រដ្ឋបាលលោក ត្រាំ ច្រឡំបញ្ចូលអ្នកសារព័ត៌មានចូលក្រុមឈែតសង្រ្គាមនៅយេម៉ែន
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:២៩ នាទី ល្ងាច
រដ្ឋបាលលោក ត្រាំ ច្រឡំបញ្ចូលអ្នកសារព័ត៌មានចូលក្រុមឈែតសង្រ្គាមនៅយេម៉ែន
លោក Pete Hegseth រដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ រូបភាព X_Secretary of Defense Pete Hegseth

និពន្ធនាយករបស់សារព័ត៌មាន The Atlantic ត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមឈែត (Group Chat) ដែលជជែកពីផែនការរបស់អាម៉េរិក ដើម្បីវាយប្រហារលើក្រុមហ៊ូធី នៅយេម៉ែន។ សមាជិកក្នុងក្រុមឈែតមានដូចជារដ្ឋមន្រ្តីការពារជាតិ, អនុប្រធានាធិបតីអាម៉េរិក និងមន្រ្តីអាម៉េរិកផ្សេងទៀត។

TTN-Free-Banner-In-Article-PC

លោក Jeffrey Goldberg និពន្ធនាយករបស់សារព័ត៌មាន The Atlantic នៅថ្ងៃទី២៥ ខែមីនា បានបញ្ចេញព័ត៌មាន រដ្ឋបាលអាម៉េរិក នៅថ្ងៃទី១៣ ខែមីនា បានបញ្ចូលគណនីរបស់លោក ចូលទៅក្នុងក្រុមឈែត (Group Chat) ដែលលាក់បាំងទិន្នន័យ ដើម្បីជជែកពីផែនការវាយប្រហារក្រុមហ៊ូធី នៅយេម៉ែន។ ក្រុមហ៊ូធី ជាក្រុមបះបោរប្រដាប់អាវុធ ដែលតែងវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី១៥ ខែមីនាកន្លងមក បានបញ្ជាឱ្យវាយប្រហារលើក្រុមហ៊ូធី ដែលបន្តវាយប្រហារលើនាវាដឹកទំនិញ ហើយព្រមានអ៊ីរ៉ង់ឱ្យបញ្ឈប់ការគាំទ្រលើក្រុមបះបោរមួយនេះ។ សមុទ្រក្រហម ជាផ្លូវទឹកសម្រាប់ការដឹកជញ្ជូនដ៏សំខាន់មួយ ហើយជាផ្លូវកាត់ពីតំបន់អាហ្រ្វិក ដែលប្រើពេលយូរសម្រាប់ការធ្វើដំណើរ។ ក្រុមហ៊ូធី បានចាប់ផ្តើមវាយប្រហារលើនាវាដឹកជញ្ជូន ចាប់តាំងពីប្រតិបត្តិការយោធាអុីស្រាអែល លើតំបន់កាហ្សា។ 

តាមការបញ្ជាក់របស់លោក Goldberg នៅប៉ុន្មានម៉ោងមុនការវាយប្រហារ លោក Pete Hegseth រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានប្រកាសពីផែនការវាយប្រហារលើក្រុមឈែត Signal ហើយក្រុមឈែតនោះ ត្រូវបានដាក់ឈ្មោះថា «Houthi PC small group»។ ក្នុងផែនការនោះ លោក Hegseth បានរួមបញ្ចូលទាំងព័ត៌មាននៃគោលដៅវាយប្រហារ, អាវុធសម្រាប់ប្រើប្រាស់ និងការវាយប្រហារជាបន្តបន្ទាប់។ 

ក្រោយការចុះផ្សាយរបស់ Goldberg លើសារព័ត៌មាន The Atlantic លោក Hegseth បានបដិសេធមិនទទួលស្គាល់សំណេររបស់ខ្លួននៅក្នុងក្រុមឈែតនៃបណ្តា Signal ឡើយ។ 

 ផ្ទុយនឹងពាក្យសម្តីរបស់ប្រមុខការពារជាតិ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Brian Hughes បានអះអាងថា សារសម្ងាត់ដែលបានបែកធ្លាយនោះ ទំនងជាការពិត ហើយមន្រ្តីអាម៉េរិក នឹងស៊ើបអង្កេត ថាតើអ្នកសារព័ត៌មាន ត្រូវបានដាក់បញ្ចូលក្នុងក្រុមសម្ងាត់នោះដោយរបៀបណា។ 

បើទោះលោក Goldberg បានទទួលព័ត៌មានការវាយប្រហារលើក្រុមហ៊ូធី មុនពេលការវាយប្រហារ ប៉ុន្តែ និពន្ធនាយករបស់សារព័ត៌មាន The Atlantic មិនបានចុះផ្សាយឡើយ ដោយទុករហូតដល់អាម៉េរិក បានវាយប្រហារលើក្រុមហ៊ូធី នៅយេម៉ែន។ បើលោក Goldberg ចុះផ្សាយមុនការវាយប្រហារ វាអាចធ្វើឱ្យប៉ះពាល់ដល់ផែនការ ក៏ដូចជាជីវិតរបស់ទាហានអាម៉េរិក។ 

ក្នុងការចុះផ្សាយលើសារព័ត៌មាន The Atlantic លោក Goldberg បានបញ្ជាក់ផងដែរថា លោក Joe Kent ដែលត្រូវបានតែងតាំងជា នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ ហើយមិនទាន់ត្រូវបានតែងតាំងដោយព្រឹទ្ធសភា ក៏មានវត្តមានក្នុងក្រុមនោះដែរ។ 

ពាក់ព័ន្ធនឹងកំហុសខាងលើ សមាជិកសភារបស់បក្សប្រជាធិបតេយ្យ បានជំរុញឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ដ្បិតវាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិអាម៉េរិក និងបំពានច្បាប់៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ