តុលាការភ្នំពេញ សម្រេចឃុំខ្លួនអ្នកផ្គត់ផ្គង់សាច់ស្រស់ម្នាក់ ពាក់ព័ន្ធឆបោកគេតាមអនឡាញ
  • ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:២៩ នាទី រសៀល
តុលាការភ្នំពេញ សម្រេចឃុំខ្លួនអ្នកផ្គត់ផ្គង់សាច់ស្រស់ម្នាក់ ពាក់ព័ន្ធឆបោកគេតាមអនឡាញ
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន។ រូបពី នាយកដ្ឋាននរបាលទេសចរណ៍

ភ្នំពេញ៖ លោក ជុំ សង្វា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកា បង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន លើបុរសផ្គត់ផ្គង់សាច់ស្រស់ម្នាក់ ក្នុងមណ្ឌលអប់រំកែប្រែទី១(ម១) ។ ការសម្រេចបែបនេះ ក៏ព្រោះតែបុរសម្នាក់នោះ ប្រើប្រាស់គណនីក្លែងក្លាយ ដើម្បីឆបោកអតិថិជនពាក់ព័ន្ធ។

TTN-Free-Banner-In-Article-PC

ជនសង្ស័យខាងលើ គឺជាប់ពាក់ព័ន្ធពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា។ នេះបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់តុលាការភ្នំពេញ ចេញថ្ងៃទី២៧ ខែមីនា ដែលនៅក្នុងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ អំពើឆបោក ប្រឈមនឹងការផ្តន្ទាទោស ៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១មួយលាន ទៅ៦លានរៀល។

ករណីនេះ ចៅក្រមស៊ើបសួរ បានបង្គាប់យ៉ាងដូច្នេះ៖ «ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួលនិងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ»។ ជនសង្ស័យរូបនេះ មានកម្រិតវប្បធម៌អនុបណ្ឌិត ដែលមានទីកន្លែងកំណើតនៅឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ហើយទីលំនៅមុនពេលឃាត់ខ្លួន គឺនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

កាលពីថ្ងៃទី២៣ ខែមីនា សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ បានស្រាវជ្រាវរកឃើញជនសង្ស័យ និងឈានដល់ការឃាត់ខ្លួន។ ជនសង្ស័យប្រើទំព័រហ្វេសប៊ុកជាច្រើន ដែលមានឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា, CAM-Growth Agri-Services Company, សេវាកម្មផ្គត់ផ្គង់មាន់ និងទាសាច់ គ្រប់ប្រភេទ, សេវាកម្មទិញលក់មាន់ស្រែកម្ពុជា, សេវាកម្មទិញលក់មាន់គ្រប់ប្រភេទ រួមទាំងមានគណនីហ្វេសប៊ុក Ratha Kim, Ratha Kim (ដង្ខៅ កសិកម្ម), ពាយ័ព្យដេប៉ូបោះដុំជ្រូកកណ្តុរ, សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ មាន់ស្រែកម្ពុជា ជាដើម។ សមត្ថកិច្ច អះអាងថា នៅមានគណនី ក្លែងក្លាយជាច្រើនទៀត ព្រមទាំងបណ្តាញសង្គមផ្សេងទៀត ដែលជនសង្ស័យ បង្កើតឡើង ដើម្បីឆបោកលុយពីជនជាតិបរទេស និងប្រជាពលរដ្ឋខ្មែរ។

អត្ថបទទាក់ទង
 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី