- ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:២៩ នាទី ព្រឹក

សហរដ្ឋអាម៉េរិក បានទទួលអដ្ឋិធាតុសមាជិកកងទ័ពអាម៉េរិក ដែលបានរងគ្រោះក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ និងបាត់ខ្លួននៅខេត្តរតនគិរី កាលពី៥៥ឆ្នាំមុន ក្នុងសម័យសង្គ្រាមវៀតណាម។ ពិធីត្រូវបានរៀបចំកាលពីថ្ងៃទី២៧ ខែមីនា នៅស្ថានទូតអាម៉េរិក ក្រោមវត្តមាន លោក សៀង ឡាប្រេស អនុប្រធាននៃគណៈកម្មាធិការកម្ពុជា ទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម និងលោកស្រី Bridgette Walker ភារធារីនៃស្ថានទូតអាម៉េរិកនៅភ្នំពេញ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិក អង្គភាពទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DPAA) សង្ឃឹមថា អដ្ឋិធាតុ ដែលត្រូវបានរកឃើញ នឹងនាំឱ្យគេអាចកំណត់អត្តសញ្ញាណ នៃសមាជិកកងទ័ពពីររូបដែលបានបាត់ខ្លួន និងផ្តល់ជាចម្លើយចុងក្រោយដល់គ្រួសាររបស់ពួកគេ។
បើគិតចាប់តាំងពីឆ្នាំ២០១៥ មក នេះគឺជាពិធីប្រគល់អដិ្ឋធាតុដំបូង នៅកម្ពុជា ហើយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើស្ថានភាពនៃការធ្លាក់យន្តហោះ និងទីតាំងបាត់ខ្លួននៃសមាជិកកងទ័ពទាំងពីរនាក់នោះ។
ស្ថានទូតអាម៉េរិកបញ្ជាក់ថា អដ្ឋិធាតុ ដែលបានរកឃើញ នឹងត្រូវបានដឹកយកទៅមន្ទីរពិសោធន៍របស់ DPAA នៅទីក្រុង Honolulu ដើម្បីគេធ្វើការវិភាគបន្ថែម នៅក្នុងមន្ទីរពិសោធន៍ដ៏ទំនើបរបស់ DPAA។
ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីភាគីកម្ពុជា DPAA បានធ្វើសកម្មភាពរុករកសមាជិកនៃកងទ័ពសហរដ្ឋអាម៉េរិកចំនួន ៤៨ នាក់ដែលនៅស្ថិតក្នុងបញ្ជីបាត់ខ្លួននៅឡើយ នៅកម្ពុជា។ នៅលើពិភពលោក អង្គភាព DPAA ធ្វើការស៊ើបអង្កេត និងរុករកជាប្រចាំ ដោយផ្តល់ការគាំទ្រដល់ការខិតខំក្នុងការរុករកយុទ្ធជនអាមេរិកចំនួនជាង ៨២ ០០០នាក់ដែលនៅបាត់ខ្លួននៅឡើយ នៅក្នុងសង្គ្រាម ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក៕
អ្នកសរសេរអត្ថបទ
