សហព័ន្ធប្រដាល់សកលកម្ពុជា នឹងរៀបចំប្រកួតសាកល្បងសមត្ថភាពកីឡាករ ត្រៀមស៊ីហ្គេម
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
សហព័ន្ធប្រដាល់សកលកម្ពុជា នឹងរៀបចំប្រកួតសាកល្បងសមត្ថភាពកីឡាករ ត្រៀមស៊ីហ្គេម
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងរៀបចំការប្រកួតតេស្ដសមត្ថភាពរៀងរាល់ ២សប្ដាហ៍ម្ដង រូបពី NOCC

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតតេស្ដសមត្ថភាពក្រុមជម្រើសជាតិឈុតធំ និងក្រុមថ្នាល ចាប់ពីថ្ងៃទី៣០ មីនា ឆ្នាំ២០២៥តទៅ ។ ការប្រកួតតនេះ នឹងរៀបចំរៀងរាល់ ២សប្ដាហ៍ម្ដង។

TTN-Free-Banner-In-Article-PC

លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ថា ការប្រកួតតេស្ដសមត្ថភាពអត្ដពលិកនេះ ដើម្បីប្រមូលផ្ដុំកីឡាករ-កីឡាការិនីឆ្នើម ត្រៀមប្រកួតស៊ីហ្គេម លើកទី៣៣ និងប្រមូលផ្ដុំធនធានថ្នាលសម្រាប់ព្រឹត្តិការណ៍យុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

ក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រឲ្យសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ប្រមូលផ្ដុំក្រុមជម្រើសជាតិ ទាំងឈុតធំ និងឈុតតូច ដើម្បីប្រកួតសាកល្បងសមត្ថភាពកីឡាករ កីឡាការិនី។ ប្រធានសហព័ន្ធរូបនេះ បាននិយាយថា៖«ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ការប្រមូលផ្ដុំក្រុមជម្រើសជាតិ ចំនួន ២ប្រភេទ គឺការប្រមូលផ្ដុំក្រុមជម្រើសជាតិឈុតធំ សម្រាប់ត្រៀមស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ និងការប្រមូលផ្ដុំក្រុមជម្រើសជាតិថ្នាល សម្រាប់ត្រៀមការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៩ ខាងមុខ។»។

ការប្រកួតប្រដាល់សកល រូបពី NOCC

សហព័ន្ធ នឹងរៀបចំឲ្យមានការប្រកួតរៀងរាល់ ២សប្ដាហ៍ម្ដង ដោយការប្រកួត ចាប់ពីថ្ងៃទី៣០ មីនា ឆ្នាំ២០២៥។ សហព័ន្ធ នឹងសហការជាមួយបណ្ដាក្លិបប្រដាល់នៅរាជធានីភ្នំពេញ រៀបចំការប្រកួត លក្ខណៈបោះជំរំហ្វឹកហាត់។ បើតាមលោក ប៊ុយ សុភ័ណ្ឌ  ការចម្រាញ់កីឡាករនេះ ជាយុទ្ធសាស្ដ្រថ្មីរបស់សហព័ន្ធ ដើម្បីពង្រឹងបច្ចេកទេស សមត្ថភាព និងផ្ដល់ឱកាស បន្ថែមដល់កីឡាករ-កីឡាការិនី ឲ្យទទួលបានបទពិសោធន៍ជាក់ស្ដែងពីការប្រកួតលើសង្វៀន។ ដោយឡែក សហព័ន្ធ ក៏នឹងរៀបចំឲ្យមានការប្រកួតថ្នាល ក្នុង១ខែម្ដងដែរ។

ប្រធានរូបនេះ បាននិយាយថា៖«នេះជាយុទ្ធសាស្ដ្រថ្មី ដើម្បីពង្រឹងបច្ចេកទេស ក៏ដូចជាផ្ដល់ឱកាសបន្ថែមដល់ កីឡាករធ្វើការប្រកួតឲ្យបានញឹកញាប់ ដើម្បីដកស្រង់បច្ចេកទេស។ ក្រៅពីគម្រោងនេះ សហព័ន្ធក៏មានផែនការរៀបចំការប្រកួតឲ្យបាន ១ខែម្ដង សម្រាប់ថ្នាលផងដែរ រវាងថ្នាលជម្រើសជាតិ និងថ្នាលតាមបណ្ដាក្លិប។»៕



អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា