក៏បានស្លាប់នៅម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ដោយសារ ជំងឺបេះដូង និងខ្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល»។

ហេតុនេះ ខាងពន្ធនាគារខេត្តបន្ទាយមានជ័យ បដិសេធទាំងស្រុង ពាក់ព័ន្ធនឹងព័ត៌មានណា ដែលចោទប្រកាន់ខុសពីការបកស្រាយខាងលើ។ ពន្ធនាគារខេត្តបន្ទាយមានជ័យ ចាត់ទុកការផ្សាយព័ត៌មាន ដែលខុសពីការបកស្រាយនេះ ជាព័ត៌មានបំភ្លើស ធ្វើឱ្យប៉ះពាល់កិត្តិយសអង្គភាពពន្ធនាគារ។

អ្នកទោសដែលស្លាប់ខាងលើ ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទហិង្សាដោយចេតនា, លួច និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ពិរុទ្ធជនរូបនេះ មានទោស៣ឆ្នាំ ហើយអនុវត្តទោសបាន ១ឆ្នាំ ២ខែ ២៨ថ្ងៃ៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី