- ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៥៩ នាទី ព្រឹក

អនុប្រធានាធិបតីអាម៉េរិក លោក JD Vance បានប្រកាសថា លោកនឹងធ្វើដំណើរជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ហ្គ្រោអង់ឡង់ ទោះបីជាមានការជំទាស់ពីរដ្ឋាភិបាលក្នុងតំបន់ក៏ដោយ។
«ដំណើរទស្សនកិច្ចរបស់ស្រ្តីទីពីររបស់អាម៉េរិក លោកស្រី Vance Usha ទៅកាន់ហ្គ្រោអង់ឡង់នៅថ្ងៃទី២៨ ខែមីនា ពិតជាគួរឱ្យរំភើបណាស់។ ខ្ញុំបានសម្រេចចិត្តមិនអនុញ្ញាតឱ្យនាងសប្បាយនឹងភាពរីករាយនេះតែម្នាក់ឯងនោះទេ ហើយខ្ញុំនឹងទៅជាមួយនាង»។ អនុប្រធានាធិបតី JD Vance បានប្រកាសបែបនេះនៅថ្ងៃទី២៥ ខែមីនា។
លោក JD Vance បានបង្ហើបថា លោកនឹងទៅជួបទាហាននៅមូលដ្ឋានអវកាស Pituffik ជាទីតាំងរបស់អង្គភាព ៨២១ នៃកងកម្លាំងអវកាសអាម៉េរិកឈរជើង។
លើសពីនេះ ដំណើរទស្សនកិច្ចនេះក៏មានគោលបំណង«ស្វែងយល់ពីស្ថានភាពសន្តិសុខនៅហ្គ្រោអង់ឡង់»។ អនុប្រធានាធិបតី Vance បាននិយាយថា កោះស្វយ័តដាណឺម៉ាកមួយនេះបានក្លាយទៅជា«គោលដៅចម្បងនៃបណ្តាប្រទេសអរិភាព» ដែលគំរាមកំហែងទាំងអាម៉េរិក និងកាណាដា។
លោក JD Vance បានរិះគន់ដាណឺម៉ាក និងរដ្ឋាភិបាលមុនៗរបស់អាម៉េរិកចំពោះការខកខានមិនបានវាយតម្លៃឱ្យបានត្រឹមត្រូវអំពីសារៈសំខាន់សន្តិសុខនៃកោះនេះ ដែលមានប្រជាជនប្រហែល ៥៧ ០០០នាក់។
«សាររបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ គឺយើងចង់ស្តារសន្តិសុខដល់ប្រជាជនហ្គ្រោអង់ឡង់ ព្រោះវាមានសារៈសំខាន់ចំពោះសន្តិសុខពិភពលោក»។ លោក Vance បានពន្យល់បែបនេះ។
ថ្មីៗនេះសេតវិមានបានប្រកាសថា គណៈប្រតិភូអាម៉េរិកដឹកនាំដោយលោកស្រី Usha នឹងធ្វើដំណើរទៅកាន់ហ្គ្រោអង់ឡង់ចាប់ពីថ្ងៃទី ២៧-២៩ ខែមីនា ដើម្បីទស្សនាតំបន់ប្រវត្តិសាស្ត្រ ស្វែងយល់អំពីបេតិកភណ្ឌរបស់កោះនេះ និងទស្សនាការប្រណាំងរទេះឆ្កែ Avannaata Qimussersu ។
គណៈប្រតិភូត្រូវបានគេរំពឹងថានឹងមានវត្តមានទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz រដ្ឋមន្រ្តីថាមពល លោក Chris Wright និងរដ្ឋមន្រ្តីការបរទេស លោក Marco Rubio ។ លោក Waltz និង Wright ក៏មានគម្រោងទៅបំពេញទស្សនកិច្ចនៅដាណឺម៉ាកផងដែរ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់កាលពីថ្ងៃទី២៤ ខែមីនា ថា មន្ត្រីអាម៉េរិកត្រូវបានប្រជាជនជាច្រើននៅហ្គ្រោអង់ឡង់អញ្ជើញឱ្យទៅធ្វើទស្សនកិច្ច ហើយថាការផ្លាស់ប្តូរនេះគឺមានបំណងផ្ញើសារជាមិត្តទៅកាន់ប្រជាជននៃកោះនេះ។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីហ្គ្រោអង់ឡង់ លោក Mute Bourup Egede បានបញ្ជាក់ថា រដ្ឋាភិបាលកោះនេះមិនបានផ្ញើលិខិតអញ្ជើញណាមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោនទេ។ Egede បានហៅដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាម៉េរិកថាជាការបង្ហាញកម្លាំង។ លោកថា «វាជាការបង្កហេតុ និងគ្រោះថ្នាក់បំផុត»។ លោក Jens-Frederik Nielsen មេដឹកនាំគណបក្ស Demokraatit ដែលទើបតែឈ្នះការបោះឆ្នោតសកលនៅហ្រ្គោអង់ឡង់បានរិះគន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការមិនគោរពប្រជាជននៅលើកោះនេះ៕