- ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមីនានេះ កម្រិតភាគល្អិតនិចល PM2.5 បានកើនឡើង ៤៧.២៣ មីក្រូក្រាមក្នុងមួយម៉ែត្រគូប កៀកនឹងកម្រិតបន្ទាត់ក្រហមដែលបានកំណត់ ៥០មីក្រូក្រាម។ នេះបើតាមការឱ្យដឹងពី លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ដោយបានបញ្ជាក់បន្ថែមថា សន្ទស្សន៍គុណភាពខ្យល់នេះ ស្ថិតក្នុងកម្រិត «មធ្យម» មិនប៉ះពាល់ដល់សកម្មភាពធ្វើដំណើរចេញក្រៅផ្ទះរបស់ពលរដ្ឋនោះទេ។
ការវាយតម្លៃគុណភាពខ្យល់របស់ក្រសួងបរិស្ថាន ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី២៥ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមីនា បង្ហាញថា ទូទាំងប្រទេសកម្ពុជាមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើ ៤៧.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺល្អ។
ចំពោះ ខេត្តកំពង់ឆ្នាំង, កំពត, ក្រចេះ, កែប និងត្បូងឃ្មុំ មានសន្ទស្សន៍គុណភាពខ្យល់ពណ៌ខៀវ ដែលចាត់ទុកថាចំណាត់ថ្នាក់ «ល្អណាស់»។ ខេត្តកំពង់ចាម, កំពង់ធំ, បាត់ដំបង, កំពង់ស្ពឺ, មណ្ឌលគីរី, ព្រៃវែង, ស្វាយរៀង, ព្រះសីហនុ, ឧត្តរមានជ័យ, ពោធិ៍សាត់, ស្ទឹងត្រែង, ប៉ៃលិន និងតាកែវ ស្ថិតក្នុងចំណុចពណ៌បៃតង ជាចំណាត់ថ្នាក់ «ល្អ»។ ចំណែក ខេត្តបន្ទាយមានជ័យ, កណ្តាល, កោះកុង, រាជធានីភ្នំពេញ ,ព្រះវិហារ, រតនគិរី និងសៀមរាប មានសន្ទស្សន៍ខ្យល់ពណ៌លឿង ជាចំណាត់ថ្នាក់ «មធ្យម»។
បើតាម លោក ខ្វៃ អាទិត្យា កន្លងមក គុណភាពខ្យល់នៅកម្ពុជា មិនទាន់ប្រែប្រួលខ្លាំង រហូតឈានដល់កម្រិតប្រកាសអាសន្ន ឬតម្រូវឱ្យចាត់វិធានការការពារក្នុងកម្រិតក្រហមនោះទេ។ តាមការត្រួតពិនិត្យជាប្រចាំដោយឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់៥៩កន្លែង ដែលបានដាក់ពង្រាយនៅទូទាំងប្រទេស និងឧបករណ៍តាមដានតាមផ្កាយរណប១គ្រឿងផ្សេងទៀត បានបង្ហាញថា គុណភាពខ្យល់នៅកម្ពុជា គិតជាមធ្យមក្នុងរយៈពេល២៤ម៉ោង ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះស្ថិតនៅក្រោមស្តង់ដារ។
ទោះបីយ៉ាងណា ក្រសួងបរិស្ថាន នឹងបន្តតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាពក្នុងករណីចាំបាច់។ លោក ខ្វៃ អាទិត្យា អំពាវនាវឱ្យអ្នកពាក់ព័ន្ធ ជាពិសេសសាធារណជន បន្តចូលរួមអនុវត្តវិធានតាមការណែនាំ របស់សារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ៕