- ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១២:២៩ នាទី យប់

សហនាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Han Jong-hee បានទទួលមរណភាពក្នុងវ័យ ៦៣ឆ្នាំ ដោយសារគាំងបេះដូង។ នេះបើតាមការប្រកាសក្រុមហ៊ុន Samsung Electronics នៅថ្ងៃទី២៥ ខែមីនា។
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុន Samsung លោក Han Jong-hee សហនាយកប្រតិបត្តិក្រុមហ៊ុន Samsung ដែលមានវ័យ ៦៣ឆ្នាំ បានទទួលមរណភាព ដោយសារគាំងបេះដូង នៅមន្ទីរពេទ្យ។ មកទល់ពេនេះ ក្រុមហ៊ុន Samsung មិនទាន់ប្រកាសពីអ្នកស្នងតំណែងរបស់លោក Han ឡើយ។
លោក Jun Young-hyun ដែលតែងតាំងជាសហនាយកប្រតិបត្តិនៅសប្តាហ៍មុន ក្នុងជំនួបម្ចាស់ភាគហ៊ុន បន្តកាន់តំណែង នាយកប្រតិបត្តិក្រុមហ៊ុន Samsung តែម្នាក់ឯង។ ចាប់តាំងពីឆ្នាំ២០២៤ មក លោក Jun ត្រូវបានដំឡើងតំណែងឱ្យត្រួតពិនិត្យលើផ្នែកបន្ទះឈីប ក្រោយក្រុមហ៊ុនយក្សមួយនេះ ដើរយឺតជាងក្រុមហ៊ុន SK Hynix និងក្រុមហ៊ុន TSMC នៅក្នុងទីផ្សារបន្ទះឈីប និងបញ្ញាសិប្បនិម្មិតអន្តរជាតិ។
ជាប្រពៃណី ក្រុមហ៊ុន Samsung តែងតែមានសហនាយកប្រតិបត្តិ ដើម្បីគ្រប់គ្រងលើផ្នែកអ្នកប្រើប្រាស់ និងបន្ទះឈីប។
សូមបញ្ជាក់ថា លោក Han ចូលធ្វើការនៅក្រុមហ៊ុន Samsung តាំងពីជិត ៤០ឆ្នាំមុនមកម្លេះ ហើយលោកជាបុគ្គលម្នាក់ ដែលជួយឱ្យទីផ្សារទូរទស្សន៍របស់ក្រុមហ៊ុន Samsung មានឥទ្ធិពលនៅលើទីផ្សារ។ ក្រុមហ៊ុន Samsung បានសរសើរស្នាដៃរបស់លោក Han ដែលជួយក្រុមហ៊ុនក្នុងការបន្តភាពជាអ្នកដឹកនាំលើផ្នែកបច្ចេកវិទ្យាលើឆាកអន្តរជាតិ៕