ហេតុអ្វីមានរញ្ជួយដី?
  • ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:២៩ នាទី ល្ងាច
ហេតុអ្វីមានរញ្ជួយដី?

តំបន់​ដែល​សម្បូរ​ទៅដោយ​សកម្មភាព​ភ្នំភ្លើង និង​រញ្ជួយ​ដី​ ​ត្រូវបាន​អ្នកជំនាញ​ខាង​ធរណីវិទ្យា​ដាក់ឈ្មោះថា «​ខ្សែរ​ក្រវ៉ាត់​ភ្នំភ្លើង​» ឬ​ភាសា​អង់គ្លេស​ហៅថា The Ring of Fire។ តំបន់​ដែល​ត្រូវ​យកមក​ពន្យល់​នេះ​មាន​ប្រវែង​ប្រមាណ​៤០០០០​គីឡូម៉ែត្រ​និង​ផ្ទុក​ភ្នំភ្លើង​ចំនួន​៤៥០​ភ្នំភ្លើង​។ ប៉ុន្តែ​មុននឹង​ចូលទៅ​ដល់​ការ​ពន្យល់ថា តើ​ខ្សែរ​ក្រវ៉ាត់​ភ្នំភ្លើង​មានន័យ​ដូចម្តេច អ្នក​គួរ​យល់​ពី​ពាក្យ​ថា «​ផ្លាក​តិច​តូ​និ​ច​» ឬ Techtonic Plate ជាមុនសិន​។

TTN-Free-Banner-In-Article-PC

​ផ្លាក​តិច​តូ​និ​ច​ជា​ផ្ទាំង​ដី​ធំៗ​មាន​ទំហំ​រាប់ម៉ឺន​គីឡូម៉ែត្រ​ការ៉េ លាភ​សន្ធឹង​លើ​ទឹកដី​ប្រទេស​ជាច្រើន​។ ហើយ​ផ្លាក​តិច​តូ​និ​ច​ទាំងនេះ​ជា​ស្រទាប់​ក្រៅ​បង្អស់​របស់​ផែនដី​។ នៅពេលដែល​ផ្លាក​តិច​តូ​និ​ច​ពី​ឬ​ច្រើន​កកិត​ប៉ះគ្នា ពេលនោះ​ហើយ​ទើប​សកម្មភាព​រញ្ជួយ​ដី​និង​ប​ន្ទុះ​ភ្នំភ្លើង​កើតឡើង​។

ការ​កកិត​រវាង​ផ្លាក​ទាំងពីរ​មិនមែន​ប្រ​ព្រិ​ត្តិ​ទៅក្នុង​រយៈពេល​ឆាប់រហ័ស​នោះទេ​។ រញ្ជួយ​ដី​ខ្លះ​ត្រូវការ​ការ​កកិត​រវាង​ផ្លាក​ពីរ​អស់​រយៈពេល​រាប់ពាន់​ឬ​ពេលខ្លះទៀត​រាប់ម៉ឺន​ឆ្នាំ​ដើម្បី​កើតឡើង​។​

​ចំណែកឯ​រលក​យក្ស​ស៊ូណាមិ​ដែល​មនុស្ស​ភាគច្រើន​បានដឹង​គឺជា​លទ្ធផល​នៃ​ការរញ្ជួយ​ដី​ក្រោម​សមុទ្រ​។ កម្លាំង​ដែល​ផ្លាក​តិច​តូ​និ​ច​ទាំងនោះ​ប​ញ្ជេ​ញ​ពេល​កកិត​មាន​ទំហំ​ធំ​ណាស់ រហូតដល់​អាច​រុញ​ទឹកសមុទ្រ​រាប់លាន​តោន​ឲ្យ​មក​មាន​វត្ត​មាននៅ​លើគោក​បាន​។ 

នេះ​បានន័យថា ខ្សែរ​ក្រវ៉ាត់​ភ្នំភ្លើង​ដែល​រៀបរាប់​ខាងលើនេះ​គឺជា​ចន្លោះ​ឬ​ពំនុះ​ចែក​រវាង​ផ្លាក​របស់​សមុទ្រ​ប៉ាស៊ីហ្វិក​និង​ផ្លាក​របស់​ទ្វីប​ដទៃៗ​ទៀត ដូចជា​ទ្វីបអាស៊ី ទ្វីប​អា​មេ​រីក​ខាងជើង និង​ទ្វីប​អា​មេ​រីក​ខាងត្បូង​ជាដើម​។ ប្រទេស​ដែល​នៅតាម​ប​ណ្តោ​យ​តំបន់​ទាំងនោះ ដូចជា ឥណ្ឌូណេស៊ី តៃវ៉ាន់ ជប៉ុន ឆ្នេរ​ខាងលិច​សហរដ្ឋអាមេរិក និង​ស៊ី​លី ជាដើម​ឧស្សាហ៍​ជួបប្រទះ​គ្រោះរ​ញ្ជូ​យ​ដី​ និង​ប​ន្ទុះ​ភ្នំភ្លើង​ជា​ញឹកញាប់​៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គី ចំណា