- ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ, មន្ត្រីសុខាភិបាល, មន្ត្រីក្របខណ្ឌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី នឹងរៀបចំនៅឆ្នាំ២០២៥នេះ។ នេះបើតាមក្រសួងមុខងារសាធារណៈ។
នៅថ្ងៃទី២៥ ខែមីនា លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារតាមក្រសួង ស្ថាប័នចំនួន៤ សម្រាប់ក្របខណ្ឌឆ្នាំ២០២៥។
បើតាមក្រសួងមុខងារសាធារណៈ ការជ្រើសរើសមន្ត្រីនៃក្រសួង ស្ថាប័នទាំង៤ ដែលនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តី រួមមាន មន្ត្រីកសិកម្មឃុំ ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ត្រីសុខាភិបាល នៃក្រសួងសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ, មន្ត្រីក្របខណ្ឌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី។
តាមរយៈកិច្ចប្រជុំខាងលើ អង្គប្រជុំបានធ្វើបទបង្ហាញ និងពិភាក្សាចូលរួមមតិយោបល់លើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើស គិតចាប់ពីការរៀបចំផ្សព្វផ្សាយសេចក្តីជូនដំណឹង ការទទួលការដាក់ពាក្យចូលរួមប្រឡងប្រជែង ដំណើរការប្រឡងប្រជែងនិងកំណែវិញ្ញាសា រហូតដល់ការប្រកាសលទ្ធផលនិងបែងចែកទៅតាមអង្គភាពគោលដៅ ឱ្យស្របតាមគោលការណ៍ «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។
លើសពីនេះ ការប្រឡងនេះ នឹងអនុវត្តតាមគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»។ សូមបញ្ជាក់ថា ត្រឹមរយៈពេល១៥ខែ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការនៅក្រសួងស្ថាប័ន ចំនួន ៨ក្រសួងស្ថាប័នដែលរៀបចំចំនួន ៤២លើក និងជ្រើសរើសបានមន្រ្តីរាជការក្របខណ្ឌចំនួន ៤ ៤៤៧នាក់៕