លោក ស សុខា សម្រេចបង្កើតក្រុមការងារ រៀបចំគ្រឿងឥស្សរិយយសដល់មន្ត្រីមហាផ្ទៃ
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
លោក ស សុខា សម្រេចបង្កើតក្រុមការងារ រៀបចំគ្រឿងឥស្សរិយយសដល់មន្ត្រីមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយយសដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលចំណុះក្រសួងមហាផ្ទៃ។

TTN-Free-Banner-In-Article-PC

ក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយយសដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលចំណុះក្រសួងមហាផ្ទៃ មានលោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។ រីឯ លោក ហ៊ុន សុធី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន។ នេះបើតាម សេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយយស ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០មីនា ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 

សេចក្ដីសម្រេចនេះ មាន៣ប្រការ ហើយបានបង្ហាញសមាជិកក្នុងក្រុមទាំងអស់មាន២២រូប។ ក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយយសដល់មន្ត្រីចំណុះក្រសួងនេះ មានតួនាទី រៀបចំបញ្ជីឈ្មោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបំពេញការងារយ៉ាងតិច១០ឆ្នាំហើយ ពុំទាន់ទទួលបានគ្រឿងឥស្សរិយយស។ រៀបចំ ដើម្បីលើកសំណើសុំ គោលការណ៍ផ្ដល់គ្រឿងឥស្សរិយយសដល់ពួកគេ។ ក្រុមការងារនេះ មានសិទ្ធិប្រជុំ ត្រួតពិនិត្យ ជ្រើសរើស និងវាយតម្លៃស្នើសុំផ្អែកលើស្នាដៃ អតីតភាពការងារនានារបស់មន្ត្រីទាំងនោះ តាមបទដ្ឋានគតិយុត្តិជាធរមានផងដែរ។ 

បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច ក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយយសដល់មន្ត្រី ក៏មានភារកិច្ច៖ «រៀបចំតារាងបញ្ជីឈ្មោះ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានត្រួតពិនិត្យជ្រើស ដើម្បីដាក់ជូនរដ្ឋមន្ត្រីពិនិត្យសម្រេ​ចផ្ញើជូនទីស្ដីការគណៈរដ្ឋមន្ត្រី»។ 

ក្រៅពីនេះ ក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយយសដល់មន្ត្រី នឹងបំពេញការងារផ្សេងទៀត តាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 

សូមជម្រាបថា ការសម្រេចបង្កើតក្រុមការងារ ធ្វើឡើង បន្ទាប់ពីពេលថ្មីៗនេះ សម្ដេច ហ៊ុន ម៉ាណែត សង្កេតឃើញ មានមន្ត្រីខ្លះ បំពេញការងារយូរឆ្នាំហើយ ពុំទទួលបានគ្រឿងឥស្សរិយយស ហើយមន្ត្រីថ្នាក់ក្រោមជាតិខ្លះ ក៏បានរាយការណ៍បញ្ហានេះ រួមទាំងដាក់សំណើទៅសម្ដេច ឱ្យជួយដោះស្រាយផងដែរ៕ 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី