នាយករដ្ឋមន្ដ្រីកម្ពុជា ចង់ឃើញយុទ្ធគុនខ្មែរ រីកលូតលាស់ខ្លាំងនៅបរទេស
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៥៩ នាទី រសៀល
នាយករដ្ឋមន្ដ្រីកម្ពុជា ចង់ឃើញយុទ្ធគុនខ្មែរ រីកលូតលាស់ខ្លាំងនៅបរទេស
សម្ដេច ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រតិភូកីឡាប្រដាល់សហរដ្ឋអាមេរិក ចូលបង្ហាញការគួរសម កាលពីថ្ងៃទី២៥ មីនា ២០២៥។ រូបពីហ្វេសប៊ុកសម្ដេច

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូកីឡាប្រដាល់ មកពីសហរដ្ឋមេរិក ដែលដឹកនាំដោយលោក វ៉ា សុធា ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព កាលពីរសៀលថ្ងៃទី២៥ មីនា ឆ្នាំ២០២៥។ នាយករដ្ឋមន្ដ្រីកម្ពុជា បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ដោយចង់ឃើញបណ្ដាប្រទេសនានា យកយុទ្ធគុនខ្មែរ ទៅហ្វឹកហាត់។

TTN-Free-Banner-In-Article-PC

ក្នុងកិច្ចសម្ដែងការគួរសមនេះ លោក វ៉ា សុធា បានប្រាប់ពីវឌ្ឍនភាព នៃការរៀបចំការប្រកួតប្រដាល់នៅសង្វៀនថោន ពី២ សង្វៀន កើនដល់ ៦ សង្វៀន ក្នុងមួយសប្តាហ៍។  លោក សុធា បានបញ្ជាក់ថា ការរីកចម្រើននេះ កើតចេញពីកិច្ចសហប្រតិបត្តិការរបស់ស្ថានីយទូរទស្សន៍ថោន (TOWN) និងស្ថាប័នប្រដាល់អន្តរជាតិ នៅតាមបណ្តាប្រទេសមួយចំនួន។ បើតាមប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោន ប្រដាល់គុនខ្មែរ កំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ជាពិសេសបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក។ 

លោក វ៉ា សុធា ក៏ត្រៀមរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់តេជោសន្តិភាពលើកទី ៣ រវាងកីឡាករកម្ពុជា និងកីឡាករមកពីសហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប។ ការប្រកួតនេះ មានកិច្ចសហការជាមួយស្ថាប័នប្រដាល់សេរីពិភពលោក (World Championship Kickboxing-WCK) ព្រមទាំង​ផ្សាយបន្តផ្ទាល់ពីការប្រកួតនេះ​ ទៅកាន់សហរដ្ឋអាមេរិកទៀតផង។ 

សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកថាការរៀបចំពានរង្វាន់សម្ដេចតេជោសន្ដិភាព លើកទី៣ ជាការជំរុញ និងលើកកម្ពស់ស្មារតីសិល្បៈក្បាច់គុនខ្មែរ ជាពិសេសផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក។
នាយករដ្ឋមន្ដ្រីកម្ពុជា មានសុទិដ្ឋិនិយមថា សិល្បៈក្បាច់គុនខ្មែរ មិនមែនត្រឹមតែហាត់សម្រាប់ការពារខ្លួន និងជាសិល្បៈប្រយុទ្ធនោះទេ ប៉ុន្ដែយុទ្ធគុនបុរាណខ្មែរ គឺជាទូត កសាង និងពង្រឹងនូវចំណងមិត្តភាព រវាងកម្ពុជា ទៅពិភពលោក។

សម្ដេច ហ៊ុន ម៉ណែត ចង់ឃើញយុទ្ធគុនខ្មែរ ផ្សព្វផ្សាយនៅក្រៅប្រទេស ហើយអន្ដរជាតិ ហាត់យុទ្ធគុនទាំងនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រសិល្បៈក្បាច់គុនបុរាណខ្មែរ ដូចជាការដាក់បញ្ចូលគុនល្បុក្កតោក្នុងបញ្ជីបេតិកភ័ណ្ឌអរូបិយ របស់អង្គការ UNESCO និងការដាក់បញ្ជូលក្បាច់គុនមួយចំនួនទៀត នៅក្នុងជួរកងទ័ព ដូចជាគុនខ្មែរ យុទ្ធក្រមខម និងគុនល្បុក្កតោ ជាដើម៕ 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា