- ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:៥៩ នាទី រសៀល

ភ្នំពេញ៖ កំណាត់ផ្លូវលេខ៣៧១ ត្រូវចំណុចមុខស្ថានីយបូមទឹកបឹងទំពន់ ត្រូវបិទម្ខាងជាបណ្តោះអាសន្ន ដើម្បីរៀបចំប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការបិទផ្លូវនេះ ធ្វើឡើងចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៤ ខែមិថុនា។ នេះបើយោងតាមសេចក្តីជូនរបស់លោក ឃូង ស្រេង អភិបាលរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ក្នុងនោះគឺមានគម្រោង សាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកបឹងទំពន់ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹកមុខកាត់ ១,៥ម៉ែត្រចំនួន២គ្រឿង ដែលមានសមត្ថភាពបូមទឹក១២ម៉ែត្រគូបក្នុង១វិនាទី។
សព្វថ្ងៃការងារសាងសង់ស្ថានីយនេះ ដល់ដំណាក់កាល សង្កត់គ្រឹះដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ទទឹងផ្លូវលេខ៣៧១ ចំណុចមុខ ស្ថានីយបូមទឹកបឹងទំពន់។
« ដើម្បីឱ្យដំណើរការគម្រោងនេះបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹង បិទកំណាត់ផ្លូវលេខ៣៧១ម្ខាង នៅត្រង់ចំណុចមុខស្ថានីយបូមទឹកបឹងទំពន់ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យ ពីថ្ងៃទី៤ ខែមីនា រហូតដល់ទី៤ ខែមិថុនា ឆ្នាំ២០២៥»។ នេះជាការបញ្ជាក់របស់ លោក ឃូង ស្រេង ក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី២៤ ខែមីនា ដោយទាមទារឱ្យប្រជាពលរដ្ឋយោគយល់ចំពោះការរំខានដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង៕