ល្បែងប្រជាប្រិយ ការប្រគំតន្ត្រីខ្នាតធំ និងការបាញ់ទឹកកម្សាន្តសប្បាយ​ នឹងមាន​ក្នុង«សង្ក្រាន្តស្វាយរៀង»
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
ល្បែងប្រជាប្រិយ ការប្រគំតន្ត្រីខ្នាតធំ និងការបាញ់ទឹកកម្សាន្តសប្បាយ​ នឹងមាន​ក្នុង«សង្ក្រាន្តស្វាយរៀង»
រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង

រដ្ឋបាលខេត្ត​ស្វាយរៀង នឹង​​រៀបចំព្រឹត្តិការណ៍«សង្ក្រាន្តស្វាយរៀង»រយៈពេល​៣ថ្ងៃ នៅ​ទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង។ ក្នុង​ព្រឹត្តិការណ៍នេះ នឹង​កម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលនានា ការ​ប្រគំតន្ត្រីខ្នាតធំ ការ​លេងបាញ់ទឹក និង​ការរាំលេងកម្សាន្តជាដើម។​

TTN-Free-Banner-In-Article-PC

ដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ រដ្ឋបាល​ខេត្ត​ស្វាយ​រៀង បន្ត​រៀបចំ​ព្រឹត្តិការណ៍«សង្ក្រាន្តស្វាយរៀង» ឆ្នាំ​២០២៥ រយៈពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី​១៤-១៦ ខែ​មេសា នៅ រង្វង់មូលវិមានឯករាជ្យ។ ដោយ​ឡែក​នៅតាម​បណ្ដា​ស្រុក​នានា ក្នុង​ខេត្ត​ស្វាយ​រៀង ក៏​មាន​រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្តផងដែរ ។ 

ចំពោះ​«សង្ក្រាន្តស្វាយរៀង»វិញ នឹង​ចាប់​ផ្ដើម​ពីម៉ោង១០ព្រឹកតទៅ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលនានា កម្មវិធីប្រគំតន្ត្រីខ្នាតធំដោយមានការចូលរួមពីសិល្បករសិល្បការិនីល្បីៗនៅក្នុងប្រទេស និងការបាញ់ទឹក។​

ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ស្វាយរៀង ក៏​បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​ព្រឹត្តិការណ៍នេះផងដែរ៕ 


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ