- ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:២៩ នាទី យប់

លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការចំពោះកិច្ច បាននិយាយថាព្រឹត្តិការណ៍ យុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេច ហ៊ុន ម៉ាណែត លើកទី២ គឺត្រូវធ្វើឲ្យបានល្អជាងលើកទី១ ជាពិសេសការផ្ដល់តម្លាភាព និងទំនុកចិត្តនៃការប្រកួតសម្រាប់កីឡាករ-កីឡាការិនី ចំពោះការដាក់ពិន្ទុនិងការវិនិច្ឆ័យ។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ បន្ទាប់ពីចប់វគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល និងចៅក្រម យុទ្ធគុនចម្រុះខ្មែរបុរាណ កាលពីថ្ងៃទី២២មីនា ឆ្នាំ២០២៥ នៅសាលាកីឡាគុណធម៌។
មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល និងចៅក្រម ៧០នាក់ចូលរួមវគ្គបណ្ដុះបណ្ដាលត្រៀមសម្រាប់ព្រឹត្តិ ការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេច ហ៊ុន ម៉ាណែត លើកទី២។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១-២២ មីនា នៅសាលាកីឡាគុណធម៌ក្នុងគោលដៅ ត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ជាលើកទី២ ពីថ្ងៃទី២៧-៣០ វិច្ឆិកា ២០២៥។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក (NOCC) ផងដែរនោះ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឲ្យបានល្អជាងលើកទី១។ ដើម្បីធ្វើឲ្យបានល្អនោះ លោក វ៉ាត់ ចំរើន និយាយថា លុះត្រាតែអាជ្ញាកណ្ដាល ចៅក្រម និងមន្ដ្រីបច្ចេកទេស មានវិជ្ជាជីវៈត្រឹមត្រូវ យល់ដឹងពីរៀបរបប នៃការដឹកនាំការប្រកួត ហើយដាក់ពិន្ទុប្រកបដោយអព្យាក្រឹត្យ និងយុត្តិធម៌។
អនុប្រធានអចិន្ដ្រៃយ៍រូបនេះ បាននិយាយថា៖«ការត្រៀមលក្ខណៈនៃការប្រកួតប្រព្រឹតទៅបានល្អ ទាល់តែមានអាជ្ញាកណ្ដាលល្អ ចៅក្រម និងមន្ដ្រីបច្ចេកទេសមានវិជ្ជាជីវៈត្រឹមត្រូវ មានការយល់ដឹងអំពី របៀបរបប នៃការធ្វើការដឹកនាំការប្រកួត មានការវិនិច្ឆ័យប្រកបដោយយុត្តិធម៌ និងប្រកបដោយ Fair-Play ហើយការប្រកួតដែលអាជ្ញាកណ្ដាលប្រកបដោយក្រមសីលធម៌ អព្យាក្រឹត្យភាពរបស់អាជ្ញា កណ្ដាលចៅក្រម ហើយមានការអភិវឌ្ឍអំពីរបៀបរបបនៃការផ្ដល់ពិន្ទុទៅលើកីឡាករ-កីឡាការិនី។»។
ការងារប្រកបដោយក្រមសីលធម៌ និងបច្ចេកទេសល្អ ព្រមទាំងអព្យាក្រឹត្យត្រូវបានអនុប្រធានរូបនេះ ចាត់ទុកថាធ្វើឲ្យកីឡាករ-កីឡាការិនី មានទំនុកចិត្តខ្ពស់ដែលជាហេតុធ្វើឲ្យបានព្រឹត្តិការណ៍កាន់តែរលូន និងល្អ។
«កីឡាករ-កីឡាការិនី ចូលរួមការប្រកួតមានភាពកក់ក្ដៅ ហើយគាត់មើលឃើញការវិនិច្ឆ័យការដាក់ ពិន្ទុរបស់គាត់បានត្រឹមត្រូវហើយមានយុត្តិធម៌សម្រាប់គាត់ ហើយឲ្យគាត់មានទឹកចិត្តហ្វឹកហាត់ជំនាញនេះ ឲ្យកាន់តែល្អប្រសើរ កុំឲ្យគាត់បាក់ទឹកចិត្តដោយសារតែការវិនិច្ឆ័យ និងការផ្ដល់ពិន្ទុមិនសមស្រប មិនបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។»។ អនុប្រធានអចិន្ដ្រៃយ៍រូបនេះ បាននិយាយដូច្នេះ។
លោក វ៉ាត់ ចំរើន វាយតម្លៃថា សិក្ខាកាម ៧០នាក់នោះ ទទួលបានលទ្ធផលខ្ពស់ ព្រោះវគ្គបណ្ដុះបណ្ដាល នេះ បានបង្រៀនទាំងទ្រឹស្ដី បទបញ្ជានៃការប្រកួត និងបទបញ្ជាផ្ទៃក្នុងផ្សេងៗទៀត។ ក្រៅពីនេះ វគ្គបណ្ដុះបណ្ដាលនេះ ក៏មាននូវការបង្រៀនពីបច្ចេកទេសក្នុងការដាក់ពិន្ទុ ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលផងដែរ៕