វៀតណាម គ្រោងកាត់ចំនួនខេត្តជាង ៥០ភាគរយ ដើម្បីបន្ថយចំណាយរដ្ឋ
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
វៀតណាម គ្រោងកាត់ចំនួនខេត្តជាង ៥០ភាគរយ ដើម្បីបន្ថយចំណាយរដ្ឋ
សាលាក្រុងហូជីមិញ ។ រូបភា​ព ៖ VnExpress

បើតាមសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំរដ្ឋបាលមូលដ្ឋានដែលធ្វើវិសោធនកម្ម ចំនួនអង្គភាពរដ្ឋបាលថ្នាក់ខេត្តរបស់វៀតណាម នឹងត្រូវកាត់បន្ថយពីចំនួន ៦៣ខេត្ត នាពេលបច្ចុប្បន្នមកនៅជាង ៥០ភាគរយ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ។ នេះបើតាមសារព័ត៌មាន VnExpress។

TTN-Free-Banner-In-Article-PC

បើតាមក្រសួង​មហាផ្ទៃ​វៀតណាម សេចក្តី​ព្រាង​ច្បាប់ថ្មី​នេះ​មាន ៧ជំពូកនិង ៤៩មាត្រា ដែលស្នើឱ្យមានគំរូរដ្ឋាភិបាលថ្នាក់មូលក្រោមជាតិមាន ២កម្រិតប៉ុណ្ណោះ រួមមានថ្នាក់ខេត្ត និងថ្នាក់ឃុំ។

ដើម្បីធានាថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់អនុវត្តការងារ និងអំណាចដែលបានប្រគល់ឱ្យប្រកបដោយប្រសិទ្ធភាព សេចក្តីព្រាងច្បាប់នេះបានធ្វើវិសោធនកម្ម និងបន្ថែមបទប្បញ្ញត្តិស្តីពីរចនាសម្ព័ន្ធរៀបចំរបស់អាជ្ញាធរមូលដ្ឋាននៅថ្នាក់ខេត្ត និងឃុំ។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ការិយាល័យនយោបាយវៀតណាមបានចេញសេចក្តីសម្រេចលេខ១២៧ ដោយប្រគល់ឱ្យគណៈកម្មាធិការបក្សរដ្ឋាភិបាលដឹកនាំការស្រាវជ្រាវ និងបង្កើតគម្រោង ហើយដាក់ជូនការិយាល័យនយោបាយ ស្តីពីការច្របាច់បញ្ចូលគ្នានៃអង្គភាពរដ្ឋបាលថ្នាក់ខេត្តមួយចំនួន លុបបំបាត់ការងាររដ្ឋបាលថ្នាក់ស្រុក និងបន្ត​ការងាររដ្ឋបាលថ្នាក់ស្រុកទៅ​ថ្នាក់​ឃុំ។

ក្រោយមក គណៈកម្មាធិការបក្សរដ្ឋាភិបាលវៀតណាម បានឯកភាពដាក់ជូនអាជ្ញាធរមានសមត្ថកិច្ចនូវផែនការបញ្ចូលគ្នា និងកាត់ចំនួន ៥០ភាគរយនៃអង្គភាពរដ្ឋបាលថ្នាក់ខេត្ត និងបន្ថយ ៦០-៧០ភាគរយនៃអង្គភាពថ្នាក់មូលដ្ឋាន បើប្រៀបធៀបនឹងបច្ចុប្បន្ន។ គេ​រំពឹង​ថា ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​អង្គភាព​រដ្ឋបាល​ថ្នាក់​ខេត្ត​នៅ​ទូទាំង​ប្រទេស​ នឹង​ត្រូវ​បញ្ចប់​មុន​ថ្ងៃ​ទី​៣០ ខែ​សីហា ហើយ​ដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ខែ​កញ្ញា។ អង្គភាពរដ្ឋបាលថ្នាក់ឃុំនឹងត្រូវបានបញ្ចូលគ្នាមុនថ្ងៃទី៣០ ខែមិថុនា ហើយឃុំ និងសង្កាត់ថ្មីនឹងដំណើរការចាប់ពីថ្ងៃទី ១ ខែកក្កដា។

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡិម  បានបញ្ជាក់ថា ការសម្រួលបរិក្ខារ និងការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលនៅគ្រប់កម្រិត មិនមែនគ្រាន់តែជាបញ្ហានៃការកែសម្រួលព្រំដែនរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកែសម្រួលទំហំសេដ្ឋកិច្ចផងរួមទាំងការកែសម្រួលក្នុងការបែងចែកកម្លាំងពលកម្ម វិមជ្ឈការ ការកែសម្រួលការបែងចែក និងការរួមបញ្ចូលគ្នានៃធនធានសេដ្ឋកិច្ច។

បច្ចុប្បន្ន វៀតណាមមានអង្គភាពរដ្ឋបាលខេត្តចំនួន៦៣, ស្រុក ខណ្ឌ ៦៩៦ រួមទាំងឃុំ និងសង្កាត់ចំនួន ១០ ០៣៥។ យោងតាមបទប្បញ្ញត្តិរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បច្ចុប្បន្នរដ្ឋធានី-ខេត្ត ត្រូវធានានូវលក្ខណៈវិនិច្ឆ័យចំនួនបី រួមមាន ទំហំប្រជាជន ផ្ទៃដី និងចំនួនអង្គភាពរដ្ឋបាលថ្នាក់ស្រុក។ ខេត្ត​ភ្នំ ​និង​ខ្ពង់រាប​ត្រូវ​មាន​ប្រជាជនពី ៩០០ ០០០ និង​ផ្ទៃ​ដី ៨០០០គីឡូម៉ែត្រការ៉េ។  ខេត្ត​នៅ​កន្លែង​ផ្សេង​ទៀត​មាន​ប្រជាជន​ពី ១,៤​លាន​នាក់ និង​ផ្ទៃដីយ៉ាងតិច ​៥០០០​គីឡូម៉ែត្រ​ការ៉េ។ 

ជាមួយគ្នានេះ ខេត្តត្រូវមានអង្គភាពរដ្ឋបាលថ្នាក់ស្រុកចំនួន៩ ក្នុងនោះមានយ៉ាងហោចណាស់ក្រុងមួយ ឬទីរួមខេត្តមួយ។ ចំណែកអង្គភាពរដ្ឋបាលស្រុក និងឃុំក៏មានស្តង់ដារពីចំនួនប្រជាជន និងផ្ទៃដីផងដែរ។  បើប្រៀបធៀបនឹងបទប្បញ្ញត្តិខាងលើ បច្ចុប្បន្ននេះ មានខេត្តចំនួន ១០ នៅទូទាំងប្រទេស ដែលមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យចំនួន៣ ។ ខេត្ត ក្រុង រាប់សិបមិនបំពេញតាមលក្ខណៈវិនិច្ឆ័យមួយ ឬពីរ លើផ្ទៃដី ចំនួនប្រជាជន និងចំនួនអង្គភាពរដ្ឋបាលថ្នាក់ស្រុក។

គិតត្រឹមឆ្នាំ២០២២ វៀតណាមមានមន្រ្តីជិត ២លាននាក់។ តាមការប្រកាសរបស់រដ្ឋាភិបាលវៀតណាម នៅក្នុងឆ្នាំនេះ មន្រ្តីប្រមាណ ១០ម៉ឺននាក់ អាចនឹងកាត់បន្ថយ ឬអនុញ្ញាតឱ្យចូលនិវត្តន៍មុនពេលកំណត់ ដែលជាផ្នែកនៃការធ្វើកំណែទម្រង់លើស្ថាប័នរដ្ឋ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង