អាម៉េរិកដាក់ក្រុមហ៊ុនចិនលើស៥០ ក្នុងបញ្ជីខ្មៅ មិនឱ្យទទួលបច្ចេកវិទ្យាពីខ្លួន
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
អាម៉េរិកដាក់ក្រុមហ៊ុនចិនលើស៥០ ក្នុងបញ្ជីខ្មៅ មិនឱ្យទទួលបច្ចេកវិទ្យាពីខ្លួន

ក្រសួងពាណិជ្ជកម្មអាម៉េរិក នៅថ្ងៃទី២៥ ខែមីនា បានដាក់បញ្ចូលក្រុមហ៊ុនចំនួន​ ៨០ ដោយក្នុងនោះលើសពី៥០ ជាក្រុមហ៊ុនចិន ទៅក្នុងបញ្ជីខ្មៅ។ ចំណាត់ការរបស់អាម៉េរិកលើកចុងក្រោយនេះ ធ្វើឡើងក្រោមហេតុផលទប់ស្កាត់ក្រុមហ៊ុនចិន មិនឱ្យទទួលបានបច្ចេកវិទ្យារបស់អាម៉េរិក ដើម្បីពង្រឹងសមត្ថភាពយោធា និងបង្កការគំរាមកំហែងដល់ជីវិតប្រជាជនរបស់ខ្លួន។

TTN-Free-Banner-In-Article-PC

ការិយាល័យឧស្សាហកម្ម និងសន្តិសុខនៃក្រសួងពាណិជ្ជកម្មអាម៉េរិក នៅថ្ងៃទី២៥ ខែមីនា បានដាក់ក្រុមហ៊ុនចំនួន ៨០ ដែលមកពីបណ្តាប្រទេសជាច្រើន ហើយក្នុងនោះក្រុមហ៊ុនចិនមានលើសពី ៥០ ទៅក្នុង «បញ្ជីអង្គការសម្រាប់សន្តិសុខជាតិ ឬក្តីបារម្ភគោលនយោបាយបរទេស»។ ក្រុមហ៊ុនអាម៉េរិកទាំងអស់ នឹងមិនអនុញ្ញាតឱ្យលក់បច្ចេកវិទ្យាទៅក្រុមហ៊ុន ដែលស្ថិតនៅក្នុងបញ្ជីនេះឡើយ លុះត្រាតែមានការអនុញ្ញាតពីរដ្ឋាភិបាល។ 

«យើងនឹងមិនអនុញ្ញាតឱ្យសត្រូវគេងចំណេញលើបច្ចេកវិទ្យាអាម៉េរិក ដើម្បីពង្រឹងសមត្ថភាពយោធា និងធ្វើឱ្យប៉ះពាល់ជីវិតប្រជាជនអាម៉េរិកឡើយ»។ លោក Howard Lutnick រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៥ ខែមីនា។

ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក្រុមហ៊ុន Inspur ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់ចិន ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ចីខ្មៅនោះដែរ។ «បញ្ជីអង្គការសម្រាប់សន្តិសុខជាតិ ឬក្តីបារម្ភគោលនយោបាយបរទេស» នឹងជួយរឹតត្បិតសមត្ថភាពចិនមួយផ្នែក ក្នុងការទទួលបានបច្ចេកវិទ្យាមួយចំនួនពាក់ព័ន្ធបញ្ញាសិប្បនិម្មិត, ការអភិវឌ្ឍសមត្ថភាពកុំព្យូទ័រកាន់តែខ្លាំង ហើយទប់សមត្ថភាពចិនលើការអភិវឌ្ឍអាវុធមានល្បឿនលឿនជាងសំឡេង។ 

ក្រោយចំណាត់ការរបស់អាម៉េរិក ចិន បានជំទាស់យ៉ាងខ្លាំង ហើយទទូចឱ្យអាម៉េរិកបញ្ឈប់ប្រើប្រធានបទយោធាជាឧបករណ៍នយោបាយ។ បើតាមស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក្នុងថ្ងៃទី២៥ មីនា ខ្លួនជំទាស់រាល់សកម្មភាពអាម៉េរិកដូចខាងលើ ហើយជំរុញឱ្យអាម៉េរិកបញ្ឈប់ប្រើបញ្ហាពាក់ព័ន្ធយោធា ដើម្បីធ្វើជានយោបាយ ឧបករណ៍ និងអាវុធ លើពាណិជ្ជកម្ម និងបច្ចេកវិទ្យា៕


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ