រៀន​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិនមែនរៀន​​ធ្វើកម្មករឡើយ ហើយអាចបាន​សញ្ញាបត្រស្មើបាក់ឌុប
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៩ នាទី រសៀល
រៀន​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិនមែនរៀន​​ធ្វើកម្មករឡើយ ហើយអាចបាន​សញ្ញាបត្រស្មើបាក់ឌុប

មាន​ការ​យល់ច្រឡំថា រៀន​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​ទៅ​រៀន​ធ្វើកម្មករ សម្តេច ហ៊ុន ម៉ាណែត ពន្យល់ថា មិនដូច្នោះឡើយ ដោយអ្នក​រៀន​ជំនាញបច្ចេកទេសនេះ ក៏អាចធ្វើ​ជាចៅកែ ឬអ្នក​គ្រប់គ្រង​ផងដែរ។  នាព្រឹកថ្ងៃទី២៦មីនា ប្រមុខ​រដ្ឋាភិបាលណែនាំក្រសួងអប់រំ និង​ក្រសួងការងារ កែសម្រួល​ប្រព័ន្ធអប់រំ ដើម្បីសិស្ស​អាច​ជ្រើស​រើសជំនាញ​ក្រោយ​បញ្ចប់កម្រិតអនុវិទ្យាល័យ។ បន្ថែមពីលើនេះ ទោះមិន​បាន​ចំណាយពេល​រៀន​នៅ​កម្រិត​វិទ្យាល័យ ពួកគេ​នឹងទទួលបាន​នូវការបំប៉ន​ចំណេះដឹងទូទៅ ហើយអាចទទួលបាន​សញ្ញាបត្រដែលមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផងដែរ។

TTN-Free-Banner-In-Article-PC

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅខេត្តព្រះសីហនុ សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកមូលដ្ឋានគ្រឹះអប់រំជាកត្តាចម្បង ដោយសម្រេច​យកចិត្តទុកដាក់ខ្ពស់​ចាប់តាំងពីសម្ដេច ចូលដឹកនាំរដ្ឋាភិបាល។ ជាក់ស្តែង​ រដ្ឋាភិបាល​បាន​រៀបចំកម្មវិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស (TVET) ដល់យុវជន១,៥សែននាក់ ពិសេសមកពីនៅគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​នៅទូទាំងប្រទេសឱ្យ​មានជំនាញផ្ទាល់ខ្លួន។

ទោះ​យ៉ាងណាក៏ដោយ សម្ដេច សង្កេតឃើញ កម្មវិធីពុំសូវឃើញមានសិស្ស ឬយុវជនចាប់អារម្មណ៍ច្រើន ដោយពួកគេ យល់ឃើញថា រៀនចប់នឹងធ្វើជាកម្មករ ហើយពិបាកក្នុងការបន្តរៀននៅសាកលវិទ្យាល័យ។ ជាក់ស្ដែងកាលពីថ្ងៃទី២៥មីនានេះ សម្ដេច ហ៊ុន ម៉ាណែត បានប្រជុំជាមួយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីកែសម្រួលប្រព័ន្ធ និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច ទៅថ្ងៃខាងមុន។

មិន​មាន​គោល​ការណ៍​បង្ខំ ប៉ុន្តែសម្តេច ហ៊ុន ម៉ាណែត ណែនាំឱ្យ​បណ្តាសាលាបញ្ជ្រាបពីអត្ថប្រយោជន៍​នៃ​ចំណេះជំនាញផ្នែកបណ្តុះបណ្តាល​វិជ្ជាជីវៈដល់សិស្សផ្ទាល់ និងអាណាព្យាបាលរបស់ពួក​គេ ចាប់តាំងពីថ្នាក់ទី​៧ ទី៨ និងឈាន​ចូលថ្នាក់​ទី​៩។ សម្តេចលើកឡើងថា៖ «យើងអត់បង្ខំប៉ុន្តែយើងនឹងពន្យល់ឱ្យបានច្រើន អ៊ីចឹង ថ្នាក់ទី៩ ជាជាងគាត់សម្រេចចិត្តមិនច្បាស់ ឬបោះបង់ចោល ឬចេញទៅធ្វើការកន្លែងណា ទាំងអត់ទាន់មានជំនាញគ្រប់គ្រាន់»។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦មីនា។ រូបពី STPM 

សម្ដេច បន្ថែមយ៉ាងដូច្នេះ៖ «ជួនកាល នៅមានការយល់ច្រឡំ ថារៀនបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅរៀនធ្វើកម្មករ។ អត់ទេ! ជំនាញបច្ចេកទេសនេះ មិនមែនតែកម្មករនោះទេ មានជំនាញខាង អគ្គិសនី បច្ចេកវិទ្យាមួយចំនួន ដែលអាចធ្វើទៅបាន ធ្វើអ្នកគ្រប់គ្រងក៏បាន ដើម្បីឱ្យយល់ហើយសម្រេចចិត្ត។ យើងអត់បង្ខំ តែយើងនឹងពន្យល់ឱ្យបានច្រើន»។

ប្រមុខថ្នាក់ដឹកនាំ សង្កេតឃើញការបណ្ដុះបណ្ដាលវិជ្ជាជីវៈកន្លងមក នៅខ្វះចន្លោះ ដោយមានការបិទផ្លូវ ធ្វើឱ្យសិស្សពិបាកក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ។ សម្ដេច បានសង្កត់ធ្ងន់បែបនេះ៖ «ការរៀបចំថ្មីនេះ ត្រូវរៀបចំគន្លងយ៉ាងម៉េច ឱ្យគាត់អាចផ្លាស់ប្ដូរពេលក្រោយទៀត ឧទាហរណ៍ថ្នាក់ទី៩ទៅ គាត់អត់ទៅបន្តថ្នាក់វិទ្យាល័យយកសញ្ញាបត្រទេ គាត់ទៅសាលាបណ្ដុះបណ្ដាលជំនាញ(TVET)។ អ៊ីចឹង ត្រូវបណ្ដុះបណ្ដាលបំប៉នយ៉ាងម៉េច ដាក់បញ្ជូលកម្មវិធីសិស្សយ៉ាងម៉េច ដើម្បីឱ្យគាត់មានជំនាញមូលដ្ឋាន ចំណេះដឹងទូទៅផង ហើយគាត់អាចទទួលសញ្ញាបត្រដូចបាក់ឌុប»។

ចំពោះ​គម្រោងរៀបចំថ្មីនេះ សម្ដេច អះអាងថា បានសង្កេតឃើញ និងរៀនសូត្រពីថ្នាក់ដឹកនាំជំនាន់មុន ហើយយកមកកែសម្រួល ដើម្បីបង្កើតឱកាស ឬជម្រើស ឱ្យកាន់តែល្អប្រសើរសម្រាប់សិស្សជំនាន់ក្រោយ។ លើសពីនេះ ការរៀបចំផែនការសិស្សាខាងលើ ជាការឆ្លើយតបនឹងតម្រូវការងារនាពេលអនាគត។

កម្មវិធី បណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស (TVET) មានជំនាញច្រើន ដូចជា ជំនាញសេវាកម្មកុំព្យូទ័រ រចនាក្រាហ្វិកដោយកុំព្យូទ័រ ការកែច្នៃបន្លែនិងផ្នែឈើ ការថែទាំនិងជួសជុលទូរសព្ទដៃ ការដំណើរបណ្ដាញអគ្គិសនីក្នុងអគារ ការថែទាំនិងជួសជុលរថយន្ត ការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព ការដំឡើងបណ្ដាញបំពង់ទឹក ការធ្វើម្ហូបខ្មែរ និងការផលិតនំជាដើម។ បើតាមរបាយការណ៍ក្រោយការងារ បច្ចុប្បន្ន មានសិស្សជាង៩ម៉ឺននាក់ហើយ ដែលភាគច្រើនពីគ្រួសារក្រីក្រ បានចុះឈ្មោះចូលរៀន៕ 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី