ជើងខ្លាំងអុកចត្រង្គ ២៤រូប ត្រូវប្រកួតជម្រុះ ដើម្បីទៅប្រជែងកៅអីនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៩ នាទី ព្រឹក
ជើងខ្លាំងអុកចត្រង្គ ២៤រូប ត្រូវប្រកួតជម្រុះ ដើម្បីទៅប្រជែងកៅអីនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ
សកម្មភាពប្រកួតអុកចត្រង្គ វគ្គជម្រុះតាមតំបន់ រូបពីសហព័ន្ធអុកចត្រង្គកម្ពុជា

សហព័ន្ធកីឡាអុកចត្រង្គ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំប្រកួតវគ្គជម្រុះយកកីឡាករ ៨នាក់ទៅចូលរួមប្រជែងយកជើងឯកស្ដេចអុកចត្រង្គអង្គសង្ក្រាន្ដ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ កីឡាករ ដែលជាជើងខ្លាំង ប្រចាំតំបន់ទាំង៧ មានចំនួន ២៤នាក់ នឹងត្រូវប្រកួតជម្រុះ ចាប់ពីថ្ងៃទី២៩-៣០-៣១ មីនា ឆ្នាំ២០២៥។

TTN-Free-Banner-In-Article-PC

តំបន់ទី១ មានកីឡាករ ចូលរួមប្រកួតសរុប ៩នាក់ ដោយកីឡាករ ៣រូប បានជាប់វគ្គជម្រុះនៅតំបន់នេះ ក្នុងនោះមានកីឡាករ សាយ រដ្ឋា មកពីក្លិបសេ្តចនាគសមុទ្រ ខេត្តព្រះសីហនុ, កីឡាករ ឆាយ សម្បត្តិវាសនា ក្លិបសេ្តចតោ ខេត្តព្រះសីហនុ និងកីឡាករ ហ៊ុន ភិរុណរង្សី ក្លិបសេ្តចតោ ខេត្តព្រះសីហនុ។ តំបន់នេះ មានកីឡាករមកពីខេត្តព្រះសីហនុ កំពត កែប និងកោះកុង។

រីឯតំបន់ទី២ មានកីឡាករ១៤រូប មកពីខេត្តកំពង់ស្ពឺ តាកែវ កណ្ដាល និងកំពង់ឆ្នាំង ចូលរួមប្រកួត។ ក្នុងនោះ កីឡាករ ៣រូប ឡើងទៅវគ្គជម្រុះនៅទីក្រុងភ្នំពេញ មានដូចជា៖កីឡាករ ហេង សៅឌី ក្លិបរាជសីហ៍ ខេត្តកណ្តាល, កីឡាករ ស៊ីវ ស៊ីន ក្លិបសេះខៀវ ខេត្តតាកែវ, កីឡាករ រៀម វាសនា ក្លិបនាគរាជ ខេត្តកំពង់ស្ពឺ។

ចំណែកតំបន់ទី៣​ មានខេត្តកំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង ដោយមានកីឡាករចូលរួមសរុប ១៥នាក់។ កីឡាករ ឈាវ បូរ៉ា និងកីឡាករ ហាក់ ឡាំបៀរ មកពីក្លិបសេះខៀវ ខេត្តកំពង់ចាម និងកីឡាករ ធឹម ឌីណា មកពី ក្លិបមករតកខេត្តកំពង់ចាម ឡើងទៅវគ្គបន្ទាប់។

ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគីរី ត្រូវចាត់ទុកជាតំបន់ទី៤ ដោយមានកីឡាករ ចូលរួមប្រកួតសរុប ១៧នាក់។ កីឡាករ ៣រូប ដែលឈ្នះទៅវគ្គបន្ទាប់មាន៖ កីឡាករ ប៉ោ សារិទ្ធ មកពីមណ្ឌលគីរី, កីឡាករ ប៊ិន គាសេង មកពីក្លិបគ្រូបារាំងប៊ូឌីង ខេត្តក្រចេះ និង កីឡាករ ឈា សេងហុង មកពីក្លិបសេះមាស ខេត្តស្ទឹងត្រែង។

ដោយឡែកតំបន់ទី៥ មានខេត្តសៀមរាប កំពង់ធំ ឧត្ដរមានជ័យ និងព្រះវិហារ។ តំបន់នេះ មានកីឡាករចូលរួមប្រកួត ១៤នាក់ ដោយក្នុងនោះកីឡាករ អេង សេងហៀក, កីឡាករ ទួន វិច្ឆិកា និងកីឡាករ ឈុន រ៉ាឌី មកពីខេត្តសៀមរាប។

តំបន់ទី៦ មានខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ មានកីឡាករសរុប ២១រូប ដោយកីឡាករ លឹម ផល្លា មកពីខេត្តប៉ៃលិន, ជា ស៊ីដេត ក្លិបអង្គរខេត្តបាត់ដំបង និងកីឡាករ ឡៅ លីម៉េន មកពីក្លិបអង្គរខេត្តពោធិ៍សាត់ ឡើងទៅវគ្គបន្ទាប់។

ចំណែកតំបន់ចុងក្រោយ នៅរាជធានីភ្នំពេញ កីឡាករ សុខ លីម ហេង ស្ដេចអុកអង្គរសង្ក្រាន្ដឆ្នាំ២០២៣ រួមជាមួយកីឡាករ យ៉ាន សុខលាង, ម៉េង សេរីសម្បត្តិ, នូ ច័ន្ទសុផានិត, ហ៊ាង រិទ្ធី និង វណ្ណ សុភ័ក្ត្ររតនា។

កីឡាករទាំង ២៤នាក់ មកពី ៧តំបន់នេះ នឹងត្រូវប្រកួតជម្រុះយក ៨នាក់ ទៅប្រកួតនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ។ ដោយឡែកនិស្សិតឆ្នើម២នាក់ទៀត ដែលជម្រុះតាមសកលវិទ្យាល័យ ក៏នឹងត្រូវប្រកួតនៅព្រឹត្តិការណ៍អង្គរសង្គ្រាន្តដែរ។ សរុបទាំងអស់១០រូប៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា