- ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

ករណីកំហុសអក្ខរាវិរុទ្ធខ្មែរ និងកំហុសឆ្គងអត្ថន័យនៅលើស្លាកយីហោ ឬផ្ទាំងពាណិជ្ជកម្មហាងអាជីវកម្មរបស់ជនជាតិចិន នៅក្នុងប្រទេសកម្ពុជាកំពុងបន្តកើតមានជាបន្តបន្ទាប់។ ជុំវិញករណីនេះ ក្រសួងព័ត៌មាន នឹងពង្រឹងលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបកប្រែភាសាចិន មកភាសាខ្មែរដោយចម្លងពីកម្មវិធីបកប្រែរបស់ Google។
បញ្ហាកំហុសខុសអក្ខរាវិរុទ្ធ និងឆ្គងអត្ថន័យនៅលើស្លាកយីហោ និងផ្ទាំងពាណិជ្ជកម្មនៅតែកើតមាន ជាពិសេសហាង ឬអាជីវកម្មរបស់ជនជាតិចិន។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ករណីស្លាកយីហោ និងផ្ទាំងពាណិជ្ជកម្មខុសអក្ខរាវិរុទ្ធនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ រដ្ឋបាលរាជធានី ខេត្តនីមួយៗ ខិតខំការយកចិត្តទុកយ៉ាងខ្លាំង។
បើតាមអ្នកនាំពាក្យរូបនេះ កន្លងទៅក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះណែនាំដល់ម្ចាស់ហាង ឱ្យកែតម្រូវឡើងវិញចំពោះកំហុសឆ្គងទៅលើអក្ខរាវិរុទ្ធ និងសរសេរខុសខ្លឹមសារជាតិ។ អ្នកនាំពាក្យក្រសួងព័ត៌មានបន្តថា ខាងមន្ទីរព័ត៌មាន មន្ទីរវប្បធម៌ ទាំង២៥រាជធានី-ខេត្ត ក៏បានសហការជាមួយអាជ្ញាធរស្រុក ឃុំ ស្នើឱ្យមានការកែតម្រូវឡើងវិញ និងអនុញ្ញាតឱ្យបន្តអាជីវកម្មជាធម្មតាឡើងវិញ។
លោក ទេព អស្នារិទ្ធ លើកឡើងបែបនេះ៖ «កំហុសអក្ខរាវិរុទ្ធខ្មែរ និងខុសឆ្គងអត្ថន័យនៅលើស្លាកយីហោនេះ ជាកិច្ចការងារសំខាន់។ ក្រសួងបានយកចិត្តទុកដាក់គ្រប់គ្រងលើការផ្សព្វផ្សាយ នឹងរៀបចំលិខិតបទដ្ឋាន ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងសណ្ដាប់ធ្នាប់លើការផ្សព្វផ្សាយ ទាំងការសរសេរ ខ្លឹមសារ អត្ថន័យ និងប្រើប្រាស់រូបភាព ដើម្បីធានាបាននូវការមិនរំលោភបំពានសិទ្ធិឯកជន និងសណ្ដាប់ធ្នាប់សាធារណៈ»។
លើសពីនេះ ការលើកស្លាកយីហោ ឬប៉ាណូហាងអាជីវកម្ម លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ៗថា ត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ។ លោក ទេព អស្នារិទ្ធ ស្នើឱ្យមានការចូលរួមទាំងគ្នា ដើម្បីធានាឱ្យបាននូវការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ និងអនុវត្តនិយាម៕