រុស្ស៊ី ជំរុញអាម៉េរិកលើកចោលទណ្ឌកម្មធនាគារ បើចង់បានបទឈប់បាញ់សមុទ្រខ្មៅ
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៩ នាទី រសៀល
រុស្ស៊ី ជំរុញអាម៉េរិកលើកចោលទណ្ឌកម្មធនាគារ បើចង់បានបទឈប់បាញ់សមុទ្រខ្មៅ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក (ឆ្វេង) និងលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព Kremlin និងX_White House

រុស្ស៊ី នៅថ្ងៃទី២៥ ខែមីនា បានឯកភាពជាមួយអាម៉េរិក ដោយឈប់ប្រើប្រាស់កម្លាំងប្រដាប់អាវុធនៅក្នុងសមុទ្រខ្មៅ ប៉ុន្តែដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនរួមទាំងការលើកចោលទណ្ឌកម្មលើវិស័យធនាគារ។ អ៊ុយក្រែន ក៏បានឯកភាពលើការផ្អាកការប្រយុទ្ធនៅសមុទ្រខ្មៅផងដែរ។ នេះបើតាមការបញ្ជាក់របស់សេតវិមានអាម៉េរិក នៅថ្ងៃទី២៥ ខែមីនា។

TTN-Free-Banner-In-Article-PC

បន្ទាប់ពីជំនួបរយៈពេល ១២ម៉ោង នៅលើទឹកដីអារ៉ាប៊ីសាអូឌីត អាម៉េរិក នៅថ្ងៃទី២៥ ខែមីនា បានចេញសេចក្តីថ្លែងការណ៍ចំនួន ២ ដោយភាគីសង្រ្គាម បានឯកភាពលើការធានាសុវត្ថិភាពការធ្វើនាវាចរណ៍, ការលុបកម្លាំងប្រដាប់អាវុធ និងការទប់ស្កាត់ការប្រើប្រាស់នាវាពាណិជ្ជកម្មសម្រាប់គោលបំណងយោធានៅក្នុងសមុទ្រខ្មៅ។ 

តាមសេចក្តីថ្លែងការណ៍របស់វិមានក្រេមឡាំងចេញក្នុងថ្ងៃដដែល រុស្ស៊ីនឹងអនុវត្តកិច្ចព្រមព្រៀងឈប់ប្រើប្រាស់កម្លាំងទ័ពនៅសមុទ្រខ្មៅ លុះត្រាតែទណ្ឌកម្មលើធនាគារ និងការនាំចេញអាហារ និងជី ត្រូវបានលើកចោលប៉ុណ្ណោះ។ ចំណែកលោកប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានក្នុងក្រុងកៀវថា អ៊ុយក្រែន យល់ព្រមលើការបញ្ឈប់កម្លាំងយោធា នៅក្នុងសមុទ្រខ្មៅ។ 

ពាក់ព័ន្ធនឹងលក្ខខណ្ឌរបស់រុស្ស៊ី អាម៉េរិកកំពុងតែពិនិត្យ ហើយមានលទ្ធភាពខ្ពស់ដែលអាម៉េរិក ទទួលលក្ខខណ្ឌមួយចំនួន។ 

«យើងកំពុងគិតពីពួកគេក្នុងពេលនេះ។ វាមានលក្ខខណ្ឌ ៥ឬ៦។ យើងកំពុងពិនិត្យលើពួកគេ»។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក​ បានបញ្ជាក់បែបនេះ នៅសេតវិមាន។

សេចក្តីសេចក្តីការណ៍របស់អាម៉េរិក ដែលចេញក្រោយជំនួបរវាងអាម៉េរិក រុស្ស៊ី និងអ៊ុយក្រែន មិនបានលម្អិតពីលក្ខខណ្ឌរបស់រុស្ស៊ីឡើយ ហើយក៏មិនបញ្ជាក់ពីពេលវេលាដែលនឹងលុបចោលការរឹតត្បិតឱ្យបានច្បាស់លាស់ដែរ។ ប៉ុន្តែអាម៉េរិក បានសន្យាថា ខ្លួននឹងជួយរុស្ស៊ី អាចចូលទៅក្នុងទីផ្សារឡើងវិញសម្រាប់ការនាំចេញជី និងផលិតផលកសិកម្ម, តម្លៃធានារ៉ាប់រងលើដែនទឹកកាន់តែទាប ហើយជួយសម្រួលដល់ការប្រព័ន្ធទូទាត់ប្រាក់ និងកំពង់ផែថែមទៀត។ 

ជុំវិញការដាក់លក្ខខណ្ឌរបស់រុស្ស៊ី អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានសង្កត់ធ្ងន់ថា វាពិតជាតិសំខាន់ ក្នុងការចងចាំថា រុស្ស៊ី មានបំណងក្នុងការអនុវត្តលើគំនិតផ្តួចផ្តើមសមុទ្រខ្មៅលើកមុន ប៉ុន្តែវត្ថុបំណងរបស់ភាគីរុស្ស៊ី ត្រូវបានបំភ្លេចចោល។ ត្រង់ចំណុចនេះ លោក Peskov បានយល់ថា កិច្ចព្រមព្រៀងសមុទ្រខ្មៅ ត្រូវតែមានលក្ខណៈត្រឹមត្រូវ និងយុត្តិធម៌។ 

កិច្ចព្រមព្រៀងបញ្ឈប់ការប្រើប្រាស់កម្លាំងយោធានៅក្នុងសមុទ្រខ្មៅនេះ គឺស្រដៀងនឹងគំនិតផ្តួចផ្តើមសមុទ្រខ្មៅក្នុងឆ្នាំ ២០២២ ដែរ ដោយជួយសម្រួលការនាំចេញគ្រាប់ធញ្ញជាតិ។ នៅក្នុងឆ្នាំ២០២២ គំនិតផ្តួចផ្តើមសមុទ្រខ្មៅរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានសម្រេចឡើង ក្រោមការជួយ សម្របសម្រួលដោយតួកគី និងអង្គការការសហប្រជាជាតិ ដើម្បីអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ពិភពលោក។ 

កាលនោះ គំនិតផ្តួចផ្តើមមួយនេះ ត្រូវបានអនុវត្តបានមួយរយៈពេលប៉ុណ្ណោះ ប៉ុន្តែក្រោយមក ត្រូវបានរុស្ស៊ីហែកចោល ក្រោមហេតុផលប្រទេសលោកខាងលិច មិនបន្ធូរបន្ថយទណ្ឌកម្មលើផលិតផលកសិកម្ម និងជីរបស់រុស្ស៊ី។

យ៉ាងណាមិញ ការដាក់លក្ខខណ្ឌរបស់រុស្ស៊ី ត្រូវបានលោក ហ្សេលេនស្គី ចោទរុស្ស៊ីថា កំពុងធ្វើឱ្យកិច្ចព្រមព្រៀងស្មុគស្មាញ និងប្រើល្បិចលើអ្នកសម្របសម្រួលអាម៉េរិក និងពិភពលោក។ 

ក្នុងសេចក្តីថ្លែងការណ៍ទាំង២នោះ អាម៉េរិក ក៏បានបញ្ជាក់ពីការឯកភាពអភិវឌ្ឍវិធានការហាមឃាត់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី និងអ៊ុយក្រែនផងដែរ។ 

តាមសេចក្តីថ្លែងការណ៍របស់វិមានក្រេមឡាំង ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី និងអ៊ុយក្រែន មានរួមបញ្ចូលដូចជារោងចក្រចម្រាញ់ប្រេង, បំពង់ប្រេង និងហ្គាស, កន្លែងស្តុកប្រេង, រោងចក្រថាមពល និងកន្លែងចែកចាយប្រេងជាដើម។ បើតាមភាគីរុស្ស៊ី បទឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធប្រេង បានអនុវត្តតាំងពីថ្ងៃទី១៨ ខែមីនា មក និងវារយៈពេលអនុវត្តរយៈពេល ៣០ថ្ងៃ ហើយអាចបន្ត។ ប៉ុន្តែការអះអាងបែបនេះ ត្រូវបានមេដឹកនាំអ៊ុយក្រែនបដិសេធ លើបទឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវបានចាប់ផ្តើមអនុវត្តហើយ៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ