ក្រុមហ៊ុនជប៉ុន ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទី៤០០តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
ក្រុមហ៊ុនជប៉ុន ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទី៤០០តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន MIRARTH Agri Tech Co.,Ltd បានចុះកិច្ចសន្យាប្រមូលទិញគ្រាប់ស្វាយចន្ទី៤០០តោន ពីសហគមន៍​កសិកម្ម​ទំនើបប្រាសាទ​សំបូរ​រុងរឿង, សហគមន៍កសិកម្មទំនើបសាលា​វិស័យកំពង់ធំ និង​សហគមន៍​​កសិកម្ម​​ទំនើបទំរីង ស្ថិតនៅខេត្តកំពង់ធំ។

TTN-Free-Banner-In-Article-PC

កិច្ចសន្យានេះ មានទំហំគិតជាទឹកប្រាក់ប្រមាណ ៦៥ម៉ឺនដុល្លារ។ នេះ​គឺជា​លើក​ទីមួយហើយ ដែលសហគមន៍កសិកម្មទំនើប សម្រាប់ដំណាំ​ស្វាយ​ចន្ទីទាំង៣ បានសហការគ្នាលក់គ្រាប់ស្វាយចន្ទី តាមរយៈការចុះ​កិច្ចសន្យាទុកជាមុន ក្នុងតម្លៃថេរមួយសម្រាប់រដូវកាល​ប្រមូល​ផលដំបូងរបស់ពួកគេ។ បរិមាណគ្រាប់ស្វាយចន្ទី​ដែល​បានចុះកិច្ចសន្យានេះ មានចំនួនប្រហាក់ប្រហែល​នឹង២០ភាគរយ នៃ​បរិមាណ​ផលសរុបរបស់សហគមន៍ ទាំង៣គ្រោង​នឹងផលិត​បាន​ក្នុង​ឆ្នាំ២០២៥នេះ។ 

ក្នុងពិធីចុះហត្ថលេខា នៅថ្ងៃទី២៦ ខែមីនា លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខា​ធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាសម្រាប់សហគមន៍កសិកម្មទំនើប គឺដើម្បីការពារសមាជិកទាំងអស់ពីហានិភ័យ​ទីផ្សារនៃ​ការ​ប្រែប្រួលថ្លៃលើសពីការរំពឹងទុក។ 

ជាមួយគ្នានេះ លោកបាន​ណែនាំ​​ឱ្យនាយកដ្ឋានកសិឧស្សាហកម្ម និងសហគមន៍ផ្ទាល់ បន្តចុះកិច្ច​សន្យា​លក់គ្រាប់ស្វាយចន្ទីបន្ថែមទៀត រហូតដល់ចប់រដូវប្រមូលផល ព្រម​ទាំង​​​ពិចារ​ណាស្តុកទុកក្នុងកម្រិតណាមួយ សម្រាប់ការលក់ជា​គ្រាប់ស្ងួត​ផង​ដែរ។ សម្រាប់ រដូវកាលបន្ទាប់ សហគមន៍គួរត្រៀមធ្វើ​កិច្ច​សន្យា​ជាមួយក្រុមហ៊ុនទទួលទិញពីដើមរដូវទុកឱ្យហើយ​។ 

នៅឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាមចំនួន ៧៩៣ ៤៥៣តោន ដែលគិតជាទឹកប្រាក់ ១១ ៥០លានដុល្លារ។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា៕


អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា