នូវែលសេឡង់ឈ្នះកៅអី World Cup លើកទី៣ ក្រោយខកខានតាំងពីឆ្នាំ ២០១០
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
នូវែលសេឡង់ឈ្នះកៅអី World Cup លើកទី៣ ក្រោយខកខានតាំងពីឆ្នាំ ២០១០

នូវែលសេឡង់បានឈ្នះកៅអីស្វ័យប្រវត្តិទៅកាន់ការប្រកួត FIFA World Cup 2026 ក្រោយយកឈ្នះការប្រកួតទល់នឹងក្រុមនូវែលកាឡេដូនី លទ្ធផល ៣-០ នៅថ្ងៃទី២៤ មីនា។ នេះជាការបង្ហាញខ្លួនក្នុងការប្រកួតបាល់ទាត់ពិភពលោកលើកទី៣ ក្រោយខកខានតាំងពីឆ្នាំ ២០១០ មក។

TTN-Free-Banner-In-Article-PC

កីឡាករ Boxall ស៊ុតបាល់បើកឆាកនាំមុខមុន ក្នុងឱកាសបង្ហាញខ្លួនលេងលើកទី ៥៥ របស់កេ នៅមុនពេលកីឡាករ Barbarouses ស៊ុតបាល់បញ្ចូលទីគ្រាប់ទី២ ក្រោយ ៥នាទី ដើម្បីផ្តល់ភាគរីករាយទៅកាន់អ្នកគាំទ្រចំនួន ២៥ ០០០នាក់ នៅកីឡដ្ឋាន Eden Park។ គ្រាប់បាល់ទី៣ Elijah ដែលបានផ្លាស់ប្តូរចូលក្នុងវគ្គទី២ រូបគេស៊ុតបាល់នាទី៨០ ដើម្បីធានាថានូវែលសេឡង់ ឈ្នះកៅអី World Cup 2026។ 

ការឡើងទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នឹងក្លាយជាការបង្ហាញខ្លួនលើកទី៣ របស់នូវែលសេឡង់ បន្ទាប់ពីពួកគេបង្ហាញខ្លួនលេង ២លើក កាលពីឆ្នាំ ១៩៨២ និងឆ្នាំ ២០១០។

ចាប់តាំងពីឆ្នាំ ២០១០ ដែលព្រឹត្តិការណ៍ World Cup ធ្វើនៅប្រទេសអាហ្វ្រិកខាងត្បូង នូវែលសេឡង់ បានបាត់មុខពីការប្រកួតជុំផ្តាច់ព្រ័ត្ររហូត ព្រោះតែពួកគេតែងតែចាញ់ការប្រជែងកន្លះកៅអី នៅការប្រកួតអន្តរទ្វីប។

ចាប់តាំងពី World Cup បង្កើនចំនួនក្រុមឡើងដល់ចំនួន ៤៨ក្រុម ខុសពីរូបមន្តចាស់ដែលមានត្រឹមតែ ៣២ក្រុម ទ្វីបអូសេអានី ត្រូវបានផ្តល់កៅអីស្វ័យប្រវត្តិចំនួន ១កៅអីកន្លះ ដើម្បីទៅកាន់ការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសអាម៉េរិក កាណដា និងម៉ិកស៊ិក។ នូវែលសេឡង់ ក៏ជាក្រុមទី២ បន្ទាប់ពីជប៉ុន ដែលឈ្នះកៅអីស្វ័យប្រវត្តិទៅកាន់ World Cup 2026។

ដោយឡែកក្រុមនូវែលកាឡេដូនី​ ដែលបានប្រកួតចាញ់នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទ្វីបអូសេអានី ពួកគេក៏ទទួលបានសិទ្ធិកន្លះកៅអីសម្រាប់ទៅប្រជែងដណ្តើមកន្លះកៅអីបន្ថែមទៀត ពីការប្រកួតជម្រុះអន្តរទ្វីប ទល់នឹងក្រុមដែលឈ្នះកន្លះកៅអីដូចគ្នាពីទ្វីបអាស៊ី, អាហ្រ្វិក អាម៉េរិកខាងជើង និងខាងត្បូង ដើម្បីឱកាសទៅកាន់ World Cup 2026៕


អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង