- ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:៣៩ នាទី រសៀល

ភ្លើងឆេះព្រៃទូទាំងប្រទេសមានជាង៦៤៧ករណី ក្នុងនោះខេត្តស្ទឹងត្រែង និងរតនគិរី កើតឡើងច្រើនជាងគេរហូតដល់២០២ករណី។ នេះបើតាមទិន្ន័យរបស់ក្រសួងបរិស្ថាន ដោយគិតចាប់ពីថ្ងៃទី២០ ដល់២៦ ខែមីនា។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នាថ្ងៃទី២៧ ខែមីនានេះថា ចំនួនភ្លើងឆេះព្រៃនេះ ត្រូវបានមន្រ្តីជំនាញក្រសួងបរិស្ថានរាប់តាមផ្កាយរណប និងផ្ទៀងផ្ទាត់ជាមួយការឆេះជាក់ស្ដែងនៅតាមទីវាល ក៏ដូចជាតំបន់ការពារធម្មជាតិនានា។
ទិន្ន័យឆេះព្រៃនេះ បង្កឡើងពីកត្តាធម្មជាតិ មិនមែនដោយសារមនុស្សដុតនោះទេ។ ទោះយ៉ាងណា កន្លងទៅ ក៏មានករណីខ្លះ កើតចេញពីការដុតរបស់មនុស្សផងដែរ ប៉ុន្តែ មកទល់ពេលនេះ ក្រសួងមិនទាន់រកឃើញអ្នកប្រព្រឹត្ត ដើម្បីផ្តន្ទាទោសនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ លោក ខ្វៃ អាទិត្យា ដោយបន្ថែមបែបនេះថា៖«មិនមានការឃាត់ខ្លួននោះទេ ចំពោះករណីឆេះព្រៃនេះ ព្រោះថា វាឆេះដោយកត្តាធម្មជាតិ។ ករណីខ្លះ ក៏យើងឃើញមានឆេះដោយសារការដុតដែរ ដូច្នេះ យើងមានតែពង្រឹងការណែនាំ តែបើសិនជារកឃើញអ្នកប្រព្រឹត្តិ ក្រសួងនឹងអនុវត្តតាមច្បាប់»។
កម្ពុជា និងពិភពលោក កំពុងរងការគំរាមកំហែងពីការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ដែលអាចបង្កជាជំងឺ និងផលប៉ះពាល់ផ្នែកសុខភាពផ្សេងៗ ទៅលើមនុស្សតាមរយៈផ្លូវដង្ហើម។ កំហាប់នេះ កើតចេញពីការដុតគល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់ប្លាស្ទិក និងកម្ទេចនៃចំហេះឥន្ធនៈជាដើម។
ចំពោះមុខ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធ ជាពិសេសសាធារណជន បន្តចូលរួមអនុវត្តវិធានតាមការណែនាំ របស់សារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏ព្រមានចាត់ការតាមផ្លូវច្បាប់លើជនដែលបង្កឱ្យមានភ្លើងឆេះព្រៃដែរ ដោយក្នុងនោះ អ្នកធ្វេសប្រហែសឱ្យមានភ្លើងឆេះព្រៃ ត្រូវប្រឈមនឹងការផ្តន្ទាទោសពន្ធនាគារពី១ខែ ដល់១ឆ្នាំ ឯអ្នកមានចេតនាធ្វើឱ្យភ្លើងឆេះ ប្រឈមនឹងការជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។
