- ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:២៩ នាទី រសៀល

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៣ ខែមីនា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីចូលតុចរចាសម្រាប់បទឈប់បាញ់មួយ។ ការអំពាវនាវនេះធ្វើឡើងក្រោយជំនួបរវាងមន្រ្តីអាម៉េរិក និងអ៊ុយក្រែន នៅអារ៉ាប៊ីសាអូឌីត។
មន្រ្តីអាម៉េរិក និងអ៊ុយក្រែន នៅថ្ងៃទី២៣ ខែមីនា បានជួបគ្នានៅលើទឹកដីអារ៉ាប៊ីសាអូឌីតជាថ្មី ដើម្បីជជែកពីបទឈប់បាញ់មួយ។ កន្លងមក អ៊ុយក្រែន និងអាម៉េរិក បានឯកភាពលើបទឈប់បាញ់លើដែនអាកាស និងលើទឹក និងការដោះដូរអ្នកទោស។
ក្រោយជំនួបដែលភាគីអ៊ុយក្រែនចាត់ទុកទទួលបានលទ្ធផលល្អ និងប្រកបដោយការស្ថាបនា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី សម្រាប់បទឈប់បាញ់មួយ។
«ចាប់តាំងពីថ្ងៃទី១១ ខែមីនា វាមានសំណើរកបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌមួយ ដែលអាចបញ្ឈប់ការវាយប្រហារ។ ប៉ុន្តែរុស្ស៊ី នៅតែបន្តការវាយប្រហារ។ បើគ្មានសម្ពាធលើរុស្ស៊ី ក្រុងមូស្គូ នឹងបន្តចាត់ទុកការទូតជាលក្ខខណ្ឌគ្មានតម្លៃ ហើយសម្លាប់ជីវិតមនុស្ស»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៣ ខែមីនា។
បើតាមលោក ហ្សេលេនស្គី លោក ពូទីន ត្រូវតែរងការបង្ខំឱ្យបញ្ឈប់ការបាញ់ប្រហារ ដ្បិតអ្នកបង្កសង្រ្គាម ត្រូវតែជាអ្នកបញ្ឈប់សង្រ្គាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Independent។
តាមការបញ្ជាក់របស់ប្រមុខការពារជាតិអ៊ុយក្រែន លោក Rustem Umerov កិច្ចពិភាក្សារវាងមន្រ្តីក្រុងវ៉ាស៊ីនតោន និងក្រុងកៀវ បានជជែកលើប្រធានបទថាមពល ការទូត និងយោធា។
«កិច្ចសន្ទនា គឺទទួលបានលទ្ធផលល្អ និងប្រកបដោយការស្ថាបនា។ យើងបានពិភាក្សាលើបញ្ហាសំខាន់ៗ ដូចជាវិស័យថាមពលជាដើម។»។ លោក Umerov បានសរសេរលើបណ្តាញសង្គម Facebook បែបនេះ នៅថ្ងៃទី២៣ ខែមីនា។
បន្ទាប់ពីជំនួបជាមួយមន្រ្តីអ៊ុយក្រែន មន្រ្តីអាម៉េរិក និងរុស្ស៊ី បានជួបគ្នានៅអារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃទី២៤ ខែមីនា ដើម្បីស្វែងរកបទឈប់បាញ់នៅលើសមុទ្រខ្មៅ ដើម្បីជំរុញការដឹកជញ្ជូន និងការបញ្ឈប់អំពើហិង្សាទ្រង់ទ្រាយធំនៅក្នុងសង្រ្គាមអ៊ុយក្រែន។ យ៉ាងណាមិញ ភាគីអ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់រួចហើយថា គ្មានឡើយការទំនាក់ទំនងដោយផ្ទាល់រវាងមន្រ្តីរុស្ស៊ី និងអ៊ុយក្រែន នៅលើទឹកដីអារ៉ាប៊ីសាអូឌីត។
កន្លងមក រដ្ឋាភិបាលក្រុងកៀវ បានបញ្ជាក់រួចហើយថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការទទួលសំណើរបស់អាម៉េរិក ដើម្បីអនុវត្តបទឈប់បាញ់រយៈពេល ៣០ថ្ងៃ នៅលើដែនអាកាស និងដែនទឹក៕