- ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

ភ្នំពេញ៖ កម្ពុជាទទួលបានទុនវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនចិនមកពីខេត្ត ជាំងស៊ូ ដែលមានបច្ចុប្បន្ន មានប្រមាណ២០០ក្រុមហ៊ុន បង្កើតរោងចក្រនានានៅតំបន់សេដ្ឋកិច្ចពិសេស។ ដោយមើលឃើញពីសក្តានុពលនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើឱ្យខេត្តជាំងស៊ូ ពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្មមួយ ដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច ដើម្បីផ្គត់ផ្គង់ឧស្សាហម្មក្នុងស្រុក និងនាំចេញទៅក្រៅ។
សំណើរនេះ ត្រូវបានលើកឡើងដោយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅចំពោះមុខលោក ជីន សាងជីន អនុប្រធានមន្ទីរកិច្ចការបរទេសនៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន នាទីស្តីការ CDC នាថ្ងៃទី២៤ ខែមីនា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC លោក ជីន សាងជីន បានឯកភាពចំពោះសំណើរខាងលើ ក្នុងការពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្ម ធ្វើការផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាសម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗ។ ការណ៍ពិចារណាក្នុងការបង្កើតតំបន់កសិ-ឧស្សាហកម្មនេះ គឺដើម្បីរួមចំណែកកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស សំដៅចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក។
ជាមួយគ្នានេះ លោក ជីន សាងជីន បានកោតសរសើរពីការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងសាទរចំពោះកំណើននៃការវិនិយោគមកកម្ពុជា ជាពិសេសការវិនិយោគមកពីខេត្តជាំងស៊ូ។
ខេត្តជាំងស៊ូ ជារឿយៗតែងតែជំរុញវិនិយោគិននៅក្នុងខេត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពដ៏អស្ចារ្យមួយ ដែលបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស នេះមានក្រុមហ៊ុនវិនិយោគរហូតដល់ទៅប្រមាណជិត២០០ ហើយក៏មានការបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀតស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាប្រភពទុនវិនិយោគមកពីខេត្តជាំងស៊ូ ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់CDC។
ប្រភពទុនវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ។ ដោយឡែក ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១១២ ក្នុងទំហំទុនជាង១ ០០០លានដុល្លារអាម៉េរិក។ CDC បានបញ្ជាក់ថា ការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណជិត ៨០ភាគរយ នៃទុនវិនិយោគសរុប៕