មេបក្សប្រឆាំងថៃរិះគន់លោកស្រី ផែថងថាន ថា «គ្មានសមត្ថភាព» និងដឹកនាំតាមបញ្ជាឪពុក
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
មេបក្សប្រឆាំងថៃរិះគន់លោកស្រី ផែថងថាន ថា «គ្មានសមត្ថភាព» និងដឹកនាំតាមបញ្ជាឪពុក
លោក Natthaphong Ruengpanyawut ថ្លែងនៅសភាថៃថ្ងៃទី២៤ ខែមីនា ។ រូបភាព ៖ x/@KhaosodEnglish

មេដឹកនាំបក្សប្រឆាំងថៃលោក Natthaphong Ruengpanyawut បានរិះគន់មិនសំចៃមាត់ ទៅលើនាយរដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ថាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អសមត្ថភាព គ្រួសារនិយម និងដឹកនាំក្រោមឥទ្ធិពលលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលនាំឲ្យប្រជាធិបតេយ្យ និងសេដ្ឋកិច្ចថៃធ្លាក់ចុះ។​

TTN-Free-Banner-In-Article-PC

«នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ មិនស័ក្តិសមក្នុងការដឹកនាំស្ថាប័ននីតិប្រតិបត្តិ ដោយសារអសមត្ថភាព ខ្វះសុចរិតភាព និងការខកខានក្នុងការដោះស្រាយបញ្ហាជាតិប្រកបដោយប្រសិទ្ធភាព ដែលប៉ះពាល់ដល់ភាពជឿជាក់ និងអភិបាលកិច្ចរបស់ប្រទេស»។ លោក Natthaphong Ruengpanyawut មេដឹកនាំបក្សប្រជាជន បានថ្លែងបែបនេះក្នុងការជជែកដេញដោលផ្ទាល់រវាងក្រុមប្រឆាំង និងសមាជិកបក្សជាប់ឆ្នោតផ្សេងទៀតនៅក្នុងសភាថៃនាថ្ងៃទី២៤ ខែមីនា។ ការជជែកដេញដោលនេះ និងឈានដល់ការបោះឆ្នោតដកសេចក្តីទុកចិត្តពីរដ្ឋាភិបាលនៅថ្ងៃទី ២៦ ខែមីនា។

លោក Natthaphong បានចោទប្រកាន់លោកស្រី ផែថងថាន ថាផ្តល់អាទិភាពដល់ផលប្រយោជន៍ផ្ទាល់ខ្លួន និងគ្រួសារលើសុខុមាលភាពសាធារណៈ ការមិនយកចិត្តទុកដាក់លើការប្តេជ្ញាចិត្តក្នុងគោលនយោបាយ និងសម្របសម្រួលអំពើពុករលួយដែលផ្តល់ផលប្រយោជន៍ដល់សម្ព័ន្ធមិត្តរបសខ្លួន។ លោក​ថែមទាំងបានចោទ​ប្រកាន់​ថា រដ្ឋបាល​របស់​នាយករដ្ឋមន្រ្តីរូបនេះ ​បាន​គ្រប់គ្រង​បញ្ហា​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​មិន​ត្រឹមត្រូវ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​សភា និង​បាន​តែងតាំង​បុគ្គល​ដែល​គ្មាន​គុណភាព​ឲ្យ​កាន់​តំណែង​សំខាន់ៗ។

អ្នកនយោបាយថៃវ័យ ៣៧ឆ្នាំរូបនេះ ក៏បានចោទប្រកាន់លោកស្រី ផែថងថា ដែលអនុញ្ញាតឱ្យសមាជិកគ្រួសារមានឥទ្ធិពលលើការសម្រេចចិត្តជាតិ ដោយចោទថាជា «នាយករដ្ឋមន្ត្រីអាយ៉ង»។ លោក​ Natthaphong ក៏បាន​ព្រមាន​ថា ការ​ដឹកនាំ​របស់​លោកស្រី​ប្រឈម​នឹង​ការ​បំផ្លាញ​ប្រទេស​ដែល​មិន​អាច​ត្រឡប់​មក​វិញ​បាន។ នេះបើតាមសារព័ត៌មានថៃ Thai Enquirer។  

មេដឹកនាំបក្សប្រឆាំងក៏បានកត់សម្គាល់ថា ទោះបីជាការបោះឆ្នោតឆ្នាំ ២០២៣ ឆ្លុះបញ្ចាំងពីបំណងប្រាថ្នាជាសាធារណៈសម្រាប់ការផ្លាស់ប្តូរក៏ដោយ ក៏រដ្ឋាភិបាលនៅតែផ្តោតលើការផ្តល់ផលប្រយោជន៍ដល់គ្រួសារ ស៊ីណាវ៉ាត់ និងសហការីរបស់ពួកគេ ជាជាងការដោះស្រាយបញ្ហាសំខាន់ៗដូចជា វិសមភាពសេដ្ឋកិច្ច បញ្ហាប្រឈមនៃការអប់រំ ថ្លៃអគ្គិសនីខ្ពស់ និងអំពើពុករលួយ។

បើតាមលោក Natthaphong បក្សភឿថៃបានរួមដៃជាមួយក្រុមអ្នកកាន់អំណាចចាស់ៗ ដោយផ្តល់អាទិភាពលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួនលើផលប្រយោជន៍សាធារណៈ។ លោក​បាន​គូសបញ្ជាក់​ពី​របៀប​ដែល​គម្រោងមណ្ឌល​កម្សាន្ត«កាស៊ីណូ»​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​យ៉ាង​លឿន ខណៈ​​បញ្ហា​ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ​ត្រូវ​បាន​គេ​មើលរំលង។

បន្ថែមពីនេះ លោកក៏បានរិះគន់រដ្ឋាភិបាលចំពោះការផ្តល់អាទិភាពដល់ការវិលត្រឡប់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ លើផលប្រយោជន៍ជាតិពិតប្រាកដ ដោយបន្ថែមថា ចំណាត់ថ្នាក់លទ្ធិប្រជាធិបតេយ្យរបស់ថៃបានធ្លាក់ចុះយ៉ាងខ្លាំង ហើយដំណើរការវិសោធនកម្មរដ្ឋធម្មនុញ្ញបានជាប់គាំង។

សម្រាប់សេដ្ឋកិច្ចប្រទេសវិញ លោក Natthaphong បាននិយាយថា កំណើនសេដ្ឋកិច្ច ៥ភាគរយដែលបានសន្យាដោយរដ្ឋាភិបាល ពេលនេះមានត្រឹមតែ ២,៥ភាគរយ ដោយលើកឡើងពីការរៀបចំមិនល្អ និងការបរាជ័យនៃគោលនយោបាយ។ លោក​ក៏​បាន​ចោទ​ប្រកាន់​ថា គោល​នយោបាយ​សេដ្ឋកិច្ច​សំខាន់ៗ​គឺ​សំដៅ​ឆ្ពោះ​ទៅ​រក​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុម​អាជីវកម្ម​ដែល​មានទំនាក់ទំនងគ្រួសារលោក ថាក់ស៊ីន ​ជាជាង​សាធារណជន។

លោក​បាន​ព្រមាន​ថា បញ្ហា​នយោបាយ និង​សេដ្ឋកិច្ច​របស់​​ថៃ​ កំពុង​វិវត្តទៅស្ថានភាព​ធ្ងន់ធ្ងរ​  ​ដោយ​ការ​ដឹកនាំ​ប្រទេសដែល​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​របស់​លោក ថាក់ស៊ីន លើ​រដ្ឋបាល​របស់​លោកស្រី ផែថងថាន ដែល​លោកបង្ហាញថា«ខ្សោយ និង​គ្មាន​ប្រសិទ្ធភាព»។

លោក Natthaphong បានបញ្ចប់ការជជែកដេញដោលនៅសភាថៃ​ថា គោលនយោបាយផ្តល់ប្រាក់ ១ម៉ឺនបាតរបស់រដ្ឋាភិបាលថៃ និងកន្លែងកម្សាន្ត នឹងផ្តល់អត្ថប្រយោជន៍ជាចម្បងដល់ក្រុមធុរកិច្ចដែលជិតស្និទ្ធនឹងរដ្ឋបាលលោកស្រី ផែថងថាន ដោយផ្តល់ក្តីសង្ឃឹមតិចតួចសម្រាប់ការកែលម្អសេដ្ឋកិច្ច៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង