ទស្សនៈ« រួបរួមគ្នាដើម្បីកម្ពុជារុងរឿង» ត្រូវតទល់ទស្សនៈ«ប្រឌិតរឿង ដើម្បីធ្វើឱ្យជំរំទេវតាឆេះ»
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២០ នាទី ល្ងាច
ទស្សនៈ« រួបរួមគ្នាដើម្បីកម្ពុជារុងរឿង» ត្រូវតទល់ទស្សនៈ«ប្រឌិតរឿង ដើម្បីធ្វើឱ្យជំរំទេវតាឆេះ»

ភ្នំពេញ៖ ម្ដងហើយ ម្ដងទៀត! អ្នកនាំពាក្យសម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញប្រកាសថ្កោលទោសលើក្រុមប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេស បានបង្កើតខ្លឹមសារថា សម្ដេច ស ខេង ជាក្បាលម៉ាស៊ីនដឹកនាំនៃ «ចលនាជាតិតស៊ូ» រំដោះប្រទេសកម្ពុជា។ សម្ដេច ស ខេង ចាត់ទុកខ្លឹមសារនេះ ជាឧបាយកលទុច្ចរិត របស់ក្រុមប្រឆាំងរដ្ឋាភិបាល ដែលមានបំណងបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា។
TTN-Free-Banner-In-Article-PC


«គ្មាននរណាអាចបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាបានទេ ផ្ទុយទៅវិញគ្រប់ការប៉ុនប៉ងបំបែកបំបាក់តែងតែរលាយខ្លួនឯងទៅវិញ»។ នេះជាប្រសាសន៍ដើមរបស់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានអ្នកនាំពាក្យសម្ដេច ស ខេង បានស្រង់មកបញ្ជាក់នៅក្នុងសេចក្តីប្រកាសថ្កោសទោសនៅថ្ងៃទី២៤ មីនា ដើម្បីបង្ហាញពីចិត្តគំនិតរួមគ្នារបស់ថ្នាក់ដឹកនាំទាំងពីរ ឆ្លើយតបទៅក្រុមប្រឆាំង។
 
អ្នកនាំពាក្យសម្ដេច ស ខេង បានសង្កត់ធ្ងន់ថា ក្រុមប្រឆាំងរដ្ឋាភិបាល តែងតែបង្កើតព័ត៌មានប្រឌិតគ្រប់រូបភាព ដើម្បីបំបែកបំបាក់គណបក្សកាន់អំណាច ក្រោមរបៀបវារៈនយោបាយរបស់ពួកគេ ដែលធ្លាប់បានអះអាងថា «ពួកគេនៅមានក្លេរជាច្រើនទៀតប្រឌិតឡើង ដើម្បីធ្វើឱ្យជំរំទេវតាឆេះ»។ 

ដើម្បីទប់ទល់នឹងឧបាយកលក្រុមប្រឆាំងផង និងស្ថានភាពមិនប្រាកដប្រជារបស់ពិភពលោកផង គណបក្សប្រជាជន តែងតែប្រជុំពិគ្រោះយោបល់ និងរៀបចំផែនការសកម្មភាព ក្រោមទស្សនៈ «រួបរួមគ្នាដើម្បីកម្ពុជារុងរឿង»។ បើតាមអ្នកនាំពាក្យសម្ដេច ស ខេង ទស្សនៈនេះ ក្នុងគោលដៅរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាពសង្គម ការពារសន្តិភាព និងរក្សាលំនឹងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ អ្នកនាំពាក្យអនុប្រធានគណបក្សកាន់អំណាច ចាត់ទុកសកម្មភាពក្រុមប្រឆាំងរដ្ឋាភិបាល ជាចេតនាអគតិបំបែកបំបាក់សាមគ្គីផ្ទៃក្នុងបក្ស។ «គំនិតដ៏ស្មោគគ្រោកទាំងនេះ គឺជាភេរវករនយោបាយ និងជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដែលអាចបង្កអន្តរាយដល់ប្រជាជន និងជាតិទាំងមូល»។ នេះបើតាមអ្នកនាំពាក្យដដែល។

សម្ដេច ស ខេង តែងតែគោរពគោលការណ៍ដឹកនាំតាមឋានានុក្រម និងមានភក្តីភាព ប្រកបដោយភាពកតញ្ញូចំពោះសម្ដេច ហ៊ុន សែន គ្រប់កាលៈទេសៈ។ អ្នកនាំពាក្យសម្ដេច ស ខេង បានបញ្ជាក់ដូច្នេះ៖« សម្ដេចតេជោ តែងតែមានព្រហ្មវិហារធម៌ចំពោះសម្ដេចក្រឡាហោម គឺគ្មានអ្វីមកបំបែកស្មារតីចាស់ទុំរបស់លោកទាំងពីរបានជាដាច់ខាត ដូចពាក្យដំណាលថា សម្ដេចក្រឡាហោមក្រោមការដឹកនាំរបស់សម្ដេចតេជោ»។

សម្ដេច ស ខេង ចាត់ទុកសម្ដេច ហ៊ុន សែន និងភរិយា គឺជាមគ្គទេសក៍ដ៏ឆ្នើម ក្នុងការដោះស្រាយបញ្ហានៅកម្ពុជា ពីការបែកបាក់សង្គ្រាម ជម្លោះទាស់ទែង បែងចែកទឹកដីគ្នា រហូតមានសុខសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះ។ មិនតែប៉ុណ្ណោះ សម្ដេច ស ខេង តែងតែប្រកាសជំហរគាំទ្ររដ្ឋាភិបាលបន្តវេន ប្រកបដោយភាពជឿជាក់ចំពោះការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ 

ទន្ទឹមនឹងនេះអនុប្រធានគណបក្សប្រជាជនកម្ពុជា អំពាវនាវឱ្យមហាជន កុំជឿតាមសាររបស់ក្រុមប្រឆាំង ដែលមានចរិតជាន់ឈ្លីច្បាប់ គោលនយោបាយប្រជាធិបតេយ្យ ជាពិសេសបំផ្លិចបំផ្លាញស្ថេរភាពនយោបាយ និងការអភិវឌ្ឍនៅកម្ពុជា។ «ការផ្សព្វផ្សាយនេះមិនមែនជាការពិត ជាការបោកប្រាស់ ប្រជាភិថុតសុទ្ធសាធ ដែលត្រូវបដិសេធយ៉ាងដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ»។ នេះបើតាមអ្នកនាំពាក្យសម្ដេច ស ខេង ដែលបានបន្ថែមថា ការបង្កើតចលនាតស៊ូនិរទេសខ្លួននៅបរទេសនេះ ជាចលនាខុសច្បាប់ និងច្រាសទិសលទ្ធិប្រជាធិបតេយ្យ៕
 

អ្នកសរសេរអត្ថបទ

រំដួល ចិត្រា (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថល​ថ្មីៗ នៅឆ្នាំ២០១៤ ។ ចិត្រា មានជំនាញ​សរសេរ​ព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយក​ការណ៍​។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រំដួល ចិត្រា