- ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

កណ្ដាល ក្លាយជាខេត្តដំបូងគេដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) បន្ទាប់ពីរាជធានីភ្នំពេញ។ ពិធីប្រកាសទទួលស្គាល់នេះត្រូវបានធ្វើឡើងបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមវត្តមាន លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃព្រឹកថ្ងៃទី២៥ ខែមីនា។
វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទរបស់ខេត្តកណ្តាល មានការរីកចម្រើន ក៏ដូចជាវិស័យផ្សេងៗទៀតក្នុងខេត្តផងដែរ។ ពោលគឺ សេវាផ្គត់ផ្គង់ទឹកស្អាតសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ បើតាមលោក គួច ចំរើន អភិបាលខេត្តកណ្ដាល ក្នុងឆ្នាំ២០២៤ ខេត្តកណ្តាលមានខ្នងផ្ទះប្រជាពលរដ្ឋសរុប ២៧០ ៣០០។ ក្នុងនោះ មានអ្នកស្នាក់នៅជាក់ស្ដែងចំនួន ២៦៨ ០៩២ ដែលសុទ្ធសឹងមានបង្គន់ប្រើប្រាស់។ ខ្នងផ្ទះប្រើប្រាស់បង្គន់កែលម្អផ្ទាល់ខ្លួនមាន ២៦៤ ៥៥៨ ស្មើនឹង ៩៨,៧ភាគរយ ខណៈខ្នងងផ្ទះប្រើបង្គន់រួម មានចំនួន ៣ ៥៣៤ ខ្នងផ្ទះ ស្មើនឹង ១,៣ភាគរយ។
ដោយឡែក ចំនួនក្រុង-ស្រុក ODF+ គឺមានចំនួន ១៣ ក្រុង-ស្រុក ស្មើនឹង ១០០ភាគរយ, ចំនួន ឃុំ-សង្កាត់ ODF+ មានចំនួន ១២៧ ឃុំ-សង្កាត់ ស្មើនឹង ១០០ភាគរយ, និងចំនួន ភូមិ ODF+ មានចំនួន ១ ០១០ ភូមិ ស្មើនឹង ១០០ភាគរយ។ នេះជាការបញ្ជាក់របស់លោក គួច ចំរើន។
លោក គួច ចំរើន អភិបាលខេត្តកណ្តាល
ភាពជោគជ័យដែលរដ្ឋបាលខេត្តកណ្តាលសម្រេចបាននាពេលនេះ គឺក៏បានពីការគាំទ្ររបស់អង្គការវ័តធឺអេត ប្រចាំកម្ពុជា រួមទាំងដៃគូអភិវឌ្ឍន៍នានា។ បើតាមលោក ឆាត់ សុភាព នាយកអង្គការវ័តធឺអេត ការគាំទ្ររបស់អង្គការវ័តធឺអេតនេះ គឺជាការរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីគាំទ្រខេត្តកណ្ដាល ជាខេត្តគោលដៅអភិវឌ្ឍន៍លើការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ « ការណ៍នេះ គឺជាផ្នែកដ៏សំខាន់ធ្វើឱ្យខេត្តកណ្តាល ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់នៅថ្ងៃនេះ»។ នេះជាការបញ្ជាក់របស់លោក ឆាត់ សុភាព ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកណ្ដាលបានផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។ ជាពិសេសការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ពេលនេះ។
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
លោក ឆាយ ឫទ្ធិសែន បានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមយ៉ាងសកម្ម និងជំរុញការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទ។ លើសពីនេះ អាជ្ញាធរត្រូវរិះរកយន្តការរក្សាឱ្យបាននូវនិរន្តរភាព ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF+។
។ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ លោក ឆាយ ឬទ្ធិសែន បានលើកឡើងពីបច្ចុប្បន្នភាពដែល ក្រសួងកំពុងអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ។ លោកបបានបញ្ជាក់ថា គិតមកដល់ពេលនេះ អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសសម្រេចបាន ៨,៩០ភាគរយ។ ក្នុងនោះ ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៧,៤០ភាគរយ ខណៈការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩២,៤០ភាគរយ។ នៅត្រឹមឆ្នាំ២០៣០ ក្រសួងបានដាក់ផែនការសម្រេចអាត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេសឱ្យបាន ១០០ភាគរយ។
គួរជម្រាបរំឭកថា ខេត្តកណ្ដាល ត្រូវបានប្រកាសជាខេត្តសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ រហូតដល់ ថ្ងៃទី២៥ ខែមីនា ខេត្តមួយនេះ ទទួលបានជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS)។ ពោល ខេត្តកណ្តាល គឺជាខេត្តទី១ហើយដែលមាន ODF+ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានធ្វើពិធីប្រកាសកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដោយឡែក ខេត្តចំនួន១៤ទៀត ដែលសម្រេចនូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) គឺមាន ខេត្តស្វាយរៀង ព្រៃវែង កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ តាកែវ ខេត្តស្ទឹងត្រែង កំពង់ធំ និងខេត្តប៉ៃលិន៕