ស្រូវប្រាំងជាង៩ម៉ឺនហិកតា នៅរាជធានី-ខេត្តចំនួន១៧ ត្រូវបានជួយសង្រ្គោះ
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៩ នាទី រសៀល
ស្រូវប្រាំងជាង៩ម៉ឺនហិកតា នៅរាជធានី-ខេត្តចំនួន១៧ ត្រូវបានជួយសង្រ្គោះ
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិម ជួយបូមទឹកសង្រ្គោះស្រូវប្រាំងបានប្រមាណ៩៣ ១៣៣ហិកតា ។ កិច្ចអន្តរាគមន៍បានធ្វើឡើងចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៥។

TTN-Free-Banner-In-Article-PC

 

ផែនការធ្វើស្រូវប្រាំងក្នុងក្របខ័ណទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៥ ត្រូវបានកំណត់ត្រឹមតែ៥៣៥ ៦០០ហិកតាប៉ុណ្ណោះ ប៉ុន្តែ ប្រជាកសិករបានដាំដុះលើសផែនការកើនរហូតដល់៩០៧ ០៣៥ហិកតា។ ការណ៍នេះ ធ្វើឱ្យស្រូវប្រាំងមួយចំនួនជួបបញ្ហាខ្វះខាតទឹកស្រោចស្រព។ 

យ៉ាងណាវិញ ចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រសួងធនធានទឹក ជួយបូមទឹកសង្រ្គោះស្រូវប្រាំងបានចំនួន​៩៣ ១៣៣ហិកតា ក្នុងខេត្តចំនួន១៧។​ ស្រូវប្រាំងដែលត្រូវបានជួយសង្គ្រោះនោះ រួមមាន នៅខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយរៀង តាកែវ ប៉ៃលិន ត្បូងឃ្មុំ កំពង់ឆ្នាំង ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។  នេះយោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក ចេញផ្សាយនាថ្ងៃទី២៣ ខែមីនា។ 

ក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងកិច្ចការជួយសង្រ្គោះនោះ ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកសរុប ១៧៣គ្រឿង ។ ក្នុងនោះ មាន  ម៉ាស៊ីនបូមទឹកចល័តកម្លាំង៦៥សេះ ចំនួន១៦៩គ្រឿង និងម៉ាស៊ីនស្ថានីយចំនួន ៤គ្រឿង ដោយបានប្រើប្រាស់ប្រេងឥន្ធនៈ៣៤៤៤៨០លីត្រ។ ចំណែក ផ្ទៃដីមួយចំនួនទៀត ទទួលបានការជួយអន្តរាគមន៍ពីស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និងការគាំទ្រពីសប្បុរសជនគ្រប់ទិសទី ព្រមទាំងក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាននានា។ 

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក្រើនរំលឹកដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងសាធារណជន ប្រើប្រាស់ទឹកសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕ 


អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា