បដិសេធការចោទគេចពន្ធ លោកស្រីផែថងថាន ថា បានបង់ពន្ធលើសសមាជិកសភាផ្សេងទៀត
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:២៩ នាទី រសៀល
បដិសេធការចោទគេចពន្ធ លោកស្រីផែថងថាន ថា បានបង់ពន្ធលើសសមាជិកសភាផ្សេងទៀត
នាយករដ្ឋមន្រ្តីថៃ​ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ។ រូបភាព ៖ AFP

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានច្រានចោលការចោទប្រកាន់របស់បក្សប្រឆាំង ដែលថាលោកស្រីគេចវេសពីការបង់ពន្ធ លើការផ្ទេរទ្រព្យសម្បត្តិនៅក្នុងឆ្នាំ២០១៦។ ការបដិសេធនេះ ធ្វើឡើងនៅក្នុងសភាថៃ ជុំវិញការជជែកដេញដោលតាមដានការងាររដ្ឋាភិបាល នៅថ្ងៃទី២៤ ខែមីនា។

TTN-Free-Banner-In-Article-PC

«ទោះបីខ្ញុំនៅក្មេងជាងអ្នក តែខ្ញុំច្បាស់ណាស់ថាបានបង់ពន្ធច្រើនជាងអ្នក»។ កាសែត Bangkok Post បានស្រង់សម្តីលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានតបតទៅនឹងសមាជិកសភាបក្សប្រឆាំងដែលចោទលោកស្រីថាបានគេសវេសពន្ធ។ 

នាយករដ្ឋមន្រ្តីវ័យក្មេងរូបនេះបានបញ្ជាក់ជាថ្មីថា លោកស្រីបានបញ្ជូនបញ្ជីទ្រព្យសម្បត្តិខ្លួនទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) រួចរាល់ហើយ តាមតម្រូវការរបស់ច្បាប់ ដោយសង្កត់ធ្ងន់ថា «អ្នកស្រីមានតម្លាភាព និងគ្មានអ្វីត្រូវលាក់បាំងនោះទេ»។

សមាជិកសភាបក្សប្រជាជន លោក Wiroj Lakkhanaadisorn បានចោទប្រកាន់លោកស្រី ផែថងថាន ថាមិនបានបង់ពន្ធជាង ២១៨,៧លានបាត (៦,៤៣លានដុល្លារ) ដែលទាក់ទងនឹងភាគហ៊ុនដែលមានតម្លៃប្រហែល ៤,៤៤ពាន់លានបាត (១៣០លានដុល្លារ) ដែលត្រូវបានផ្ទេរទៅឲ្យលោកស្រីដោយសមាជិកគ្រួសារក្នុងឆ្នាំ ២០១៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS ។

អំឡុងពេលជជែកដេញដោលនៅសភា លោក Wiroj បានអះអាងថា នាយករដ្ឋមន្ត្រីបានចេញកិច្ចសន្យាចំនួន៩ ដល់បងប្អូនបង្កើតរបស់លោកស្រីរួមទាំង ម្តាយ ពូ និងមីង ដើម្បីជាថ្នូរនឹងការទទួលយកភាគហ៊ុន។

លោកស្រី ផែថងថាន បានតបតទៅវិញថា ដោយសារលោកស្រីមិនទាន់បានបង់ថ្លៃភាគហ៊ុននោះ ដូច្នេះលោកស្រីមិនតម្រូវឱ្យប្រកាសថាជាផ្នែកមួយនៃទ្រព្យសម្បត្តិរបស់ខ្លួននោះទេ។អ្នកនយោបាយស្រ្តីវ័យ៣៨ឆ្នាំរូបនេះ បានបន្ថែមថា នៅពេលធ្វើការទូទាត់ លោកស្រីនឹងបញ្ចូលវាទៅក្នុងបញ្ជីទ្រព្យសម្បត្តិហើយនឹងដាក់ជូនទៅ NACC។

ទាក់ទិននឹងការចោទប្រកាន់ថា ការទិញដីទំហំ ១៤៨ហិកតារបស់គ្រួសារលោកស្រីនៅក្នុងខេត្ត Pathum Thani គឺខុសច្បាប់នោះ នាយករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា គ្រួសាររបស់លោកស្រីបានទិញដីនោះកាលពីលោកស្រីនៅក្មេង។ លោកស្រីបន្ថែមថា នាយកដ្ឋាន​ដីធ្លីថៃ​ដែល​ចេញ​ប័ណ្ណ​កម្មសិទ្ធិនោះ ​បាន​អះអាង​ថា​មិន​មាន​អ្វី​ខុស​ច្បាប់​ចំពោះ​ការ​ទិញ​លក់​ដីនោះ​ទេ។

កាលពីថ្ងៃទី៣ ខែធ្នូ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានប្រកាសទ្រព្យជាង ៤០០លានដុល្លារ។ ឯកសារបង្ហាញនៅ NACC បានបង្ហាញថា ប្រាក់ចំណូលរបស់លោកស្រី ផែថងថាន មានប្រហែល ៧,៧លានដុល្លារក្នុងមួយឆ្នាំ​។ ក្នុងនោះប្រាក់ខែជានាយករដ្ឋមន្ត្រីទទួលបាន ៩៩ ០០០ដុល្លារក្នុងមួយឆ្នាំ ខណៈភាគលាភដែលទទួលបានពីអាជីវកម្មមានតម្លៃ ៧,៥៣លានដុល្លារ រួមទាំងឡានស៊េរីទំនើប នាឡិកា កាបូបព្រមទាំងមានទ្រព្យសម្បត្តិនៅទីក្រុងឡុងដ៍ និងប្រទេសជប៉ុនផងដែរ។ 

លោកស្រីក៏បានប្រកាសកិច្ចព្រមព្រៀងបំណុលចំនួន៦ ជាមួយសមាជិកគ្រួសារ ដែលសរុបជាទឹកប្រាក់ប្រមាណ ៨១,៣លានដុល្លារ រួមទាំងប្រាក់កម្ចីពីម្តាយ បងប្អូនបង្កើត និងពូជាដើម៕

អត្ថបទទាក់ទង
 


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង