ក្លិបបាល់ទាត់នារីវៀតណាម HCMC បានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនដុល្លារ ក្រោយឡើងវគ្គ១/២ AFC Champions League
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:២៩ នាទី រសៀល
ក្លិបបាល់ទាត់នារីវៀតណាម HCMC បានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនដុល្លារ ក្រោយឡើងវគ្គ១/២ AFC Champions League

ក្លិបកីឡាបាល់ទាត់នារីវៀតណាម Ho Chi Minh City I (HCMC I WFC) ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនដុល្លារ បន្ទាប់ពីឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League លើកដំបូងជាប្រវត្តិសាស្ត្រ។ បើឈ្នះជើងឯក AFC នឹងបន្ថែមប្រាក់រង្វាន់ ១លានដុល្លារទៀត។

TTN-Free-Banner-In-Article-PC

នៅជំនួបវគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃទី២២ ខែមីនា HCMC I WFC បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយវាយបកយកឈ្នះ Abu Dhabi Country Club ក្នុងលទ្ធផល ៥-៤។ នៅវគ្គទី១ Abu Dhabi Country Club បាននាំមុខដល់ទៅ ៣-០។ តាមរយៈលទ្ធផលនេះ បានជួយក្រុមរបស់អ្នកគ្រូបង្វឹក Doan Thi Kim Chi ក្លាយជាក្លិបវៀតណាមដំបូងគេ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ក្លិបនារីប្រចាំតំបន់អាស៊ី។

តបទៅនឹងសមិទ្ធផលនេះ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ក្រុមនារី HCMC I WFC ២ម៉ឺនដុល្លា រួមជាមួយ សហព័ន្ធបាល់ទាត់ទីក្រុងហូជីមិញ (HFF) ចំនួន ៨ពាន់ដុល្លារ និង គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ, នាយកដ្ឋានវប្បធម៌ និងកីឡាវៀតណាម ចំនួន ៤ពាន់ដុល្លារ។ 

ក្រៅពីនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានផ្តល់ប្រាក់ចំនួន ១២ម៉ឺនដុល្លារ ចំពោះការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ AFC បានផ្តល់ប្រាក់រង្វាន់ម្តងរួចមកហើយ ចំនួន១០ម៉ឺនដុល្លារ នៅពេល HCMC ឆ្លងផុតវគ្គចែកពូល និង២ម៉ឺនដុល្លារ សម្រាប់ជ័យជម្នះមួយលើក។

សរុបមក ក្រុមនារី HCMC នៃលីគកីឡាបាល់ទាត់កំពូលវៀតណាម ទទួលបានរង្វាន់លើកទឹកចិត្ត ៤០ម៉ឺនដុល្លារ គិតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Chmapions League នេះ។ 

HCMC នឹងត្រូវជួបជាមួយ Wuhan Jiangda របស់ចិន នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី២១ ខែឧសភា។ Jiangda ទម្លាក់ Urawa Red របស់ជប៉ុន ដោយបាល់កាត់ក្តីប៉េណាល់ទី ៦-៥។ AFC មិន​ទាន់​បញ្ជាក់​ពី​ទីកន្លែង​សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅឡើយ​ទេ ប៉ុន្តែ​ជម្រើស​រួមមាន​វៀតណាម ឬ​ម្ចាស់ផ្ទះ​អព្យាក្រឹត។

វគ្គពាក់កណ្តាលផ្តាច់ព្រ័តផ្សេងទៀតមាន Incheon Red Angels របស់កូរ៉េខាងត្បូង ប៉ះ Melbourne City FC មកពីលីគកំពូលអូស្ត្រាលី។

ប្រសិនបើ HCMC ឈានទៅវគ្គផ្តាច់ព្រ័ត្រ ពួកគេនឹងទទួលបានប្រាក់លើកទឹកចិត្ត ៥០ម៉ឺនដុល្លារបន្ថែមទៀត។ បើឈ្នះជើងឯកនឹងទទួលបាន ១ លានដុល្លារ ពី AFC៕


អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​