Raphinha ជឿជាក់ប្រេស៊ីល នឹងឈ្នះអាហ្សង់ទីន នៅវគ្គជម្រុះ World Cup 2026
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៩ នាទី រសៀល
Raphinha ជឿជាក់ប្រេស៊ីល នឹងឈ្នះអាហ្សង់ទីន នៅវគ្គជម្រុះ World Cup 2026

ខ្សែប្រយុទ្ធ Raphinha បង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថាក្រុមជម្រើសជាតិប្រេស៊ីល និងអាចយកឈ្នះលើអាហ្សង់ទីន សម្រាប់ការប្រកួតវគ្គជម្រុះ FIFA World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង នៅថ្ងៃទី២៦ ខែមីនា។

TTN-Free-Banner-In-Article-PC

កីឡាករ Barcelona វ័យ ២៨ឆ្នាំ បានប្រាប់ទូរទស្សន៍ប្រេស៊ីល Romario TV ដូច្នេះថា៖«យើងនឹងបំបាក់ពួកគេ [អាហ្សង់ទីន] នៅលើទីលាន។ យើងចាំបាច់ត្រូវធ្វើរឿងនេះ។ ខ្ញុំនឹងស៊ុតបាល់បញ្ចូលទល់នឹងអាហ្សង់ទីន ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីអ្វីដែលខ្ញុំចង់បាន។»។

រយៈពេល ៦ឆ្នាំ មកហើយ ក្រុមជម្រើសជាតិប្រេស៊ីល មិនដែលយកឈ្នះអាហ្សង់ទីនឡើយ ហើយប្រេស៊ីលក៏មិនដែលយកឈ្នះការប្រកួត នៅលើទឹកដីអាហ្សង់ទីន រយៈពេល ១៦ឆ្នាំ​ ដូចគ្នាដែរ។ អាហ្សង់ទីនបច្ចុប្បន្នជាក្រុមកំពុងនាំមុខកំពូលតារាងវគ្គជម្រុះ ​World Cup ទ្វីបអាម៉េរិកខាងត្បូង ដោយរកបានចំនួន ២៨ពិន្ទុ នាំមុខ ៦ពិន្ទុ ពីក្រុមលេខ ២ អេក្វាទ័រ និងចំនួន ៧ពិន្ទុ ពីប្រេស៊ីល ដែលឈរលេខ៣។

ខណៈពេលដែលកីឡាករក្រុម Barca បាននិយាយដោយបញ្ចេញអារម្មណ៍ស្រែកឃ្លានចង់បំបាក់ទៅកាន់គូប្រជែង អ្នកចាត់ការក្រុមអាហ្សង់ទីន លោក Lionel Scaloni មិនបានឆ្លើយតបអ្វីច្រើន ចំពោះការលើកឡើងរបស់កីឡាករប្រធានក្រុមប្រេស៊ីល ហើយថែមទាំងសរសើរការតាំងចិត្តរបស់ Raphinha។

«ជាអ្នកប្រយុទ្ធនៅលើទីលាន និងជាមិត្តល្អទាំងនៅក្រៅ និងក្នុងទីលានប្រកួត។ ខ្ញុំមិនចង់និយាយអ្វីច្រើនទៅលើកីឡាករ។ ខ្ញុំចងចាំរូបភាពពេលដែល Messi និង Neymar បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ​Copa America យើងបានទុករូបភាពល្អៗទាំងនោះ ល្អបំផុតក្នុងពិភពលោក ហើយប្រហែលជាល្អបំផុតលំដាប់ទី២ ជាមួយគ្នា និងជាមិត្តភក្ត័ នេះជារូបភាពដែលយើងត្រូវការ។ វាជាការប្រកួតបាល់ទាត់ ដែលយើងទាំងសងខាងចង់ឈ្នះដូចគ្នា។[…]។»។ នេះបើតាមការលើកឡើងរបស់លោក Scaloni គ្រូបង្វឹកក្រុមអាហ្សង់ទីន។

ប្រេស៊ីល នឹងត្រូវតទល់ក្រុមម្ចាស់ផ្ទះអាហ្សង់ទីន ស្ថិតក្នុងកីឡដ្ឋាន El Monumental ក្នុងទីក្រុង Buenos Aires ដែលនឹងក្លាយជាការប្រកួតដំបូងរបស់ខ្សែប្រយុទ្ធ Raphinha ស្ថិតក្នុងទឹកដីអាហ្សង់ទីន គិតចាប់តាំងពីឆ្នាំ ២០២១ មក នៅពេលដែលរូបគេបានប្រើកែងដៃប៉ះទង្គិចខ្សែការពារ Nicolas Otamendi រហូតបែកមាត់។

ដោយឡែក នៅការប្រកួតវគ្គជម្រុះ ​World Cup 2026 ទ្វីបអាម៉េរិក ប្រសិនបើក្រុមបូលីវី មិនអាចផ្តួលអ៊ុយរូហ្គាយ បាន នោះជម្រើសជាតិអាហ្សង់ទីន នឹងក្លាយជាក្រុមដែលឈ្នះកៅអី World Cup 2026 ដំបូងគេចេញពីតំបន់ CONMEBOL បើទោះបីជាក្រុមនៅសល់ការប្រកួត ៤លើក ទៀតដ៏ដោយ ហើយប្រសិនបើអាហ្សង់ទីនអាចទប់ទល់ត្រឹមលទ្ធផលស្មើទល់នឹងប្រេស៊ីល៕


អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង