អគ្គមេបញ្ជាការ ខ.ភ.ម សង្ឃឹមថាឆ្នាំ២០២៦ កងទ័ពកម្ពុជា-អាម៉េរិក នឹងបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
អគ្គមេបញ្ជាការ ខ.ភ.ម សង្ឃឹមថាឆ្នាំ២០២៦ កងទ័ពកម្ពុជា-អាម៉េរិក នឹងបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា
លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) បានជួបជាមួយ នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា(អង្គុយខាងឆ្វេង)។ រូបពី អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

ភ្នំពេញ៖ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) បានជួបជាមួយ នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ហើយលោករំពឹងថានៅឆ្នាំ២០២៦ កងទ័ពកម្ពុជា-អាម៉េរិក នឹងបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ។ នេះបើតាមការចេញផ្សាយរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

TTN-Free-Banner-In-Article-PC

លោក វង្ស ពិសេន បានជួបពិភាក្សាជាមួយ លោក Kyle Saltzman នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី កាលពីព្រឹកថ្ងៃទី២៥មីនា នៅអគ្គបញ្ជាការដ្ឋាន ខ.ភ.ម។ 

លោក វង្ស ពិសេន កត់សម្គាល់ឃើញ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ល្អប្រសើរ ជាពិសេស នៅក្រោយដំណើរមកកាន់កម្ពុជាចំនួន២លើក របស់អតីតរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក ឡយ អូស្ទីន ក៏ដូចជាដំណើរទស្សនកិច្ចមន្ត្រីយោធាជាន់ខ្ពស់អាម៉េរិក និងការចូលចតនាវាសហរដ្ឋអាម៉េរិកជាដើម។

អគ្គមេបញ្ជាការ ខ.ភ.ម ក៏រំពឹងលើទំនាក់ទំនងរល្អប្រសើរនេះ នឹងនាំឱ្យប្រទេសទាំងពីរ មានលំហាត់ហ្វឹកហ្វឺនកងទ័ពរួមគ្នានាពេលខាងមុន។ លោក វង្ស ពិសេន បានលើកឡើងយ៉ាងដូច្នេះ៖ «សង្ឃឹមថានៅឆ្នាំ២០២៦ ខាងមុខនេះ កងទ័ពនៃប្រទេសទាំងពីរ នឹងបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ និងការផ្លាស់ប្តូរព័ត៌មាន ទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាម៉េរិកបាត់ខ្លួននៅកម្ពុជាផងដែរ»។ 

ចំណែក នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណ លោកអគ្គមេបញ្ជាការ ដែលគាំទ្រដល់អនុព័ន្ធយោធអាម៉េរិក ខណៈអាម៉េរិក កំពុងខិតខំពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងវិញ។

នៅថ្ងៃដដែល លោក វង្ស ពិសេន អនុញ្ញាតឱ្យ លោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា និង លោក Anu នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី នៃក្រុមហ៊ុន ASELSAN ប្រទេសតួកគី ចូលជួបពិភាក្សាការងារដែរ។ ចំពោះទាក់ទងវិស័យការពារជាតិ លោក វង្ស ពិសេន បានវាយតម្លៃថា កន្លងមក ទោះបីទំហំនៃកិច្ចសហប្រតិបត្តិការយោធា នៃប្រទេសទាំងពីរ ស្ថិតក្នុងកម្រិតតិចតួចក្តី ប៉ុន្តែប្រទេសទាំងពីរ បានស្វះស្វែងរកការបង្កើន ទំនាក់ទំនងល្អជាមួយគ្នា និងបង្កើតឱ្យមានភាពជិតស្និទ្ធ៕ 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី