- ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

ដោយ៖ (RFI)ដោយ៖ហេង ឧត្តម
មហាយក្សចិន ចេញប្រតិកម្ម នៅថ្ងៃអង្គារ៍ ទី២៥មីនានេះ ថា ប្រទេសកាណាដាកំពុងតែបំផ្លិចបំផ្លាញផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួន។ ការចោទប្រកាន់យ៉ាងដូច្នេះ ធ្វើឡើងតែមួយថ្ងៃ ក្រោយពីរដ្ឋាភិបាលកាណាដាបានដាក់ពាក្យប្តឹងរដ្ឋអំណាចចិន ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក។
ចិន និង កាណាដា កំពុងតែវាយប្រហារពាណិជ្ជកម្មគ្នាទៅវិញទៅមក។ ដើមខែមីនានេះ រដ្ឋាភិបាលចិនបានប្រកាសដាក់ពន្ធគយជាទម្ងន់ ចំពោះផលិតផលកសិកម្មនិងផលនេសាទរបស់កាណាដា។ ជាក់ស្តែង រដ្ឋអំណាចចិនដំឡើងពន្ធគយ ១០០% ចំពោះសណ្តែក ប្រេង និងគ្រាប់ធញ្ញជាតិ Canola របស់កាណាដា។ គួរបញ្ជាក់ថា កាណាដា ជាប្រទេសនាំចេញប្រេងធញ្ញជាតិ Canola ដ៏ចម្បងជាងគេលើពិភពលោក ហើយ ចិន គឺជាអតិថិជនធំជាងគេរបស់កាណាដា។ គ្រឿងសមុទ្រនិងសាច់ជ្រូករបស់កាណាដា ក៏ត្រូវចិនដំឡើងពន្ធគយបន្ថែម ២៥% ដែរ។
វិធានការពន្ធគយរបស់ចិន ជាការសងសឹកចំពោះកាណាដា ដែលបានដំឡើងពន្ធគយចំពោះផលិតផលឧស្សាហកម្មរបស់ចិន។ តាំងពីឆ្នាំទៅមិញម្ល៉េះ ដែល កាណាដា ប្រកាសថា ត្រូវដំឡើងពន្ធ១០០%ចំពោះរថយន្តអគ្គិសនីដែលផលិតនៅស្រុកចិន ហើយរដ្ឋាភិបាលទីក្រុងអូតាវ៉ា ក៏ដំឡើងពន្ធ ២៥% ចំពោះដែកនិងអាលុយមីញ៉ូម ដែលនាំចូលពីស្រុកចិន។
ជាការវាយបកវិញ ក្នុងសប្តាហ៍មុននេះ រដ្ឋាភិបាលកាណាដាបានសម្រេចដាក់ពាក្យប្តឹងចិន នៅថ្ងៃទី២០មីនា ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីសើរើមើលនីតិវិធីបទដ្ឋានពាណិជ្ជកម្មអន្តរជាតិ ពាក់ព័ន្ធនឹងការដំឡើងពន្ធក្នុងវិស័យកសិកម្មនិងផលនេសាទ។ ក្នុងបណ្តឹងនោះ កាណាដាចោទប្រកាន់ថារដ្ឋអំណាចចិនបានរំលោភវិធានការដោះស្រាយវិវាទពាណិជ្ជកម្មពិភពលោក និងបំពានអត្រាពន្ធគយនៃកិច្ចព្រមព្រៀង ឆ្នាំ១៩៩៤។
រដ្ឋអំណាចចិនបានប្រតិកម្មខ្លាំងទៅវិញថា កាណាដាកំពុងតែបំផ្លាញខ្លួនឯងហើយ។ នេះបើតាម អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ដោយបានអំពាវនាវឲ្យកាណាដាត្រឡប់ទៅមើលការអនុវត្តឆ្គាំឆ្គងរបស់ខ្លួននិងកែប្រែកំហុស ហើយវិលត្រឡប់មកចាប់ដៃសហការរកស៊ីជាមួយគ្នាជាថ្មី។
ជម្លោះអរិភាពរវាងចិននិងកាណាដា ផ្ទុះឡើងខ្លាំងនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីអាជ្ញាធរចិនបានប្រហារជីវិតពលរដ្ឋកាណាដា ៤ នាក់ ផ្ទួនៗគ្នា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន។ ដំណឹងប្រហារជីវិតពលរដ្ឋកាណាដាទាំង៤នាក់នោះ បានត្រូវ លោកស្រី Melanie Joly រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា ប្រកាសបញ្ជាក់ នៅថ្ងៃទី ១៩ មីនា។
តាំងពីឆ្នាំ២០១៨មក ទំនាក់ទំនងចិននិងកាណាដាធ្លាក់ចុះដុនដាបខ្លាំង ព្រោះតែកាណាដាបានចាប់ឃុំខ្លួនលោកស្រី Meng Wanzhou អគ្គនាយិកាហិរញ្ញវត្ថុក្រុមហ៊ុន Huawei ហើយជាការសងសឹក រដ្ឋអំណាចចិនប៉េកាំង ចាប់ឃុំខ្លួនពលរដ្ឋកាណាដា ២ នាក់វិញដែរ៕