- ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

នាយករដ្ឋមន្រ្តីកាណាដាថ្មី លោក Mark Carney នៅថ្ងៃទី២៣ ខែមីនា បានប្រកាសរៀបចំការបោះឆ្នោតមុនពេលកំណត់ ស្របពេលប្រឈមមុខសង្រ្គាមពាណិជ្ជកម្ម និងការគំរាមរបស់ លោក ដូណាល់ ត្រាំ ក្នុងការដាក់កាណាដាជារដ្ឋទី៥១ របស់អាម៉េរិក។ ក្នុងការបោះឆ្នោតនេះ លោក Carney ត្រូវប្រជែងជាមួយមេដឹកនាំបក្សអភិរក្ស លោក Pierre Poilievre ដែលកំពុងមានប្រជាប្រិយភាពប្រហាក់ប្រហែលគ្នា។
ចាប់តាំងពីឡើងកាន់តំណែង លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានប្រកាសមិនដាច់ពីមាត់ក្នុងការចង់បានកាណាដាជារដ្ឋទី៥១ របស់អាម៉េរិក ហើយបានដាក់ពន្ធ ដែលពន្យារពេលជាបន្តបន្ទាប់។ ស្របពេលរងសម្ពាធពីប្រទេសជិតខាង លោក Mark Carney នាយករដ្ឋមន្រ្តីកាណាដា បានប្រកាសរៀបចំការបោះឆ្នោតមុនពេលកំណត់ នៅថ្ងៃទី២៨ ខែមេសា។ «យើងកំពុងរងវិបត្តិដ៏ធ្ងន់ធ្ងរជាងពេលណាទាំងអស់ក្នុងជីវិតរបស់យើង ដោយសារសកម្មភាពពាណិជ្ជកម្មមិនត្រឹមត្រូវ និងការគំរាមកំហែងរបស់លោក ត្រាំ មកលើអធិបតេយ្យរបស់យើង»។ ប្រមុខរដ្ឋាភិបាលកាណាដាថ្មី បានសង្កត់ធ្ងន់បែបនេះ ក្រោយអ្នកតំណែងរបស់មហាក្សត្រអង់គ្លេស បានឯកភាពលើសំណើរៀបចំការបោះឆ្នោត។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក Carney មានភាពជឿជាក់ថា ដើម្បីឆ្លើយតបនឹងទង្វើរបស់លោក ត្រាំ កាណាដា ត្រូវតែមានសេដ្ឋកិច្ចរឹងមាំ ដ្បិតមេដឹកនាំប្រទេសជិតខាងរូបនេះ ព្យាយាមបំបែកកាណាដា ហើយដាក់ប្រទេសខ្លួនជារដ្ឋចំណុះ។ ត្រង់ចំណុចនេះ មេដឹកនាំកាណាដា បានប្តេជ្ញាមិនឱ្យអាម៉េរិកលេបយកកាណាដាជាដាច់ខាត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការប្រកាសជំហរបែបតតាំងរបស់លោក Carney បែបនេះ គឺខុសនឹងពេលលោកស្បថចូលកាន់តំណែង។ កាលនោះ នាយករដ្ឋមន្រ្តីកាណាដា បានសន្យាធ្វើការជាមួយអាម៉េរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ។
ក្នុងការបោះឆ្នោតកាណាដាអាណត្តិនេះ លោក Carney ចេញពីបក្សសេរីនិយម និងលោក Pierre Poilievre ចេញពីបក្សអភិរក្សនិយម ដែលជាបក្សប្រឆាំង មានប្រជាប្រិយភាពប្រហាក់ប្រហែលគ្នា។
កន្លងមក លោក Poilievre ដែលជាមេដឹកនាំបក្សប្រឆាំង បានរិះគន់បក្សសេរីនិយម ធ្វើឱ្យកាណាដាទន់ខ្សោយ ក្រោយការបិទខ្ទប់ការអភិវឌ្ឍធនធាន, បរាជ័យលើការផ្តល់ហិរញ្ញវត្ថុសម្រាប់យោធា, មិនអាចគ្រប់គ្រងជនអន្តោប្រវេសន៍ និងសេដ្ឋកិច្ចរបស់ប្រទេស។
តាមច្បាប់របស់កាណាដា ប្រជាជនត្រូវបោះឆ្នោតរើសសមាជិករដ្ឋសភា ឬ House of Commons មុនពេលសមាជិករដ្ឋសភារើសនាយករដ្ឋមន្រ្តី។ មេដឹកនាំបក្សនយោបាយ ដែលទទួលបានអាសនៈភាគច្រើនក្នុងសភា នឹងក្លាយជានាយករដ្ឋមន្រ្តី។ ក្នុងពេលបច្ចុប្បន្ន រដ្ឋសភាកាណាដាមានសមាជិកចំនួន ៣៣៨អាសនៈ ដោយតំណាងឱ្យតំបន់ផ្សេងៗក្នុងប្រទេស៕