- ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី ព្រឹក

Cristiano Ronaldo កំពូលកីឡាករបាល់ទាត់ដ៏ល្បីល្បាញ ទទួលបានពានរង្វាន់ថ្មីមួយបន្ថែមទៀត ពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Record) ក្នុងនាមជាកីឡាករដែលឈ្នះការប្រកួតនៅក្រុមជម្រើសជាតិច្រើនជាងគេបង្អស់ចំនួន ១៣២លើក។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៤ កីឡាករវ័យ ៤០ឆ្នាំ សម្រេចបានកំណត់ត្រាថ្មីថែមទៀតក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ ដោយកាលនោះកីឡាករក្រុម Al Nassr បានរួមចំណែកស៊ុតបាល់ ២គ្រាប់ ក្នុងជ័យជម្នះ ៥-១ ទល់នឹងប៉ូឡូញ ពេលនោះហើយជាការឈ្នះលើកទី១៣២ នៅកម្រិតជម្រើសជាតិ។ ម្ចាស់ពាន Ballon d’Or ៥សម័យ ក្លាយជាកីឡាករឈ្នះការប្រកួតច្រើនបង្អស់នៅជម្រើសជាតិ ដោយវ៉ាដាច់អតីតមិត្តរួមក្រុមនៅ Real Madrid ខ្សែការពារ Sergio Ramos ដែលឈ្នះ ១៣១លើកជាមួយជម្រើសជាតិអេស្ប៉ាញ។
ការផ្តល់កំណត់ត្រាពិភពលោក (Guinness World Cup) ទៅកាន់ខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំ ធ្វើឡើងនៅមុនពេលការប្រកួត ដែលព័រទុយហ្កាល់ ផ្តួលក្រុមដាណឺម៉ាក លទ្ធផល ៥-២ ថ្ងៃទី២៣ មីនា។ Ronaldo ក្នុងការប្រកួតនោះក៏រួមចំណែកស៊ុតបាល់បញ្ចូលទី ១គ្រាប់ ដើម្បីជួយដល់ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបន្តទៅជួបអាល្លឺម៉ង់។
ក្រៅពីជាកីឡាករដែលឈ្នះការប្រកួតនៅក្រុមជម្រើសជាតិច្រើនជាងគេលើពិភពលោក អតីតកីឡាករ Real Madrid, Man Utd ក៏ជាកីឡាករកំពុងរងបានគ្រាប់បាល់ច្រើនជាងគេបង្អស់ផងដែរ ទាំងនៅក្រុមជម្រើសជាតិ និងតាមក្លិប ចំនួន ៩២៩គ្រាប់។ ចំណែកការបង្ហាញខ្លួនឱ្យព័រទុយហ្កាល់ មានចំនួនរហូតដល់ ២១៩លើក គិតមកដល់ពេលនេះ។
កំពូលតារាបាល់ទាត់ព័រទុយហ្កាល់ ក៏ជាកីឡាករមួយរូបកំពុងកាន់កាប់កំណត់ត្រាពិភពលោកដទៃទៀត ជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅក្រុមជម្រើសជាតិ និងជាកីឡាករដំបូងប្រចាំក្របខណ្ឌ UEFA Champions League ដែលស៊ុតបាល់បញ្ចូលទី ១០០គ្រាប់។ ខ្សែប្រយុទ្ធវ័យចំណាស់ក៏ជាកីឡាករបាល់ទាត់ដែលមានចំនួនអ្នកចុចតាមដានលើបណ្តាញសង្គម Instagram និង ១ពាន់លាននាក់ សរុបចូលគ្នារាល់បណ្តាញសង្គមដែលគេប្រើប្រាស់៕