ក្រសួង​អប់រំ នឹង​ផ្ដល់ប្រាក់​ឧបត្ថម្ភសម្រាប់គាំទ្រការស្រាវជ្រាវប្រតិបត្តិខ្នាតតូច ដល់​គ្រូបង្រៀន និងគ្រូឧទ្ទេស
  • ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:០០ នាទី ព្រឹក
ក្រសួង​អប់រំ នឹង​ផ្ដល់ប្រាក់​ឧបត្ថម្ភសម្រាប់គាំទ្រការស្រាវជ្រាវប្រតិបត្តិខ្នាតតូច ដល់​គ្រូបង្រៀន និងគ្រូឧទ្ទេស
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា។ រូបភាពពី MOEYS

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៩០០ដុល្លារ សម្រាប់គាំទ្រការស្រាវជ្រាវប្រតិបត្តិខ្នាតតូច ដល់​បុគ្គលិកអប់រំ គ្រូបង្រៀន និងគ្រូឧទ្ទេស។ បើតាម​ក្រសួង​អប់រំ បុគ្គលិកអប់រំ គ្រូបង្រៀន និងគ្រូឧទ្ទេស អាច​ស្រាវជ្រាវ​ជា​បុគ្គល ឬជាក្រុម ដែលមាន​សមាជិក​៤នាក់ ក្នុង​មួយ​ក្រុម។​

TTN-Free-Banner-In-Article-PC

ការ​ផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់គាំទ្រការស្រាវជ្រាវប្រតិបត្តិខ្នាតតូច ធ្វើឡើង​ក្នុង​គោល​បំណង​ចូលរួមលើកស្ទួយវប្បធម៌ស្រាវជ្រាវ និងលើកកម្ពស់សមត្ថភាពរៀបចំ និងអនុវត្តការស្រាវជ្រាវប្រតិបត្តិ (Action Research) របស់គ្រូឧទ្ទេស និង​បុគ្គលិក​អប់រំ។ ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជាក់ថា ការ​ផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់គាំទ្រការស្រាវជ្រាវប្រតិបត្តិខ្នាតតូចនេះ ជា​គម្រោង​របស់​កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា ដំណាក់កាលទី២ (STEPCam II)។

ក្រសួងអប់រំ នឹងផ្តល់ការឧបត្ថម្ភថវិកាសម្រាប់គាំទ្រការស្រាវជ្រាវប្រតិបត្តិខ្នាតតូច មានរយៈពេល ៣-៤ ខែ និងមានថវិកា ៩០០ ដុល្លារ។ បុគ្គលិកអប់រំ គ្រូបង្រៀន និងគ្រូឧទ្ទេស អាចដាក់ស្នើសុំថវិកាជាលក្ខណៈបុគ្គល ឬជាក្រុម ដែល​មាន​សមាជិក ៤នាក់ ក្នុងមួយក្រុម។

ដោយ​ឡែក​ប្រធាន​បទ​សម្រាប់​ការ​ស្រាវជ្រាវ​រួមមាន ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពនៅកម្រិតសាលារៀន, វិធីសាស្ត្របង្រៀនជួយលើកកម្ពស់ការសិក្សាសិស្ស, ការអប់រំឌីជីថល, ការអប់រំបរិយាបន្ន (សមធម៌ យេនឌ័រ ពិការភាព),  ការអប់រំឬការបណ្តុះបណ្តាលគ្រូបង្រៀន និង​ការវាយតម្លៃការសិក្សារបស់សិស្សប្រកបដោយនវានុវត្តន៍។

សម្រាប់​​បុគ្គលិកអប់រំ គ្រូបង្រៀន និងគ្រូឧទ្ទេស ដាក់ស្នើមកនាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡា រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ឬអាចដាក់ផ្ញើសំណើ ស្រាវជ្រាវជាទម្រង់Soft copyតាមរយៈអ៊ីម៉ែល៖ [email protected] ឬលេខទូរស័ព្ទ ០១២ ៧២១ ០៩៣៕


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ