ទេសចរជិត ៣៦ ម៉ឺននាក់មកកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៩ ខេត្តតាកែវ
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
ទេសចរជិត ៣៦ ម៉ឺននាក់មកកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៩ ខេត្តតាកែវ

ភ្នំពេញ៖ ពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នៅខេត្តតាកែវ រយៈពេល៣ថ្ងៃ ​ទទួលបាន​ទេសចរ​ទៅកម្សាន្ត​ជិត ៣៦ ម៉ឺននាក់ ក្នុងនោះទេសចរបរទេស មានប្រមាណ ១ពាន់នាក់។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តតាកែវ។​

TTN-Free-Banner-In-Article-PC

ក្រសួងទេសចរណ៍ និង​រដ្ឋបាលខេត្ត​តាកែវ​ បានរៀបចំពិធីបុណ្យទន្លេលើកទី៩ កាលពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥។ កម្មវិធី​បុណ្យ​ទន្លេ​ឆ្នាំ​ទី​៩​នេះ ​រៀបចំឡើង​នៅ​ភូមិសាស្ត្រ​ខេត្តតាកែវ ដែលជាម្ចាស់ផ្ទះ​​ទទួលបន្ទុក​រៀបចំ​សណ្ដាប់ធ្នាប់ និង​សេវាកម្មទេសចរណ៍ ​ដើម្បី​​ទទួល​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ចូលរួម​។​

កម្មវិធីបុណ្យទន្លេលើកទី៩នេះ មានការប្រកួតកីឡាដូចជា កីឡាជិះកង់ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ,  រត់កម្សាន្ត ៥០០នាក់ , អុកចត្រង្គ, រែកបាយខុមលោតម៉ឹក, បាល់ទះ , ប៉ូល (បេតង់), ទូក កានូកាយ៉ាក ,បង្ហោះគោមរួមគ្នា ៥០០គោម,​ គុនខ្មែរ និងកីឡាសម្ដែងប៉ារ៉ាប៉ូទ័រជាដើម។

បើតាមមន្ទីរទេសចរណ៍ខេត្តតាកែវ ក្នុងរយៈពេល៣ថ្ងៃនេះ ខេត្តតាកែវ ទទួលបានទេសចរចំនួន ៣៥៨ ៩៩៤ នាក់ ក្នុងនោះទេសចរបរទេស មានចំនួន១ ០២៨ នាក់ ។ ក្នុងនោះថ្ងៃទី១ ទេសចរ ទៅកម្សាន្តមានចំនួន ១០១ ៣៦៧ នាក់ ដោយទេសចរបរទេសមាន ចំនួន ២៦០ នាក់។ ចំពោះថ្ងៃទី២  ទេសចរជាតិមានចំនួន ១០៨ ០០០ នាក់ ក្នុងនោះ ទេសចរបរទេសចំនួន ៣០០នាក់ ។ ចំណែកថ្ងៃទី៣ ទេសចរជាតិមានចំនួន ១៤៨ ៥៩៩ នាក់ ដោយ ទេសចរបរទេសមានចំនួន ៤៦៨ នាក់។

សូមជម្រាបថា បុណ្យទន្លេលើកទី៨ បានប្រារព្ធពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នៅខេត្តសៀមរាបក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»។ រយៈពេលបីថ្ងៃនៃបុណ្យទន្លេនៅខេត្តសៀមរាបនេះដែរ មានទេសចរសរុប ៥៥៣.៧៩៤ នាក់ រួមមាន៖ ទេសចរជាតិ ចំនួន ៥២០.០០០ នាក់ ក្នុងនោះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ២៨១.០០០ នាក់, ទេសចរ​បរទេស ប្រមាណ ៣៣.៧៧០ នាក់បានធ្វើដំណើរកម្សាន្តក្នុង​ព្រឹត្តិការណ៍នេះ៕

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន