សម្តេច ឃួន សុដារី លើកទឹកចិត្តស្រ្តីចាប់ជំនាញ «បច្ចេកវិទ្យាឌីជីថល»
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៩ នាទី រសៀល
សម្តេច ឃួន សុដារី លើកទឹកចិត្តស្រ្តីចាប់ជំនាញ «បច្ចេកវិទ្យាឌីជីថល»

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា លើកទឹកចិត្តឱ្យស្រ្តីចាប់ជំនាញ «បច្ចេកវិទ្យាឌីជីថល» កាន់តែច្រើន ដើម្បីពួតដៃគ្នាដឹកនាំកម្ពុជាទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ និងបន្តក្លាយជាប្រទេសចំណូលខ្ពស់ឆ្នាំ ២០៥០។

TTN-Free-Banner-In-Article-PC

ក្នុងវេទិកាផ្សព្វផ្សាយស្ដីពី «វឌ្ឍនភាពវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នៅវិមានរដ្ឋសភា នាថ្ងៃទី២៥ ខែមីនា សម្ដេច ឃួន សុដារី បានលើកឡើងថា បច្ចុប្បន្ន ស្រ្តីកម្ពុជាហាក់មានគម្លាតឆ្ងាយពីវិស័យបច្ចេកវិទ្យាឌីជីថល។ ការណ៍នេះ មិនទាន់បានបង្ហាញពីសមភាពយេនឌ័រនៅឡើយទេ។

សម្ដេច បានស្នើឱ្យ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជួយជ្រោមជ្រែងស្រ្តីឱ្យបានប្រឡូកក្នុងវិស័យបច្ចេកវិទ្យាឌីជីថលកាន់តែច្រើន ដើម្បីពួតដៃគ្នា​ឈានទៅសម្រេចគោលដៅប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ និងបន្តក្លាយជាប្រទេសចំណូលខ្ពស់ឆ្នាំ ២០៥០។

សម្ដេច ឃួន សុដារី ថ្លែងដូច្នេះថា៖«ក្មេងស្រីៗ ត្រូវតែយកចិត្តទុកដាក់លើវិស័យបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញវិស័យនេះឱ្យកាន់តែលឿន ដោយខ្ញុំសង្ឃឹមថា ស្រ្តីមានលទ្ធភាពកាន់តែកៀកបច្ចេកវិទ្យាក្នុងយុគសម័យថ្មីនេះ។ ដូច្នេះ ខ្ញុំសូមឱ្យរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម (លោក ហែម វណ្ណី) ធ្វើយ៉ាងម៉េចជួយជំរុញឱ្យស្រ្តីបានប្រឡូកក្នុងវិស័យវិស័យនេះ ដើម្បីធ្វើយ៉ាងណារួមដៃជាមួយបុរសក៏ដូចស្រទាប់ប្រជាជន ដើម្បីសម្រេចគោលដៅកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០»។ 

រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដើម្បីជំរុញកំណើនការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល»។ ដើម្បីគាំទ្រយុទ្ធសាស្ត្រនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំ និងអនុវត្តផែនទីបង្ហាញផ្លូវ និងរបៀបវារៈស្រាវជ្រាវជាតិ, ការកសាងប្រព័ន្ធអេកូឡូស៊ី និងឯកសារសំខាន់ៗផ្សេងទៀត។ លើសពីនេះ ក៏មាន ការសិក្សាស្រាវជ្រាវ និងជំរុញការប្រើបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ក្នុងគោលដៅបម្រើឱ្យអន្តរវិស័យ ជាពិសេសវិស័យឧស្សាហកម្ម ៤.០ និងឧស្សាហកម្មជំនាន់ក្រោយបន្តបន្ទាប់ទៀត៕


អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា