រដ្ឋមន្រ្តីបរិស្ថាន៖ ក្រសួងមិនបានបិទបាំងព័ត៌មានគុណភាពខ្យល់ទេ
  • ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី ព្រឹក
រដ្ឋមន្រ្តីបរិស្ថាន៖ ក្រសួងមិនបានបិទបាំងព័ត៌មានគុណភាពខ្យល់ទេ
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នៅថ្ងៃទី២៧ ខែមីនា។ រូបភាព៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ «ក្រសួងមិនបានបិទបាំងព័ត៌មានស្ដីពីគុណភាពខ្យល់នៅកម្ពុជាទេ ហើយក៏មិនអនុញ្ញាតឱ្យពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដោយសារខ្យល់ពុលដែរ។»។ នេះជាការអះអាងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយស្នើឱ្យពលរដ្ឋជឿជាក់លើព័ត៌មាន ដែលចេញពីក្រសួងបរិស្ថាន។

TTN-Free-Banner-In-Article-PC

ក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នៅថ្ងៃទី២៧ ខែមីនា លោក អ៊ាង សុផល្លែត បានផ្ដល់បទសម្ភាសជាមួយអ្នក​សារព័ត៌មានថា បច្ចុប្បន្ន ការផ្សព្វផ្សាយព័ត៌មានអំពី «គុណភាពខ្យល់នៅកម្ពុជា» ​មានច្រើនប្រភព ហើយខ្លះទុកចិត្តបាន និងខ្លះមិនច្បាស់លាស់។

ដោយឡែក វេបសាយ IQAir ដែលផ្សព្វផ្សាយថា កម្ពុជាមានខ្យល់ពុល, ត្រូវបាន លោក អ៊ាង សុផល្លែត ចោទជាសំណួរថា តើ វេបសាយមួយនេះ មានឧបករណ៍តាមដានគុណភាពខ្យល់នៅកម្ពុជាប៉ុន្មានកន្លែង? បើគ្មានទេ លោកសូមឱ្យពលរដ្ឋជឿជាក់ព័ត៌មានចេញក្រសួងបរិស្ថានវិញ ដែលមានឧបករណ៍តាមដានគុណភាពខ្យល់គ្រប់ខេត្ត-ក្រុង ថែមទាំងបានចាក់ផ្សាយបន្តផ្ទាល់ ដោយគ្មានការលាក់បាំងអ្វីទាំងអស់។

រដ្ឋមន្រ្តី ថ្លែងយ៉ាងដូច្នេះថា៖«ព័ត៌មានទាក់ទងខ្យល់ពុល មានប្រភពច្រើន ហើយប្រភពខ្លះច្បាស់លាស់ និងខ្លះមិនច្បាស់។ ប្រភពចេញពី IQAir ដែលបានផ្សព្វផ្សាយថា នៅកម្ពុជាមានខ្យល់ពុល, ខ្ញុំសួរថា គាត់ (IQAir) មានឧបករណ៍តាមដានគុណភាពខ្យល់នៅកម្ពុជាប៉ុន្មានកន្លែង? បើគាត់មានគ្រប់ខេត្តទទួលស្គាល់ព័ត៌មានពីគាត់ចុះ ប៉ុន្តែបើគាត់មិនមានទេ សូមទទួលយកប្រភពពីក្រសួងបរិស្ថានវិញ ព្រោះយើងមានឧបករណ៍តាមដានគ្រប់ខេត្តក្រុង ហើយបានដាក់ផ្សាយបន្តផ្ទាល់ អត់មានលាក់បាំងទេ។»។

លោក អ៊ាង សុផល្លែត បានប្ដេជ្ញាមិនឱ្យពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដោយសារខ្យល់ពុលនោះទេ។ ទន្ទឹមនេះ លោក ក៏មិនអនុញ្ញាតឱ្យព័ត៌មានណាមួយយករឿងនេះ ដើម្បីទាញផលចំណេញនោះដែរ។

លោក ថ្លែងដូច្នេះថា៖« មិនអនុញ្ញាតឱ្យពលរដ្ឋយើងគ្រោះថ្នាក់ដោយសារខ្យល់ពុលទេ។ ទន្ទឹមនឹង យើងក៏មិនអនុញ្ញាតឱ្យគេបំពុលបរិស្ថាននៃខ្យល់កម្ពុជា ដើម្បីទាញយកផលចំណេញដែរ។ យ៉ាងណា សុំតែផ្ដល់ព័ត៌មានពិតមក ព្រោះប្រជាជនត្រូវការព័ត៌មានពិត ដើម្បីទប់ស្កាត់កុំឱ្យប៉ះពាល់សុខភាពពួកគាត់។ ទាំងនេះហើយដែលក្រសួងបរិស្ថា​ន កំពុងតែផ្ដល់ជូនពលរដ្ឋ។»។

ក្រសួងបរិស្ថាន បានលើកទឹកចិត្តពលរដ្ឋទាំងអស់ តាមដានគុណភាពខ្យល់ប្រចាំថ្ងៃ តាមរយៈវេបសាយរបស់ក្រសួងបរិស្ថានគឺ www.airquality.moe.gov.kh  និងប្រព័ន្ធ APPឈ្មោះ CGS SPA ដែលធ្វើបច្ចុប្បន្នភាពរៀងរាល់ ១ម៉ោងម្តង៕

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា