តៃវ៉ាន់ ព្រួយបារម្ភពីប្រជាជនរបស់ខ្លួនឯង ដែលលួចឈ្លបយកការណ៍សម្ងាត់ ទៅឲ្យចិន ជាសត្រូវ
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៣០ នាទី ព្រឹក
តៃវ៉ាន់ ព្រួយបារម្ភពីប្រជាជនរបស់ខ្លួនឯង ដែលលួចឈ្លបយកការណ៍សម្ងាត់ ទៅឲ្យចិន ជាសត្រូវ

ដោយ៖ទន់ ពុទ្ធពិសិដ្ឋ/RFI ខេមរភាសា

រដ្ឋាភិបាលទីក្រុងតៃប៉ិ កាន់តែព្រួយបារម្ភយ៉ាងខ្លាំងឡើង ព្រោះតែប្រជាជនតៃវ៉ាន់កាន់តែច្រើនទៅៗ បានលួចឈ្លបការណ៍សម្ងាត់ទៅឲ្យរដ្ឋអំណចចិនកុម្មុយនិស្ត។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនប្រជាពលរដ្ឋតៃវ៉ាន់ដែលត្រូវតុលាការកាត់ទោស ពីបទចារកម្ម បានកើនឡើងច្រើនគួរឲ្យកាត់សំគាល់។

នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលទីក្រុងតៃប៉ិព្រួយបារម្ភកាន់តែខ្លាំងៗ ពីព្រោះប្រជាជនរបស់ខ្លួនបានឈ្លបយកការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលចិនកុម្មនីស្ត។ ត្បិតថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រើប្រាស់បណ្តាញនិងយុទ្ធសាស្រ្តចម្រុះ ដើម្បីបញ្ចុះបញ្ចូលយោធានិងមន្រ្តីរដ្ឋអាជ្ញាតៃវ៉ាន់ ព្រមទាំងក្រុមគាំទ្ររដ្ឋអំណាចចិន ឲ្យលួចឯកសារសម្ងាត់ការពារជាតិតៃវ៉ាន់ឲ្យខ្លួន។ ក្នុងនោះ ភាគច្រើនជាមន្រ្តីយោធាចូលនិវត្តន៍ និង មន្រ្តីយោធាកំពុងបម្រើការ ដោយសន្យាឲ្យប្រាក់កំរ៉ៃ និងបង្កើតជាក្រុមប្រដាប់អាវុធដើម្បីជួយដល់កងកម្លាំងសត្រូវ។ 

រដ្ឋាភិបាលចិនក៏បានប្រើប្រាស់ធនាគារក្រៅផ្លូវការដែលផ្តល់ជាប្រាក់កម្ចី ឬ លើកលែងបំណុលដល់មន្រ្តីយោធាចូលនិវត្តន៍ ឬ មន្រ្តីយោធាកំពុងបម្រើការ ជាថ្នូរនឹងព័ត៌មានសម្ងាត់របស់តៃវ៉ាន់។ បើយោងតាមការិយាល័យសន្តិសុខជាតិតៃវ៉ាន់ នៅឆ្នាំ២០២៤ តុលាការទីក្រុងតៃប៉ិបានកាត់ទោសមនុស្សចំនួន ៦៤នាក់ពីបទចារកម្ម ក្នុងនោះ ១៥នាក់ជាទាហានចូលនិវត្តន៍ និង ២៨នាក់ជាមន្រ្តីយោធាកំពុងបម្រើការ។ នៅឆ្នាំ២០២៣ មានចំនួន៤៨នាក់ និងនៅឆ្នាំ២០២២ មាន ចំនួន ១០នាក់។

ដោយឡែក រដ្ឋាភិបាលចិនកុម្មនីស្ត ក៏បានបញ្ចុះបញ្ចូលប្រជាជនតៃវ៉ាន់ដែលជាជនរងគ្រោះដោយការគំរាមកំហែង ឬ ត្រូវពង្វក់ដោយប្រើមនោគមន៍វិជ្ជាគាំទ្រកុម្មយនីស្ត ដើម្បីយកការសម្ងាត់ឲ្យខ្លួន។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់តៃវ៉ាន់បានបន្តទៀតថា ចិនក៏បានប្រើឧក្រិដ្ឋជនឲ្យប្រមូលមន្រ្តីយោធាតៃវ៉ាន់ចូលនិវត្តន៍ ដើម្បីបង្កើតក្រុមស៊ីឈ្នួលជំនាញខាងលបបាញ់ និង រៀបចំផែនការផ្សេងៗប្រឆាំងនឹងកងកម្លាំងតៃវ៉ាន់ និង ស្ថានទូតបរទេសនៅតៃវ៉ាន់ជាដើម។

តំណាងអយ្យការតៃវ៉ាន់បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាជាទូទៅមន្រ្តីយោធាដែលបំពានច្បាប់សន្តិសុខជាតិ ដែលជាបទលើ្មសព្រហ្មទណ្ឌហើយត្រូវតុលាការកាត់ទោស មានចំនួនច្រើនគួរឲ្យកត់សំគាល់។ ប៉ុន្តែចំពោះប្រជាជនសាមញ្ញដែលបំពានច្បាប់សន្តិសុខជាតិ មិនត្រូវចាត់ចូលក្នុងបទល្មើសព្រហ្មទណ្ឌឡើយ។ ដូច្នេះ មន្រ្តីយោធាត្រូវទទួលទោសទណ្ឌតឹងរឹងជាងប្រជាពលរដ្ឋសាមញ្ញ ពីព្រោះពួកគេមន្រ្តីមានសមត្ថកិច្ចបម្រើការជូនជាតិមាតុភូមិ។

កាលពីសប្តាហ៍មុន លោកប្រធានាធិបតីតៃវ៉ាន់ ឡៃ ឈិនទឿ បានចាត់ទុករដ្ឋាភិបាលទីក្រុងប៉េកាំង ជាកម្លាំងសត្រូវពីខាងក្រៅ ដែលបង្កអស្ថិរភាព និង គំរាមកំហែងដល់សន្តិសុខជាតិតៃវ៉ាន់។

លោកប្រធានធិបតីរូបនេះ ជំរុញឲ្យតុលាការយោធា ពិនិត្យនិងតាមដានលើសំណុំរឿងចារកម្ម ហើយតុលាការគួរតែដាក់ទោសទណ្ឌធ្ងន់ ចំពោះមន្ត្រីកងប្រដាប់អាវុធណាមួយ ដែលឈ្លបយការណ៍សម្ងាត់ជាពិសេសឯកសារសម្ងាត់ការពារជាតិរបស់តៃវ៉ាន់ប្រាប់ចិន៕ 


© រក្សាសិទ្ធិដោយ thmeythmey.com

Other